ជាតិ
សង្គមជាតិ
លោក ហ៊ុយ យ៉ា​ឡេង បង្កើត​កម្មវិធី​១​ម៉ោង​ដើម្បី​សង្គមជាតិ សម្រាប់​ជួយ​អ្នក​ខ្វះខាត ក្នុង​វិបត្តិ​កូ​វីដ​-១៩
08, Dec 2020 , 11:31 am        
រូបភាព
លោក ហ៊ុយ យ៉ាឡេង រាប់ពីស្ដាំទី២(រូបពីហ្វេសប៊ុកកថាជ័យ)
លោក ហ៊ុយ យ៉ាឡេង រាប់ពីស្ដាំទី២(រូបពីហ្វេសប៊ុកកថាជ័យ)
​ភ្នំពេញ​៖ ជា​ស្ថាបនិក​កម្មវិធី​១​ម៉ោង​ដើម្បី​សង្គមជាតិ លោក ហ៊ុយ យ៉ា​ឡេង បង្កើត​ក្រុម​មួយ​នេះ​ឡើង ដើម្បី​ផ្ដល់ឱកាស​ឱ្យ​អ្នក​ស្រឡាញ់​វិស័យ​សិល្បៈ អាច​ចាប់យក​បទពិសោធន៍​ក្នុង​បរិបទ​នេះ​។ អះអាង​ប្រាប់​សារព័ត៌មាន​ថ្មីៗ លោក យ៉ា​ឡេង ថា កម្មវិធី​១​ម៉ោង​ដើម្បី​សង្គម គឺមាន​គោលបំណង​ជួយ​អ្នក​ខ្វះខាត​ក្នុងសម័យ​កូ​វីដ​-១៩ ក៏ដូចជា​ការអប់រំ និង​ផ្សព្វផ្សាយ​ពី​បញ្ហា​ជំងឺ​កាច​សាហាវ​នេះ​ផង​។​


​ឆ្លើយ​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ លោក ហ៊ុយ យ៉ា​ឡេង ដែលជា​ម្ចាស់​ផលិតកម្ម​មាតុ​ចក្រ អះអាងថា ការបង្កើត​កម្មវិធី​១​ម៉ោង​ដើម្បី​សង្គមជាតិ ព្រោះ​មាន​ហេតុ​នៅ​ពីក្រោយ​។ នោះ​ក៏​ព្រោះតែ​កូ​វីដ​-១៩ ផ្ទុះឡើង​ម្ដង​ហើយ​ម្ដងទៀត ធ្វើឱ្យ​ពលរដ្ឋ​ជួប​បញ្ហាលំបាក ក៏ដូចជា​ភាពយន្ត​របស់លោក​ត្រូវ​ផ្អាក​ការ​បញ្ចាំង​ក្នុង​រោងកុន​ជាច្រើនលើក​ច្រើនសារ​។ 
 
​លោក ហ៊ុយ យ៉ាង​ឡេង ពន្យល់​បន្ថែម​៖«​ខ្ញុំ​មាន​មិត្ត​ម្នាក់ គាត់​ប្រាប់​ខ្ញុំ​ថា​យើង​គួរតែ​ចាប់ផ្ដើម​ជួយ​សង្គម​។ តែ​ខ្ញុំ​ប្រាប់​គាត់​ថា ចាំ​ខ្ញុំ​មាន​ប្រា​ក់សិន ចាំ​ខ្ញុំ​មាន​ពេល​សិន​។ គាត់​ប្រាប់​ខ្ញុំ​ថា​យើង​មាន​ពេល​មួយ​សប្ដាហ៍​ធ្វើការ​ដើម្បី​ខ្លួនឯង​និង​គ្រួសារ ប៉ុន្តែ​យើង​មិនមាន​ពេល​សូម្បី​តែមួយ​ម៉ោង ក្នុង​មួយ​សប្ដាហ៍ ដើម្បី​ជួយ​សង្គម​។ រហូតមក​ដល់ពេល​មាន​កូ​វីដ​១៩​នេះ វា​បាន​បង្រៀន​ខ្ញុំ​ថា ខ្ញុំ​ត្រូវតែ​ចាប់ផ្ដើម​ជួយ​សង្គម​។ យើង​មិនដឹងថា​ថ្ងៃមុខ​មាន​អ្វី​កើតឡើង​ទៀត​ទេ ហើយ​យើង​ក៏​មិនដឹងថា ជីវិត​យើង​នៅបាន​ដល់​ពេលណា​ដែរ​»​។ 
 
