កីឡាអន្តរជាតិ
អន្តរជាតិ
សមាជិក​ព្រឹទ្ធសភា​អា​ហ្ស​ង់​ទីន​ស្នើ​ដាក់​រូប Maradona លើ​ក្រដាសប្រាក់​ជាតិ​
08, Dec 2020 , 3:05 pm        
រូបភាព
​សមាជិក​ព្រឹទ្ធសភា​អា​ហ្ស​ង់​ទីន​ចង់​ដាក់​រូបលោក Diego Maradona ក្នុង​ក្រដាសប្រាក់​ជាតិ​របស់ខ្លួន ដើម្បី​រម្លឹក​ដល់​វីរភាព​កីឡាករ​បាល់ទាត់​រូបនេះ​។ គម្រោង​នេះ បានដាក់​ស្នើ​ទៅ​សភា​នៅ​ថ្ងៃទី​៧ ខែធ្នូ ដើម្បី​ឲ្យ​វីរបុរស​បាល់ទាត់​អា​ហ្ស​ង់​ទីន​ស្ថិតក្នុង​ក្រដាសប្រាក់ ១០០០ ប៉េ​សូ​។​


​អ្នកស្រី Norma Durango សមាជិក​ព្រឹទ្ធសភា​អា​ហ្ស​ង់​ទីន បាន​និយាយថា ក្រដាសប្រាក់​១០០០ ប៉េ​សូ ដែលមាន​តម្លៃ​ប្រហែល ១២,២៧ ដុល្លារ​អាមេរិក នឹងត្រូវ​ដាក់​រូប​មុខ​របស់ Maradona​។ រូបភាព​ដែល​ត្រូវយក​មកប្រើប្រាស់ គឺ​អំឡុងពេល Maradona ល្បីល្បាញ​បំផុត​ក្នុង​អាជីព​កីឡាបាល់ទាត់​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​
 
​ភាពល្បីល្បាញ និង​ការទទួលបាន​ការចាប់​អារម្មណ៍​ខ្លាំង​បំផុត កើតឡើង​នៅពេល Maradona រកបាន​ពីរ​គ្រាប់​ម្នាក់ឯង ក្នុងការ​ប្រកួត​វគ្គ​៨​ក្រុម​ចុងក្រោយ World Cup ឆ្នាំ​១៩៨៦ ទល់នឹង​អង់គ្លេស និង​ជួយ​អា​ហ្ស​ង់​ទីន​លើក​ពាន​ពិភពលោក​នៅ​ឆ្នាំ​នោះ​។​
 
​យ៉ាងណាក៏ដោយ Maradona ក៏ត្រូវ​បាន​ចារ​ឈ្មោះ​មិនល្អ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ផងដែរ​ក្នុង​ព្រឹ​តិ្ត​ការណ៍​នោះ ក្រោយ​យកដៃ​ទះ​បាល់​បញ្ចូល​ទី​ក្រុម​សម្រាប់​គ្រាប់​ដំបូង ដែល​អា​ហ្ស​ង់​ទីន​យកឈ្នះ ២-១ ហើយក៏​ជាប់​ឈ្មោះ​ជា «​ដៃ​ព្រះ​» (Hand of God) រហូតដល់​ទទួលមរណភាព​នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា​ដោយសារ​គាំងបេះដូង នៅ​អាយុ​៦០​ឆ្នាំ​។​
 
​ការដាក់​រូប Maradona ក្នុង​ក្រដាសប្រាក់​នេះ មិន​ត្រឹមតែ​ដើម្បី​រម្លឹក​ដល់​និ​ម​ត្ត​រូប​របស់​អា​ហ្ស​ង់​ទីន​នោះទេ ប៉ុ​ន្តែ​អ្នកស្រី Durango ថែមទាំង​គិត​ឃើញ​ដល់​សេដ្ឋកិច្ច​ប្រទេស​ទៀតផង​។ សមាជិក​ព្រឹទ្ធសភា​រូបនេះ​លើកឡើងថា នៅពេល​ភ្ញៀវទេសចរ​បរទេស​ទៅកាន់​អា​ហ្ស​ង់​ទីន ពួកគេ​នឹង​យក​ក្រដាស់ប្រាក់​ដែលមាន​រូប​កីឡាករ​ដ៏​ល្បីល្បាញ​របស់ពិភពលោក​ទៅជា​មួយ​មិន​ខាន​។ យ៉ាងណាក៏ដោយ គម្រោង​ស្នើសុំ​នេះ នឹងត្រូវ​សម្រេច​នៅ​ឆ្នាំក្រោយ ដោយ​សមាជិកសភា​អា​ហ្ស​ង់​ទីន​៕
 
 

Tag:
 Diego Maradona
  Norma Durango
© រក្សាសិទ្ធិដោយ thmeythmey.com