COVID-19
សុខភាព
អន្តរជាតិ
WHO ថា ប្រទេស​នីមួយៗ​មិនគួរ​បង្ខំ​ប្រជាជន​ឲ្យ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ឡើយ​
08, Dec 2020 , 8:29 pm        
រូបភាព
គ្រូពេទ្យរុស្ស៊ីបូមវ៉ាក់សាំងកូវីដ-១៩ ត្រៀមចាក់ឲ្យអ្នកប្រជាជន។ រូបភាព Xinhua
គ្រូពេទ្យរុស្ស៊ីបូមវ៉ាក់សាំងកូវីដ-១៩ ត្រៀមចាក់ឲ្យអ្នកប្រជាជន។ រូបភាព Xinhua
ដោយ:
​អង្គការ​សុខភាព​ពិភពលោក (WHO) នៅ​ថ្ងៃទី​៧ ធ្នូ លើកឡើងថា ការបញ្ចុះ​បញ្ចូល​ឲ្យ​ប្រជាជន​ព្រម​ទទួល​វ៉ាក់សាំង​ដោយ​លើកឡើង​ពី​គុណប្រយោជន៍​របស់​វ៉ាក់សាំង មាន​ប្រសិទ្ធភាព​ជាង​ការបង្ខំ​។ ទោះជា​យ៉ាងណា WHO អះអាងថា វា​អាស្រ័យទៅលើ​ប្រទេស​នីមួយៗ​ក្នុងការ​រៀបចំ​ពី​វិធីសាស្ត្រ និង​របៀប​នៃ​ការ​ចែកចាយ​វ៉ាក់សាំង​ដល់​ប្រជាជន​ខ្លួន​។​

 
​ស្រប​ពេលដែល​ប្រទេស​មួយចំនួន​ចាប់ផ្តើម​ទិញ និង​ត្រៀម​ចែកចាយ​វ៉ាក់សាំង​ដល់​ប្រជាជន​របស់ខ្លួន អង្គការ​សុខភាព​ពិភពលោក​បានលើកឡើង​ថា ការបង្ខំ​ឲ្យ​ប្រជាជន​ទទួលយក​វ៉ាក់សាំង ជា​ជំហាន​មួយ​ដែល​មិន​ត្រឹមត្រូវ​។ អង្គការ​នេះ​លើកឡើង​ពី​ឧទាហរណ៍​កន្លងមក​ដែល​បង្ហាញថា ការបង្ខំ​ឲ្យ​មនុស្ស​ទទួលយក​វ៉ាក់សាំង នាំ​ឲ្យ​មនុស្ស​កាន់តែ​ប្រឆាំងនឹង​វ៉ាក់សាំង​ខ្លាំង​ឡើង​។​
 
«​ខ្ញុំ មិន​គិតថា វិធានការ​បង្ខំ ជា​ទិសដៅ​ដែល​ត្រូវអនុវត្ត​ឡើយ ជាពិសេស​ជាមួយ​វ៉ាក់សាំង​»​។ នេះ​ជាការ​លើកឡើង​របស់លោក​ស្រី Katherine O’Brien នាយក​ផ្នែក​ភាពស៊ាំ​របស់ WHO ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​អន​ឡាញ​នៅ​ថ្ងៃទី​៧ ធ្នូ​។ លោកស្រី​បន្តថា វា​ជាការ​ប្រសើរ​ក្នុងការ​លើកទឹកចិត្ត និង​សម្របសម្រួល​ក្នុងការ​ទទួលយក​វ៉ាក់សាំង​ជាជាង​ការបង្ខិតបង្ខំ​។​
 
​ទោះជា​យ៉ាងណាក្តី លោកស្រី O’Brien លើកឡើងថា អ្នកធ្វើការ​នៅ​មន្ទីរពេទ្យ​ត្រូវបាន​លើកទឹកចិត្ត និង​អាច​នឹង​តម្រូវ​ឲ្យ​ចាក់​វ៉ាក់សាំង​ដើម្បី​សុវត្ថិភាព​បុគ្គលិក​ឯទៀត ក៏ដូចជា​អ្នកជំងឺ​ផងដែរ​។ អ្នកជំនាញ​របស់ WHO រូបនេះ ក៏​ទទួលស្គាល់​ផងដែរ​ថា ការបញ្ចុះ​បញ្ចូល​ឲ្យ​សាធារណៈជន​មួយចំនួន​ទទួលយក​វ៉ាក់សាំង​គឺជា​រឿង​លំបាក​។​
 
