ជាតិ
តារាល្បីៗ
សិល្បះ
ស្នាដៃ​សម័យ​លាយ​បុរាណ នាំឱ្យ Smallworld Smallband ក្លាយជា​ក្រុម​តន្ត្រី​តំណាង​ជាតិ​ក្នុង​មហា​ស្រព​កូរ៉េ​
08, Dec 2020 , 9:29 pm        
រូបភាព
​ភ្នំពេញ​៖ ជា​ក្រុម​តន្ត្រីសម័យ ដែល​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​យុវវ័យ Smallworld Smallband ក្រុម​តូច មាន​ឆ​ន្ទះ​និង​គោលដៅ ផ្សព្វផ្សាយ​ក៏ដូចជា​ផ្សារភ្ជាប់​សិល្បៈ​បុរាណ​និង​សម័យ​ឱ្យ​ដើរ​ទន្ទឹមគ្នា​។ រាល់​ស្នាដៃ​តន្ត្រី ក៏ដូចជា​ចម្រៀង ដែល​ក្រុម​នេះ​បាន​ផលិតឡើង ភាគច្រើន​បា​នប​ញ្ជូ​ល​សិល្បៈ​បុរាណ ដូចជា​ល្ខោនស្បែក ល្ខោនខោល និង​តន្ត្រីបុរាណ​ជាដើម​។ សមិទ្ធផល​ទាំងនេះហើយ បាន​នាំឱ្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ជ្រើសរើស​ក្រុម​តូច ចូលរួម​ក្នុង​មហោស្រព ROUND Festival របស់​កូរ៉េខាងត្បូង ដើម្បី​ផ្សព្វផ្សាយ​ពី​សិល្បៈ​វប្បធម៌​ជាតិ ទៅកាន់​ពិភពលោក​។​

 
​លោក គង់ សុទ្ធា​រិ​ទ្ធិ អនុប្រធាននាយកដ្ឋាន ទទួលបន្ទុក​កិច្ចការ​អាស៊ាន បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា មូល​ហេតុដែល​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ជ្រើសរើស Smallworld Smallband ដើម្បី​តំណាង​ជាតិ ចូលរួម​ក្នុង​មហោស្រព ROUND Festival របស់​កូរ៉េ ក៏​ព្រោះថា​ក្រុម​នេះ មាន​ស្នាដៃ ក៏ដូចជា​សកម្មភាព​លើកស្ទួយ​សិល្បៈ​វប្បធម៌ ដែលជា​អត្តសញ្ញាណ​ជាតិ​ច្រើន​។​


លោក​ គង់ សុទ្ធារិទ្ធិ អនុប្រធាននាយកដ្ឋាន ទទួលបន្ទុកកិច្ចការអាស៊ាន

​លោក គង់ សុទ្ធា​រិ​ទ្ធិ ពន្យល់​បន្ថែម​៖«​នាយកដ្ឋាន​សហប្រតិបត្តិ​ការ​វប្បធម៌​អន្តរជាតិ និង​កិច្ចការ​អាស៊ាន បាន​សហការ​ជាមួយ​សកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ហើយ​យើង​បាន​ពិភាក្សាគ្នា​យ៉ាង​ល្អិតល្អន់ ទើប​យើង​ជ្រើសរើស​ក្រុម Smallworld Smallband ឱ្យ​ចូលរួម​ក្នុង​មហោស្រព​នេះ​។ ក្រុម​តូច ជា​ក្រុម​តន្ត្រី​ដែលមាន​សក្ដានុពល និង​មាន​ភាពល្បីល្បាញ​ក្នុងប្រទេស ហើយ​ពួកគេ​តែងតែ​បង្ហាញ​ទម្រង់​សិល្បៈ​បុរាណ ដោយ​ផ្សារភ្ជាប់​ជាមួយ​តន្ត្រី​និង​សិល្បៈ​សម័យ​។ ខ្ញុំ​គិតថា​បើ​ប្រជាជន​យើង ឬ​អ្នកសិល្បៈ​ផ្សេងៗ​ទៀត ចំណាយពេល​បន្តិចបន្តួច​របស់ខ្លួន ដើម្បី​ចូលរួម​លើកស្ទួយ​តម្លៃ​សិល្បៈ​វប្បធម៌​ជាតិ ទាំង​លើ​ឆាក​ជាតិ និង​អន្តរជាតិ ពិតជា​ល្អប្រសើរ ព្រោះ​វា​ជា​មោទកភាព​ជាតិ​យើង​»​។ 
 
​ចំណែក​កញ្ញា រិទ្ធី លំអរ​ពេជ្រ ផលិតករ​វ័យក្មេង ផ្នែក​ផលិត​ចម្រៀង និង​វីដេអូ របស់ Smallworld Smallband ក៏បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ដែរ​ថា នេះ​គឺជា​កិត្តិយស​របស់​ក្រុម​តូច ដែល​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​មើលឃើញ​ពី​ស្នាដៃ​របស់ខ្លួន​។ កញ្ញា​បន្ថែមថា នេះ​ជា​ចំណុច​ចាប់ផ្ដើម​មួយ ដែល​ក្រសួង​បាន​បើកទូលាយ ក្នុងការ​ធ្វើការ​ជាមួយ​ក្រុម​សិល្បៈ​ក្រៅប្រទេស​។​


កញ្ញា រិទ្ធី លំអរពេជ្រ ផលិតករវ័យក្មេង ផ្នែកផលិតចម្រៀង និងវីដេអូ របស់ Smallworld Smallband ក្រុមតូច

