សង្គមអន្តរជាតិ​
អន្តរជាតិ
​វ៉ាក់សាំង​កូ​វីដ​-១៩ អ្វីខ្លះ ដែលមាន​ប្រជាប្រិយភាព​សម្រាប់​ទីផ្សារ​ពិភពលោក​?
08, Dec 2020 , 2:10 pm        
រូបភាព
បុគ្គលិកពេទ្យចាក់វ៉ាក់សាំងកូវីដ-១៩ លើស្រ្តីម្នាក់នៅទីក្រុងមូស្គូនៅថ្ងៃទី៥ ខែធ្នូ។ រូបភាព Xinhua
បុគ្គលិកពេទ្យចាក់វ៉ាក់សាំងកូវីដ-១៩ លើស្រ្តីម្នាក់នៅទីក្រុងមូស្គូនៅថ្ងៃទី៥ ខែធ្នូ។ រូបភាព Xinhua
ដោយ:
​គិត​ត្រឹម​ដើមខែ​ធ្នូ ឆ្នាំ​២០២០​នេះ វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩​ជាង​២០០ កំពុង​ស្ថិតក្រោម​ការអភិវឌ្ឍ​នៅ​ទូទាំង​ពិភពលោក​។ នេះ​បើតាម​របាយការណ៍​រប​ស់​អង្គការ​សុខភាព​ពិភពលោក (WHO)​។ ទោះបី​មាន​បេក្ខភាព​ច្រើន​ក៏ពិតមែន បេក្ខភាព​វ៉ាក់សាំង​តិចតួច​ប៉ុណ្ណោះ កំពុងស្ថិត​ក្នុងដំណាក់កាល​ចុងក្រោយ​នៃ​ការពិសោធ និង​បាន​ហុច​ផល​វិជ្ជមាន​គួរ​ឲ្យ​កត់សម្គាល់​។​

 
​ខណៈ​ពិភពលោក​នៅតែ​ប្រឈម​ហានិភ័យ​ខ្ពស់​ចំពោះ​ជំងឺ​រាតត្បាត​សកល​កូ​វីដ​-១៩ ដែល​បច្ចុប្បន្ន​មាន​មនុស្ស​ជាង​៦៧​លាន​ឆ្លង និង​១,៥៤​លាន​នាក់​ស្លាប់ ថ្នាំ​វ៉ាក់សាំង គឺជា​ក្តីសង្ឃឹម​ដ៏​ធំធេង​មួយ​សម្រាប់​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​នេះ​។ 
 
​ការចាក់​វ៉ាក់សាំង នឹង​ជួយ​បណ្ដុះ​ប្រព័ន្ធ​ស៊ាំ​មនុស្ស​ឲ្យ​រឹងមាំ ដោយ​អាច​បង្ការ​មនុស្ស​ពី​ការឆ្លង​ជំងឺ​នេះ ឬ​យ៉ាងហោចណាស់​កាត់បន្ថយ​ភាព​ធ្ងន់ធ្ងរ​ខ្លាំង​នៃ​ជំងឺ​កូ​វីដ​-១៩​។ ការចាក់​វ៉ាក់សាំង​បង្ការ គួបផ្សំ​នឹង​ការព្យាបាល និង​ថែទាំ​ផង​នោះ ជា​ច្រកចេញ​ដ៏​សំខាន់​សម្រាប់​ពិភពលោក​ពី​ជំងឺ​រាតត្បាត​មួយ​នេះ​។ បេក្ខភាព​វ៉ាក់សាំង​មាន​ច្រើន​កំពុង​ស្ថិតក្រោម​ការអភិវឌ្ឍ ក៏ប៉ុន្តែ​មាន​តិចតួច​ប៉ុណ្ណោះ ដែល​បង្ហាញ​លទ្ធផល​វិជ្ជមាន​ក៏​ឲ្យ​កត់សម្គាល់ និង​ស្ថិតក្នុង​ដំណាក់កាល​ទី​៣​នៃ​ការពិសោធ​។ 
 
​យោងតាម​និយមន័យ​ដែល​ផ្ដល់​ឲ្យ​ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO) ដំណាក់កាល​ទី​៣​នៃ​ការពិសោធ (Phase III of Clinical Trial) សំដៅលើ​ប្រភេទ​នៃ​កិច្ចការ​ស្រាវជ្រាវ​វេជ្ជសាស្ត្រ ដែល​សិក្សា​លើ​ការធ្វើ​ពិសោធន៍ និង​ការព្យាបាល​ថ្មី និង​វាយតម្លៃ​លើ​ប្រសិទ្ធភាព​ពួកវា​លើ​សុខភាព​មនុស្ស​។ នេះ​ជា​ដំណាក់កាល់​សំខាន់បំផុត​ដែលមាន​ការចូលរួមរ​ប​ស់មនុស្ស មុននឹង​ទទួល​ការអនុម័ត​ពី​អាជ្ញាធរ​សុខាភិបាល​ប្រទេស​នានា ដើម្បី​ចែកចាយ​និង​ប្រើប្រាស់​។​
 