​ដូចគ្នានេះដែរ លោក​វេជ្ជបណ្ឌិត Michael Ryan ប្រធាន​ផ្នែ​កិច្ចការ​អាសន្ន​របស់ WHO លើកឡើងថា វា​ជាការ​ប្រសើរ​សម្រាប់ WHO ក្នុងការ​បង្ហាញ​ទិន្ន័យ ក៏ដូចជា​ផលប្រយោជន៍​របស់​វ៉ាក់សាំង ដើម្បី​ឲ្យ​បុគ្គល​នីមួយៗ​ធ្វើការ​សម្រេចចិត្ត​។ យ៉ាងណាក្តី លោក​អះអាងថា ក្នុង​ស្ថានការណ៍​មួយចំនួន ការចាក់​វ៉ាក់សាំង ជា​អំពើ​ដែលមាន​ការទទួលខុសត្រូវ​។​
 
​ចំពោះ​អាទិភាព​ក្នុងការ​ទទួលបាន​វ៉ាក់សាំង​វិញ លោក Tedros Adhanom Ghebreyesus អគ្គនាយក​WHO និយាយថា បុគ្គលិក​សុខាភិបាល ជា​អាទិភាព​ខ្ពស់​ដំបូងបង្អស់ រួច​បន្ត​មក​មនុស្ស​ដែល​ប្រឈម​ទៅនឹង​ការឆ្លង ឬ​ស្លាប់​ដោយសារតែ​អាយុ​ណ​ពួកគេ​។ លោក Tedros អះអាងថា ការធ្វើ​បែបនេះ​នឹង​ជួយ​សម្រាល​បន្ទុក​ប្រព័ន្ធ​សុខាភិបាល ចំណែក​ក្រុមមនុស្ស​បន្ទាប់​គួរតែ​ជា​អ្នកមាន​ជំងឺ​រ៉ាំរ៉ៃ និង​ក្រុមមនុស្ស​ប្រឈមមុខ​ឯទៀត​។​
 
​ទាក់ទង​វ៉ាក់សាំង​នេះ WHO អះអាងថា ខ្លួន​កំពុង​ពិនិត្យមើល​បេក្ខភាព​វ៉ាក់សាំង​ជាច្រើន ដែល​ក្នុងនេះ​៥១​កំពុងស្ថិត​ក្នុងដំណាក់កាល​ធ្វើតេស្ត​លើ​មនុស្ស ហើយ​១៣​ផ្សេងទៀត​ឈានដល់​ដំណាក់កាល​ធ្វើតេស្ត​ទ្រង់ទ្រាយ​ធំ​។ បន្ថែម​ពីនេះ វ៉ាក់សាំង​ចំនួន​១៦៣​ផ្សេងទៀត កំពុង​ត្រូវបាន​អភិវឌ្ឍ​នៅ​ដំណាក់​ដំបូងៗ​។​
 
​ចំពោះ​ថវិកា​សម្រាប់​ការព្យាបាល ធ្វើតេស្ត ព​ន្លឿ​ន​ការអភិវឌ្ឍ​វ៉ាក់សាំង និង​ទិញ​វ៉ាក់សាំង​ក្រោម​យន្តការ​ACT-Accelerator វិញ WHO អះអាងថា​ខ្លួ ន​ត្រូវការ​ទឹកប្រាក់​៤,៣​ពាន់​លាន​ដុល្លារ​ជាបន្ទាន់ និង​២៣,៩​ពាន់​លាន​ដុល្លារ​សម្រាប់​ឆ្នាំ​២០២១៕
 
 

Tag:
 កូ​វីត​-១៩
 WHO
© រក្សាសិទ្ធិដោយ thmeythmey.com