​គិត​ត្រឹម​ថ្ងៃទី​៧​ខែធ្នូ ឆ្នាំ​២០២០ កម្មវិធី​១​ម៉ោង​ដើម្បី​សង្គមជាតិ មាន​អ្នកស្ម័គ្រចិត្ត​ប្រមាណ​ជា​៥០​នាក់ ចំណែក​ថវិកា​ដែល​រៃអង្គាស​ពី​សាធារណជន បាន​ប្រមាណ​២​រយ​ដុល្លារ​អាមេរិក​។ ១​ម៉ោង​ដើម្បី​សង្គម មាន​គោលដៅ​២​សំខាន់ៗ គឺ​ការផ្ដល់​អំណោយ​ដល់​ជន​ខ្វះខាត និង​ការផលិត​វីដេអូ​អប់រំ​សង្គម​។ ចាប់ផ្ដើម​ដំណើរការ​កម្មវិធី​នេះ តាំងពី​ប្រមាណ​៣​សប្ដាហ៍​មុន លោក ហ៊ុយ យ៉ា​ឡេង ផលិត​បាន​វីដេអូ​អប់រំ ចំនួន​៦​រឿង​ហើយ ដែល​ស្ដីពី បញ្ហា​ចរាចរណ៍​តាម​ដងផ្លូវ ការ​ឆបោក និង​បញ្ហា​ផ្សែង​បារី​ជាដើម​។​
 
​ខណៈពេល​មិនទាន់មាន​ការជួយឧបត្ថម្ភ​ច្រើន ផលិតករ​រឿង “​ដើម្បី​កូន​” រូបនេះ បាន​ចំណាយ​ប្រាក់​ពី​ហោប៉ៅ​ខ្លួន​ប្រមាណ​២​ពាន់​ដុល្លារ​មកហើយ ដើម្បី​ដំណើរការ​កម្មវិធី​១​ម៉ោង​ដើម្បី​សង្គម​នេះ​។ ទោះជា​យ៉ាងណា លោក​អះអាងថា ពេលនេះ​លោក​កំពុង​ស្វែងរក​ក្រុមហ៊ុន​ធំៗ​ដើម្បី​សហការ​ផលិត​ស្ព​ត​អប់រំ​ខ្លី ដែលមាន​កម្រិត​គុណភាព​ខ្ពស់ ក្រោយពី​មាន​ក្រុមហ៊ុន​មួយ​បាន​ចាប់អារម្មណ៍ និង​យល់ព្រម​សហ​ការណ៍​ជាមួយ​លោក​ហើយ​។​
 
​ស្របពេល​គ្នា​នេះ ១​ម៉ោង​ដើម្បី​សង្គមជាតិ ក៏មាន​សមាគម​រួមគ្នា​អភិវឌ្ឍន៍​ដើម្បី​សន្តិភាព ចូលរួម​ជួយ​ទាំង​កម្លាំង​និង​ថវិកា​ដែរ ដែល​ធ្វើឱ្យ លោក ហ៊ុយ យ៉ា​ឡេង មាន​ក្ដីសង្ឃឹម​មាំ​ថា កម្មវិធី​នេះ​អាច​ដំណើរការ​យូរអង្វែង​ទៅមុខទៀត​។​
 
​ដំណើរ​ការថត​វីដេអូ​ខ្លី ក៏ដូចជា​ការងារ​ផ្សេងទៀត​ក្នុង​កម្មវិធី ដែល​ធ្វើ​នៅ​ថ្ងៃ​សៅរ៍​នោះ លោក ហ៊ុយ យ៉ាង​ឡេង អះអាងថា​លោក​ព្យាយាម​ពិនិត្យមើល​អ្នកស្ម័គ្រចិត្ត ដែលមាន​ទេពកោសល្យ លោក​នឹង​ខំ​ជំរុញ​បន្ថែម​។ ហើយ​អ្នកស្ម័គ្រចិត្ត ក៏មាន​ឱកាស​ទទួលបាន​ការងារ​មាន​ប្រាក់ខែ​ដែរ​។ ក្នុងចំណោម​អ្នកស្ម័គ្រចិត្ត​ទាំង​៥០​រូប ពួកគេ​នឹងមាន​ឱកាស​បាន​សម្ដែង​គ្រប់ៗ​គ្នា​៕
 
 
 

Tag:
 សិល្បៈ​
  សង្គម​
  ហ៊ុយ យ៉ា​ឡេង​
  ភាពយន្ត​
  វីដេអូ​អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com