​បេក្ខជន​វាំ​ក់​សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ឈានមុខ​
 
​បេក្ខភាព​វ៉ាក់សាំង​ឈានមុខ​គេ​បង្អស់ គឺ វ៉ាក់សាំង​ក្រុមហ៊ុន​អាមេរិក Pfizer និង​ក្រុមហ៊ុន​អាល្លឺម៉ង់ BioNtech​។ លទ្ធផល​បឋម​ពី​ដំណាក់កាល​ទី​៣ នៃ​ការពិសោធ ដែល​បាន​ចុះផ្សាយ​កាលពី​វិច្ឆិកា​កន្លងទៅ បាន​បង្ហាញថា វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ទាំងពីរ​មាន​ប្រសិទ្ធភាព​រហូតដល់ ៩៥​ភាគរយ​។ វ៉ាក់សាំង​នេះ ត្រូវ​ចាក់​២​ដូ​ស ហើយ​ត្រូវតែ​រក្សាទុក​នៅ​សីតុណ្ហភាព​៧០ អង្សា​ក្រោម​សូន្យ​។  សម្រាប់​តម្លៃ​វិញ ១​ដូ​ស គឺ ២០​ដុល្លារ ។ នេះ​បើតាម​ទូរទស្សន៍​អង់គ្លេស BBC ។ 
 


កាលពី​ថ្ងៃទី ២ ខែធ្នូ ចក្រភព​អង់គ្លេស ជា​ប្រទេស​ទីមួយ​ក្នុង​ពិភពលោក​ដែល​អនុម័ត​វ៉ាក់សាំងរ​បស់​ក្រុមហ៊ុន Pfizer/BioNtech ដោយ​បញ្ជា​ទិញ​៤០​លាន​ដូ​ស ឬ​សម្រាប់​ពលរដ្ឋ​អង់គ្លេស​២០​លាន​នាក់​។ តាម​រដ្ឋមន្ត្រី​សុខាភិបាល​អង់គ្លេស វ៉ាក់សាំង​៨០​ម៉ឺន​ដូ​ស​ដំបូង បាន​ដឹក​ទៅដល់​ប្រទេស​អង់គ្លេស ហើយ​ចាប់ផ្ដើម​ចែកចាយ​តាម​មណ្ឌល​សុខភាព​។  
 
​វ៉ាក់សាំង​នេះ ក៏​ប្រហែលជា​ទទួល​ការអនុម័ត​ប្រើប្រាស់​បន្ទាន់​ក្នុង​សហរដ្ឋអាមេរិក​ផងដែរ​។ ទីភ្នាក់ងារ​សហព័ន្ធ​អាមេរិក​ទទួលបន្ទុក​ស្បៀងអាហារ និង​ឱសថ (FDA) នឹង​ចាប់ផ្ដើម​ត្រួតពិនិត្យ​លើ​បេក្ខភាព​វ៉ាក់សាំង​នេះ នា​ថ្ងៃទី​១០ ខែធ្នូ ក្រោយ​ក្រុមហ៊ុន​ទាំងពីរ បាន​ស្នើសុំ​ការអនុញ្ញាត​ឲ្យ​ប្រើប្រាស់​បន្ទាន់​ពី FDA កាលពី​ថ្ងៃទី ២០ ខែវិច្ឆិកា ពោលគឺ​២​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ប្រកាស​បញ្ចប់​ដំណាក់កាល​ទី​៣ ដោយ​ជោគជ័យ​។ 
 
​ងាក​មក​វ៉ាក់សាំង Moderna របស់​ក្រុមហ៊ុន​អាមេរិក តាម​លទ្ធផល​បឋម​ពី​ការសិក្សា​ក្នុងដំណាក់កាល​ទី​៣ វា​មាន​ប្រសិទ្ធភាព​បង្ការ​ជំងឺ​កូ​វីដ​-១៩ រហូតដល់​៩៤,៥​ភាគរយ ។ វ៉ាក់សាំង​នេះ ត្រូវ​ការចាក់​២​ដូ​ស ហើយ​ត្រូវ​រក្សាទុក​នៅ​សីតុណ្ហភាព​២០​អង្សា​ក្រោម​សូន្យ​។ ដោយសារ​វា​ងាយ​ទុកដាក់​ជាង​វ៉ាក់សាំង Pfizer វ៉ាក់សាំង​នេះ មានតម្លៃ​ដល់ ៣៣​ដុល្លារ​។ នេះ​បើតាម​ទូរទស្សន៍​អង់គ្លេស BBC​។ 
 


