COVID-19
អន្តរជាតិ
UN ប្រកាស​យក​ថ្ងៃទី​២៧ ធ្នូ ជា​ទិវា​អន្តរជាតិ​ត្រៀម​បង្ការ​ជំងឺ​រាតត្បាត​
08, Dec 2020 , 9:59 pm        
រូបភាព
កិច្ចប្រជុំពិសេសមហាសន្និបាតអង្គការសហប្រជាជាតិនៅថ្ងៃទី៣ ខែធ្នូ។ រូបភាព Xinhua
កិច្ចប្រជុំពិសេសមហាសន្និបាតអង្គការសហប្រជាជាតិនៅថ្ងៃទី៣ ខែធ្នូ។ រូបភាព Xinhua
ដោយ:
មហាសន្និបាត​អង្គការសហប្រជាជាតិ (UNGA) នៅ​ថ្ងៃទី​៧ ខែធ្នូ បានអនុម័ត​យក​ថ្ងៃទី​២៧ ខែធ្នូ​ជា​ទិវា​អន្តរជាតិ​ត្រៀម​បង្ការ​ជំងឺ​រាតត្បាត (International Day of Epidemic Preparedness)​។ ការប្រកាស​ទិវា​នេះ​ធ្វើឡើង ក្នុង​គោលបំណង​ធានា​ពី​ការរៀនសូត្រ​ពី​ជំងឺឆ្លង​កន្លងមក និង​ត្រៀមខ្លួន​សម្រាប់​បង្កា​រវិ​ប​ត្តិ​សុខាភិបាល​នាពេល​អនាគត​។​

 
​ការប្រកាស​ពី​ទិវា​អន្តរជាតិ​នៃ​ការត្រៀម​បង្ការ​ជំងឺឆ្លង ធ្វើឡើង​១​ឆ្នាំក្រោយ​ជំងឺ​កូ​វីដ​-១៩​ត្រូវបាន​រកឃើញ​កាលពី​ចុងឆ្នាំ​២០១៩ នៅ​ទីក្រុង​វូ​ហាន​ប្រទេស​ចិន ដែល​បន្ទាប់មក​ត្រូវបាន​អង្គការ​សុខភាព​ពិភពលោក​ប្រកាស​ជំងឺ​រាតត្បាត​សាកល​នៅ​ខែមីនា ឆ្នាំ​២០២០​។ មកទល់ពេលនេះ ជំងឺ​រាតត្បាត​សាកល​កូ​វីត​-១៩ មាន​ករណី​ឆ្លង​ចំនួន​៦៧,៥​លាន​ករណី និង​ស្លាប់​ចំនួន​១,៥​លាន​នាក់​។​
 
​នៅក្នុង​ការបោះឆ្នោត​អនុម័ត​សេចក្តីសម្រេចចិត្ត​របស់​ខ្លួន រដ្ឋ​សមាជិក​ទាំង​១៩៣​បាន​បោះឆ្នោត​យល់ព្រម​ជា​កុងសង់ស៊ីស​ក្នុងការ​បង្កើត​ទិវា​ខា​លើ​។ ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន អង្គ​មហាសន្និបាត​ចាត់ទុក​ទិវា​ខាងលើ ជាការ​លើកឡើង​ពី​សារសំខាន់​នៃ​ការបង្ការ និង​ត្រៀមខ្លួន​សម្រាប់​ភាពជា​ដៃគូ​ក្នុងការ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​។ អង្ក​ការ​សហប្រជាជាតិ ក៏​សង្កត់ធ្ងន់​ផងដែរ​ពី​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ និង​គំនិត​ពហុភាគី​និយម​ក្នុងការ​ទប់ស្កាត់​ដោះស្រាយ​បញ្ហា​សាកល ដូច​ជំងឺ​រាតត្បាត​ជាដើម​។​
 