​កញ្ញា រិទ្ធី លំអរ​ពេជ្រ បាន​បន្ថែម​ដូច្នេះ​៖«​ក្រុម​របស់​យើង តែងតែមាន​ឆន្ទៈ​ថា សិល្បៈ​បុរាណ​និង​សម័យ​ត្រូវតែដើរ​ទន្ទឹមគ្នា​។ សមាជិក​ក្រុម​របស់​យើង ចូលចិត្ត​បែបនេះ (​បញ្ចូល​សិល្បៈ​បុរាណ​ជាមួយ​សិល្បៈ​សម័យ​) ហើយ​ស្នាដៃ​សិល្បៈ​របស់​យើង គឺ​យើង​ធ្វើ​ដើម្បី​បំពេញចិត្ត​ខ្លួនឯង បន្ទាប់មក​ទើប​យើង​បំពេញចិត្ត ទស្សន​និក​ជន​។ ដំបូង​ឡើយ​ក៏​គេ​មិនសូវ​គាំទ្រ​ដែរ តែ​ពួកយើង​មិនដែល​គិតថា​បោះបង់​ទេ ប៉ុន្តែ​ពួកយើង​ព្យាយាម​រក​កំហុស​ទាំងនោះ មក​កែលម្អ​ជា​បន្តបន្ទាប់​។ អស់​រយៈពេល​៤​ឆ្នាំ មកដល់ពេលនេះ ខ្ញុំ​គិតថា យុវជន​បានផ្ដល់​ឱកាស​ឱ្យ​ក្រុម​តូច ហើយ​ពួកយើង​ក៏បានផ្ដល់​អ្វីដែល​ថ្មី​ឱ្យ​យុវជន​វិញ​ដែរ​»​។ 
 
​បើតាម​កញ្ញា រិទ្ធី លំអរ​ពេជ្រ Smallworld Smallband មានបំណង​ប្រាថ្នា​ធំ គឺ​ក្រុម​នេះ​នឹង​បន្តការងារ​របស់ខ្លួន​រួមគ្នា ទៅមុខ​យូរអង្វែង រួមទាំង​ការធ្វើការ​ជាមួយ​ក្រុម​សិល្បៈ​ក្នុងស្រុក​ដទៃទៀត ដើម្បី​ផ្សព្វផ្សាយ​ពី​សិល្បៈ ក៏ដូចជា​ការពង្រីក​វិសាលភាព​តន្ត្រី​របស់ខ្លួន​ទៅក្នុង​ឆាក​អន្តរជាតិ​។ 
 
ROUND Festival គឺជា​មហោស្រព​ផ្លាស់ប្ដូរ​វប្បធម៌ និង​ពង្រឹង​សាមគ្គីភាព​រវាង​ប្រទេស​អាស៊ាន​ទាំង​១០ និង​កូរ៉េខាងត្បូង តាមរយៈ​តន្ត្រី ដែល​ប្រមូលផ្ដុំ​ដោយ​សិល្បករ​តំណាងឱ្យ​ប្រទេស​នីមួយៗ​។ ក្នុងនោះ​មាន​ប្រទេស កម្ពុជា ថ្ងៃ ឡាវ វៀតណាម ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា ហ្វីលីពីន សិង្ហ​បុរី ឥ​ណ្ណូ​នេ​ស៊ី ប្រ៊ុយណេ និង​កូរ៉េខាងត្បូង​។​
 
​សូម​ទស្សនា​ការប្រគំ​ភ្លេង​បើក របស់​ក្រុម​តន្ត្រី Smallworld Smallband ក្រុម​តូច ខាងក្រោម​នេះ​
 
Smallworld Smallband ក្រុម​តូច ដែល​តំណាងឱ្យ​កម្ពុជា ចូលរួម​ក្នុង​មហោស្រព​នេះ បាន​នាំយក​នប​ទ​ចម្រៀង​ចំនួន​៧​បទ យកទៅ​បង្ហាញ មាន​បទ “​កុំ​ខឹង​” “​ស្នាម​ថើប​ដំបូង​” “​ចាប៉ី​បុណ្យ​ភូមិ​” “​ភ្លើង​គប់​” “​ទង់ជាតិ​ខ្មែរ​” ”២​គុណ​៥” រួមជាមួយ​ភ្លេង​បើក​កម្មវិធី​តន្ត្រី​របស់ Smallworld Smallband​។ បទ​ទាំងនេះ ត្រូវបាន​ច្នៃ​ឡើងជា​ថ្មី ដើម្បី​ចូលរួម​ក្នុង​មហោស្រព​។​
​លោក គង់ សុទ្ធា​រិ​ទ្ធិ បាន​បញ្ហា​ក់​បន្ថែមថា ក្រុម​ចម្រៀង ឬ​ក្រុម​សិល្បៈ ដែល​បាន​ចេញទៅ​សម្ដែង ក្នុង​ក្របខណ្ឌ​អាស៊ាន ឬ​អាស៊ាន​បូក ឬ​ជា​លក្ខណៈ​អន្តរជាតិ និង​ពិភពលោក​ជាដើម អាច​ហៅថា​ជា​ក្រុម​តំណាង​ជាតិ​បាន លុះត្រា​ណា​មានការ​ចាត់តាំង​វ​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​៕ 
 

Tag:
 តន្ត្រី​
 ​ចម្រៀង​
  Smallworld Smallband
  ក្រសួង​វប្បធម៌​
© រក្សាសិទ្ធិដោយ thmeythmey.com