បេក្ខភាព​វ៉ាក់សាំង​ផ្សេងទៀត ដែលមាន​តម្លៃ​សមរម្យ បើ​ធៀប​នឹង​វ៉ាក់សាំង​២​ខាងលើ គឺ​វ៉ាក់សាំង​របស់​សកលវិទ្យា​ល័យ​អង់គ្លេស Oxford រួមសហការ​ជាមួយ​ក្រុមហ៊ុន​ឱសថ​អង់គ្លេស AstraZeneca ។ លទ្ធផល​ពិសោធ​របស់​ក្នុងដំណាក់កាល​ទី​៣​របស់​វ៉ាក់សាំង Oxford នេះ បង្ហាញថា វា​មាន​ប្រសិទ្ធភាព​បង្ការ​កូ​វីដ​-១៩ ៧០​ភាគរយ​ជា​មធ្យម​។ 
 
​បន្ថែម​ពី​មានតម្លៃ​សមរម្យ​ត្រឹម​៤​ដុល្លារ​ក្នុង​មួយ​ដូ​ស វ៉ាក់សាំង​របស់ AstraZeneca នេះ ងាយស្រួល​ក្នុងការ​រក្សាទុក ដោយ​ទាមទារ​សីតុណ្ហភាព​ត្រជាក់​ធម្មតា ៤ អង្សា​សេ  ហើយ​វា​ក៏ត្រូវ​ការចាក់​២​ដូ​ស​ដូចនឹង​វ៉ាក់សាំង​មុនៗ​ដែរ​។ 



ក្រៅពី​វ៉ាក់សាំង​ខាងលើ ក៏មាន​វ៉ាក់សាំង​កំពុង​អភិវឌ្ឍ​ដទៃទៀត ដែល​បង្ហាញ​ប្រសិទ្ធភាព​ល្អប្រសើរ​ផងដែរ​។ វ៉ាក់សាំង Sputnik V របស់​រុស្ស៊ី មាន​លទ្ធផល​បឋម​បង្ហាញថា មាន​ប្រសិទ្ធភាព​រហូតដល់ ៩២​ភាគរយ​។ ដោយ​គ្មាន​ព័ត៌មាន​លម្អិត​ពាក់ព័ន្ធ​វ៉ាក់សាំង​នេះ Sputnik V ជា​វ៉ាក់សាំង​មួយ​ក្នុងចំណោម​ដែល​ផលិត​ដោយ​រុស្ស៊ី​ចំនួន​២ ទទួលបាន​ការអនុម័ត​ក្នុងស្រុក ទោះ​មិនទាន់​បញ្ចប់​ការពិសោធ​ដំណាក់កាល​ទី​៣ នៅឡើយ​។ 
 
​ព័ត៌មាន​ចុងក្រោយ​ពាក់ព័ន្ធ​វ៉ាក់សាំង​នេះ​កាលពី​ថ្ងៃទី ៥ ខែធ្នូ គឺ អាជ្ញាធរ​ក្រុង មូ​ស្គូ ចាប់ផ្ដើម​កម្មវិធី​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដល់​មនុស្ស​រហូតដល់​៧​លាន​នាក់​ក្នុងចំណោម​ប្រជាជន​សរុប​ខ្លួន​ជាង​១២​លាន​នាក់ តាម​បញ្ជា​ប្រធានាធិបតី​។ គ្រូបង្រៀន និង​វេជ្ជបណ្ឌិត គួរ​ជា​ក្រុមមនុស្ស​អាទិភាព​ដើម្បី​ទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ផលិត​ដោយ​រុស្ស៊ី​ផ្ទាល់​។​



