ជាតិ
សង្គមជាតិ
សង្គម​ស៊ីវិល​ពន្យារពេល​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​១០​ធ្នូ ដោយសារតែ​បញ្ហា​កូ​វីដ​-១៩
09, Dec 2020 , 8:59 am        
រូបភាព
ការប្រារព្ធទិវាសិទ្ធិមនុស្សកាលពីឆ្នាំ២០១៩ នៅទីលានប្រជាធិបតេយ្យ។ (រូបដោយ កញ្ញា ឡាយ សុភាវតី)
ការប្រារព្ធទិវាសិទ្ធិមនុស្សកាលពីឆ្នាំ២០១៩ នៅទីលានប្រជាធិបតេយ្យ។ (រូបដោយ កញ្ញា ឡាយ សុភាវតី)
​ភ្នំពេញ​៖ អង្គការ​សង្គម​ស៊ីវិល​សម្រេច​ពន្យារពេល​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​១០​ធ្នូ ដោយសារ​បញ្ហា​កូ​វីដ​-១៩ កំពុង​រាតត្បាត​ក្នុង​សហគមន៍ ហើយក៏​ជាការ​ស្នើសុំ​ពី​ការ​សាលាក្រុង​ភ្នំពេញ​ដែរ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ការឆ្លង​ជំងឺ​នេះ​។



​លោកស្រី ចក់ សុភាព នាយិកា​អង្គការ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​អះអាងថា អង្គការ​សង្គម​ស៊ីវិល​ទទួលយក​តាម​កា​រ​ស្នើសុំ​របស់​សាលាក្រុង​ភ្នំពេញ ប៉ុន្តែ​បើសិន​ស្ថានភាព​កូ​វីដ​-១៩ ប្រសើរ​ឡើងវិញ ក្រុម​អង្គការ​សង្គម​ស៊ីវិល​នឹង​អាច​ស្នើសុំ​រៀបចំ​ពិធី​នេះ​ឡើងវិញ​។ 
 
​លោកស្រី ចក់ សុភាព ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​ថា ដើម​ឡើយ​អង្គការ​សង្គម​ស៊ីវិល គ្រោង​នឹង​ប្រារព្វ​ពិធី​នេះ​ក្នុង​ថ្ងៃទី​៦​ធ្នូ នៅ​ទីលាន​ប្រជាធិបតេយ្យ ដែល​បានដាក់​លិខិតស្នើ​ទៅ​សាលាក្រុង​ភ្នំ​ពេញមុខ​ព្រឹត្តិការណ៍​២៨​វិ​ធ្ឆិ​កា​ទៅទៀត​។ ប៉ុន្តែ​ជាក់ស្ដែង ការរីក​រាលដាល​កូ​វីដ​-១៩ បាន​ចូលដល់​សហគមន៍ ហើយ​សាលាក្រុង​ភ្នំពេញ​ក៏​ចេញ​លិខិតស្នើ​សុំ​ឲ្យ​ពន្យារពេល ដោយសារ​បញ្ហា​កូ​វីដ​-១៩​។ យ៉ាងណាក៏ដោយ លោកស្រី​បញ្ជាក់ថា​គោលបំណង​របស់​អង្គការ​សង្គម​ស៊ីវិល​ចង់​ឲ្យ​មានការ​ប្រារព្ធ​ពិធី​នេះ​ឡើង ខណៈ​ឆ្នាំនេះ គឺ​ឆ្នាំ​ទី​១ ដែល​រដ្ឋាភិបាល​សម្រេច​លុប​ចោទ​ទិវា​សិទ្ធិមនុស្ស​១០​ធ្នូ ចេញពី​ប្រតិ​ទ​ន​ឈប់សម្រាក​។ 
 
«​អង្គការ​សង្គម​ស៊ីវិល​នៅតែ​មានបំណង​ប្រារព្ធ​ពិធី​នេះ​ដដែល គ្រាន់តែ​យើង​ពិនិត្យមើល​ស្ថានភាព​ការ​កូ​វីដ​-១៩ ថា​នឹង​មានការ​ថមថយ​ឬ​យ៉ាងណា ដែល​អាច​អញ្ញាត​ឲ្យ​មានការ​ជួបជុំ យើង​នឹង​រៀបចំ​ផ្ដួច​ផ្ដើមធ្វើ​វិញ​។ ខាង​អង្គការ​សង្គម​ស៊ីវិល​យើង​ចង់​ឲ្យ​មានការ​ប្រារព្ធ ដោយសារ​ឆ្នាំនេះ គឺជា​ឆ្នាំ​ទី​១​ដែល​សម្រាប់​ប្រទេស​កម្ពុជា​យើង ដែល​បាន​លុបចោល​នូវ​ថ្ងៃ​ឈប់សម្រាក់​១០​ធ្នូ ហើយ​នេះ ជា​រឿង​ចាំបាច់​ចង់​ឲ្យ​មានការ​ចូលរួម​ទាំងអស់​គ្នា​ក្នុង​ស្មារតី​គោរព​និង​ការការពារ​សិទ្ធិមនុស្ស​»​។ នេះ​បើតាម​ការលើកឡើង​រប​ស់​នាយិកា​អង្គការ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បន្ថែមថា បើសិន​ស្ថានភាព​កូ​វីដ​-១៩ មិនល្អ​ប្រសើរ ហើយ​មិន​បានរៀបចំ​កម្មវិធី​នេះ គឺ​ពិតជា​រឿង​ដែល​គួរ​ឲ្យ​សោកស្ដាយ រួមទាំង​សង្គម​ទាំងមូល​ដែល​រង​នូវ​វិបត្តិ​កូ​វីដ​-១៩​។
 
​លោក​ម៉េ​ត មាស​ភក្ដី អ្នកនាំពាក្យ​សាលាក្រុង​ភ្នំពេញ​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​ថា ការមិន​អនុញ្ញាត​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​នេះ គឺ​ដោយសារ​ការទប់ស្កាត់​ការរីក​រាលដាល​កូ​វីដ​-១៩​។ លោក​អះអាងថា ប្រសិនបើ​ស្ថាន​ការ​កូ​វីដ​-១៩​ថមថយ​ទៅវិញ អង្គការ​សង្គម​ស៊ីវិល​ត្រូវដាក់​លិខិតស្នើ​ស​សុំ​ប្រារព្ធ​ពិធី​ជួបជុំ​ជាថ្មី ក្នុងករណី​រៀបចំ​ទិវា​នេះ​ឡើងវិញ​។ 
 
«​ដោយ​បញ្ហា​កូ​វីដ​-១៩ ទើប​មិន​អនុញ្ញាត​ឲ្យ​មានការ​ជួបជុំ ហើយ​សង្គម​ស៊ីវិល​កាលដែល​ស្នើសុំ​គឺមាន​ការជួប​ជុំគ្នា​១៥០០​នាក់​។ បើ​ស្ថានភាព​កូ​វីដ​-១៩​ថយ​វិញ ហើយ​ក្រុម​សង្គម​ស៊ីវិល​នៅតែ​ចង់​រៀបចំ គឺ​ត្រូវដាក់​លិខិត​ស្នើសុំ​ម្ដងទៀត​...» នេះ​បើតាម​ការលើកឡើង​រប​ស់លោក ម៉េ​ត មាស​ភក្ដី​៕ 

Tag:
 សង្គម​ស៊ីវិល​
  សិទ្ធិមនុស្ស​
  ១០​ឆ្នូ
© រក្សាសិទ្ធិដោយ thmeythmey.com