សង្គមអន្តរជាតិ​
អន្តរជាតិ
អាមេរិក ដាក់ទណ្ឌកម្ម​មន្ត្រីជាន់ខ្ពស់​សភា​ចិន​១៤​រូប ដែល​ដឹកនាំ​ការអនុម័ត​ច្បាប់​សន្តិសុខ​ជាតិ​
08, Dec 2020 , 3:52 pm        
រូបភាព
ប្រធានសភាចិន លោក លី ចាន់ស៊ូ និងអនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិននាកិច្ចប្រជុំកន្លងមក។ រូបភាព Xinhua
ប្រធានសភាចិន លោក លី ចាន់ស៊ូ និងអនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិននាកិច្ចប្រជុំកន្លងមក។ រូបភាព Xinhua
​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន នៅ​ថ្ងៃទី​៧ ខែធ្នូ បានប្រកាស​ដាក់ទណ្ឌកម្ម​លើ​មន្ត្រីជាន់ខ្ពស់​សភា​ប្រជាជន​ចិន ចំនួន​១៤​នាក់ ទាក់ទិន​នឹង​ការបង្ក្រាប​ក្រុម​អ្នកគាំទ្រ​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ទីក្រុង​ហុងកុង និង​សមាជិកសភា​ហុងកុង​។ ទណ្ឌ​កម្មនេះ ត្រូវបាន​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ព្រមាន​ទុក​មុន​។

 
​ក្រសួងការបរទេស និង​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក បានប្រកាស​ពី​ការ​បង្កក​ទ្រព្យសម្បត្តិ​អនុប្រធាន​គណៈអចិន្ត្រៃយ៍​នៃ​សភា​ប្រជាជន​ចិន​ចំនួន ១៤​នាក់ ដែលមាន​នៅក្នុង​ទឹកដី​អាមេរិក និង​ហាម​អ្នក​ទាំង ១៤​រូបនោះ រួមទាំង​សមាជិកគ្រួសារ​របស់​ពួកគេ​មិន​ឲ្យ​ធ្វើដំណើរ​មក​អាមេរិក​។​
 
​មន្ត្រីជាន់ខ្ពស់​សភា​ចិន​ចំនួន ១៤​រូបនេះ ជា​អ្នក​ដឹកមុខ​ក្នុងការ​តាក់តែង​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង​។ នៅពេល​ថ្មីៗ​នេះ អ្នក​ទាំងនោះ ក៏​ចូលរួម​ក្នុងការ​អនុម័ត​សេចក្តីសម្រេច​គុណសម្បត្តិ​របស់​សមាជិក​សភា​ហុងកុង ដែល​ផ្តល់​អំណាច​ឲ្យ​រដ្ឋាភិបាល​ហុងកុង ដកសិទ្ធិ​សមាជិកសភា​ទាំងឡាយណា ដែល​គាំទ្រ​ឯករាជ្យភាព​របស់​ហុងកុង​។ 
 
«​សកម្មភាព​យើង​ថ្ងៃនេះ បង្ហាញថា​អាមេរិក​នឹង​បន្ត​សហការ​ជាមួយ​សម្ព័ន្ធមិត្ត និង​ដៃគូ​របស់​យើង ដើម្បី​ចាប់បង្ខំ​ឲ្យ​ក្រុង​ប៉េកាំង​ទទួលខុសត្រូវ​លើ​ការបំផ្លាញ​ស្វ័យភាព​ក្រុង​ហុងកុង​»​។ លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ រដ្ឋមន្ត្រីការបរទេស​អាមេរិក បានលើកឡើង​បែបនេះ ដោយ​បន្ថែមថា ចិន បាន​វាយប្រហារ​លើ​លទ្ធិប្រជាធិបតេយ្យនៅ​ហុងកុង​ឥត​ស្រាកស្រាន្ត​។ 
 
​យ៉ាងណាមិញ អាមេរិក ហាក់​មិន​ហ៊ាន​ដាក់ទណ្ឌកម្ម​លោក លី ចាន់​ស៊ូ ប្រធានសភា​ចិន​នៅឡើយ​ទេ​។ លោក លី ត្រូវបាន​ចាត់ទុកជា​ដៃស្ដាំ​ប្រធានាធិបតី ស៊ី ជិន​ភីង ។ 
 
​ទន្ទឹមគ្នានេះ ប្រមុខ​ការទូត​អាមេរិក នៅតែ​បន្ត​លើកឡើង​ដដែលៗ​ថា ចិន មិន​គោរព​តាម​សេចក្តីថ្លែងការណ៍​រួម​ចិន​-​អង់គ្លេស ឆ្នាំ​១៩៨៤ ដែលមាន​ចែង​ពី​លក្ខខណ្ឌ ដែល​ចិន​បាន​សន្យា ក្នុង​រយៈពេល ៥០​ឆ្នាំ បន្ទាប់ពី​អង់គ្លេស​ប្រគល់​ឲ្យ​ឡើយ​។ ក្នុងការ​សន្យា​នោះ ចិន​បាន​អះអាងថា ខ្លួន​នឹងមិន​កែប្រែ​គោលការណ៍​មូលដ្ឋាន​ណាមួយ​ឡើយ​រហូតដល់​ឆ្នាំ ២០៤៧​។ 
 
​មុន​ការប្រកាស​របស់​ក្រសួងការបរទេស និង​ក្រសួង​ហិរញ្ញវត្ថុ​នេះ ចិន​បាន​ព្រមាន​ទុក​ហើយ​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោកស្រី Hua Chunying បាន​អះអាងថា ចិន​ជំទាស់ និង​រិះគន់​យ៉ាងខ្លាំង​លើ​ទង្វើ​របស់​អាមេរិក ដែល​ជ្រៀតជ្រែក​ចូលមកក្នុង​កិច្ចការ​ចិន​ម្តង​ហើយ​ម្តងទៀត ព្រមទាំង​ដាក់ទណ្ឌកម្ម​លើ​មន្ត្រី​របស់​ចិន​។ 
 
​បើតាម​លោកស្រី Hua ការដកតំណែង​ពី​សមាជិកសភា​ហុងកុង​ចំនួន ៤​រូប គឺ​ផ្អែកលើ​ច្បាប់​មូលដ្ឋាន​របស់​ហុងកុង និង​បទបញ្ញត្តិ​ដែល​ពាក់ព័ន្ធ​នឹង​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង​។ 
 
​កន្លងមក អាមេរិក ក៏​ធ្លាប់​ដាក់ទណ្ឌកម្ម​លើ​មន្ត្រី​ចិន​ដែល​កាន់​កិច្ចការ​នៅ​ហុងកុង​ផងដែរ​។ នៅក្នុង​ខែវិច្ឆិកា កន្លងទៅ​អាមេរិក បាន​បង្កក​ទ្រព្យសម្បត្តិ​របស់​មន្ត្រី​ចិន​ធ្វើការ​នៅ​ហុងកុង​ចំនួន ៤​រូប ហើយ​កាលពី​ខែសីហា អាមេរិក បានដាក់​ទណ្ឌកម្ម​លើ​ប្រធាន​ប្រតិបត្តិ​ហុងកុង លោកស្រី​ការី ឡាំ និង​មន្ត្រី​ពាក់ព័ន្ធ​ផ្សេងទៀត​៕ 

Tag:
 អាមេរិក​
  ចិន​
  ហុងកុង
© រក្សាសិទ្ធិដោយ thmeythmey.com