​វៀតណាម ជា​អ្នកស្នើ​អគ្គ​មហាសន្និបាត ក្នុងការ​ប្រកាស​យក​ថ្ងៃទី​២៧ ធ្នូ​ជា​ទិវា​អន្តរជាតិ​ត្រៀម​បង្ការ​ជំងឺ​រាតត្បាត​។ លោក Dang Dinh Quy ឯកអគ្គរដ្ឋទូត​វៀត​ណា​ម​ប្រចាំ​អង្គការសហប្រជាជាតិ​បាន​លើកឡើងថា ជំងឺ​កូ​វីដ​-១៩​មិនមែនជា​ជំងឺ​រាតត្បាត​ដំបូង ហើយក៏​មិនមែនជា​ជំងឺ​រាតត្បាត​ចុងក្រោយ​ដែរ​។ នេះ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​
 
​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន ឯកអគ្គរដ្ឋទូត​វៀត​ណា​ម​អះអាងថា ជំងឺ​រាតត្បាត​នេះ​កើតឡើង​ដោយ​ភ្ញាក់ផ្អើល ប៉ុន្តែ​វា​ក៏​ជាការ​ដាស់តឿន​ផងដែរ ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ការត្រៀម​បង្ការ​។ ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន បេសកជន​វៀតណាម បន្តថា ការដែល​មាន​ទិវា​អន្តរជាតិ​ត្រៀម​បង្ការ​ជំងឺ​រាតត្បាត គឺជា​វិធី​មួយ​ផងដែរ​ក្នុងការ​សម្រេច​គោលបំណង​ខាងលើ​។​
 
​លោក Richard Gowan នាយក​អង្គការ Crisis Group អះអាងថា ការណ៍​ដែល UN ប្រកាស​ទិវា​ខាងលើនេះ ជា​ជំហាន​និមិត្តរូប​មួយ ដើម្បី​ឲ្យ​ស្ថាប័ន​មួយ​នេះ​បន្ត​មាន​តួនាទី​ក្នុង​ឆាក​អន្តរជាតិ និង​ជាពិសេស​សម្រាប់​ប្រទេស​តូចៗ​ដែល​បារម្ភ​ពី​ការ​មិនបាន​ចូលរួម​ក្នុង​សេចក្តីសម្រេចចិត្ត​ស្តីពី​វ៉ាក់សាំង ឬ​ការស្តារ​សេដ្ឋកិច្ច​ប្រទេស​ឡើងវិញ​ក្រោយ​ជំងឺ​បញ្ចប់ទៅ​។​
 
​ការអនុម័ត​សេចក្តីសម្រេច​ស្តីពី​ទិវា​ខាងលើនេះ ធ្វើឡើង​ក្រោយ​ប្រទេស​ជាច្រើន​ទាមទារ​ក្នុង​ការធានា​ឲ្យ​មានការ​ចែកចាយ​វ៉ាក់សាំង​ប្រកបដោយ​សមធម៌ អំឡុង​កិច្ចប្រជុំ​នៅ​អង្គការសហប្រជាជាតិ​ស្តីពី​ជំងឺ​រាតត្បាត​កូ​វីត​-១៩ កាលពី​ថ្ងៃទី​៣ និង​ទី​៤ ខែធ្នូ​។ ក្នុង​កិច្ចប្រជុំ​ខាង​នោះ លោក ឆាល មី​ឈែល ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប លើកឡើង ថា សន្ធិសញ្ញា​ស្តីពី​ជំងឺ​រាតត្បាត​សាកល​មួយ នឹង​ជួយ​ក្នុងការ​សម្រប​សម្រួលកា​រ​ស្រាវជ្រាវ ការចែករំលែក​ព័ត៌មាន និង​ការទទួលបាន​ការថែទាំ​សុខភាព​ដោយ​សមធម៌​៕
 
 

Tag:
 ​កូ​វីត​-១៩
 UN
© រក្សាសិទ្ធិដោយ thmeythmey.com