ចំណែក ចិន ក៏មាន​បេក្ខភាព​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩ របស់ខ្លួន​ចំនួន​២ ដែល​លេចធ្លោ​ផងដែរ​។ វ៉ាក់សាំង​របស់​ក្រុមហ៊ុន Sinovac Biotech ។ លទ្ធផល​ពិសោធន៍​បឋម (​មិន​ស្ថិតក្នុង​ដំណាក់​ទី​៣) ដែល​ចុះផ្សាយ​កាលពី​ថ្ងៃទី ១៧ ខែវិច្ឆិកា បង្ហាញថា វ៉ាក់សាំង​នេះ មាន​សុវត្ថិភាព​តែមាន​ប្រសិទ្ធភាព​ល្មម​ប៉ុណ្ណោះ ពោលគឺ​ទាប​ជាង​កម្រិត​អង្គ​បដិបក្ខ (Anti-body) របស់​អ្នកជំងឺ​ដែល​បានជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩​ទៅទៀត​។ នេះ​បើតាម​ទស្សនាវដ្ដី​វេជ្ជសាស្ដ្រ The Lancet ។ វ៉ាក់សាំង​នេះ បាន​ចូលដល់​ដំណាក់កាល​ទី​៣ ក្នុង​ខែកក្កដា តែ​មិនទាន់​ចេញ​លទ្ធផល​ឡើយ​។ 
 
​នៅ​ថ្ងៃទី​៦ ខែធ្នូ លោក​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ បាន​លើកឡើងថា ឥណ្ឌូណេស៊ី បានទទួល​វ៉ាក់សាំង ១,២​លាន​ដូ​ស​ពី​ក្រុមហ៊ុន​ចិន Sinovac Biotech ដែល​បាន​សាកល្បង​វ៉ាក់សាំង​នៅក្នុង​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ តាំងពី​ខែសីហា​កន្លងមក​។  ប្រធានាធិបតី​បាន​បន្ថែមទៀតថា ឥណ្ឌូណេស៊ី នឹង​ទទួលបាន​វ៉ាក់សាំង ១,៨​លាន​ដូ​ស​បន្ថែមទៀត​នៅ​ដើមខែ​មករា​ឆ្នាំ​២០២១​។​



បើទោះបីជា​បាន​វ៉ាក់សាំង​ក្ដី ការចាក់​វ៉ាក់សាំង នឹង​មិនទាន់​ដំណើរការ​ឡើយ ដោយ​រង់ចាំ​ការវាយតម្លៃ​ពី​ទីភ្នាក់ងារ​ឱសថ និង​អាហារ (BPOM) ជាមុនសិន​។ ក្រោយ​មានការ​យល់ព្រម ទើប​រដ្ឋាភិបាល​អាច​ចែកចាយ​វ៉ាក់សាំង​ទាំងនោះ ទៅតាម​តំបន់​នីមួយៗ ដើម្បី​ចាក់​លើ​ប្រជាជន​។​
 
​គេ​ប៉ាន់​ស្មានថា ដើម្បី​បញ្ឈប់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩​ទាំងស្រុង ប្រជាជន​សកល​ចន្លោះ​ពី​៦០-៧០​ភាគរយ ឬ​ស្មើ ៤,៥​ទៅ​៥​ពាន់​លាន​នាក់ ត្រូវ​ទទួលបាន​វ៉ាក់សាំង ហើយ​នេះ​គឺ​ក្នុងករណី​ដែល​វ៉ាក់សាំង​បង្ការ​ជំងឺ​នេះ​មាន​ប្រសិទ្ធភាព​ខ្ពស់​ផងដែរ​។ 
 
​ភាពមិន​ទំនុកចិត្ត​របស់​សាធារណជន​លើ​ថ្នាំ​វ៉ាក់សាំង បន្ត​កើនឡើង ជាពិសេស​ក្នុង​សហរដ្ឋអាមេរិក និង​តំបន់​អឺរ៉ុប​។ ដូច្នេះហើយ​ទើប​មានការ​ប្រកាស​ចូលរួម​ពី​អ្នកនយោបាយ​មាន​ឥទ្ធិពល​មួយចំនួន​នៅ​អាមេរិក គឺ​អតីត​ប្រធានាធិបតី​ចំនួន ៣​រូប រួមមាន បា​រ៉ា​ក់ អូ​បា​ម៉ា Bill Clinton និង George  W Bush ព្រមទាំង​ប្រធានាធិបតី​ជាប់ឆ្នោត​ចូ បៃ​ឌិន​។ ពួកគេ​អះអាងថា​នឹង​ចាក់​ថ្នាំ​វ៉ាក់សាំង​នៅមុខ​កាមេរ៉ា​ផង ក្រោយ​វ៉ាក់សាំង​នេះ ត្រូវបាន​បញ្ជាក់ថា​មាន​សុវត្ថិភាព​ពី​អាជ្ញាធរ​សុខាភិបាល​អាមេរិក​៕
 

Tag:
 វ៉ាក់សាំង​កូ​វីដ​-19
  WHO
© រក្សាសិទ្ធិដោយ thmeythmey.com