ជាតិ
​ក្រសួងកសិកម្ម​ផ្តល់​ម៉ាស៊ីន​ព្រោះស្រូវ​ទៅ​ខេត្តពោធិ៍សាត់ បាត់ដំបង និង​បន្ទាយមានជ័យ
08, Dec 2020 , 4:08 pm        
រូបភាព
រូបភាពពី ហ្វេសប៊ុក លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម
រូបភាពពី ហ្វេសប៊ុក លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម
​ភ្នំពេញ​៖ សម្ដេច ហ៊ុន សែន បានផ្ដល់​ម៉ាស៊ីន​ព្រោះស្រូវ​ចំនួន​១៥០​គ្រឿង តាមរយៈ​ក្រសួងកសិកម្ម ឱ្យ​ខេត្តពោធិ៍សាត់ បាត់ដំបង និង​បន្ទាយមានជ័យ សម្រាប់​ស្ដារ​ដាំ​ណាំ​ស្រូវ​ឡើងវិញ ក្រោយ​ទឹកជំនន់​ស្រក​ចុះ​។



​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​ប្រាប់​សារព័ត៌មាន​ThmeyThmey25 តាម​តេ​ឡេ​ក្រាម​ថា ខេត្ត​ទាំងបី​នេះ ជា​ខេត្ត​ដែល​រង​ផលប៉ះពាល់​ដំណាំ​ស្រូវ​ខ្លាំងជាងគេ និង​ត្រូវ​ស្ដារឡើងវិញ​រហូតដល់​ជាង​៤​ម៉ឺន​ហិកតា​។ បើតាម​រដ្ឋមន្ត្រីក្រសួង​កសិកម្ម​រូបនេះ ខេត្ត​នីមួយៗ នឹង​ទទួលបាន​ម៉ាស៊ីន​ព្រោះស្រូវ​ចំនួន​៥០​គ្រឿង​។ 
 
​លោក បញ្ជាក់ថា កន្លងមក​ខេត្ត​នីមួយៗ ទើប​ទទួលបាន​ម៉ាស៊ីន​ព្រោះស្រូវ​ចំនួន​១០​គ្រឿង​ប៉ុណ្ណោះ ហើយ​កាលពី​សប្ដាហ៍​មុន ក្រសួង​បានផ្ដល់​បង្គ្រប់​ឱ្យ​ខេត្តពោធិ៍សាត់ ដោយឡែក​ខេត្ត​២​ផ្សេងទៀត​នឹង​ផ្ដល់ជូន​នៅ​សប្ដាហ៍​បន្ទាប់​។  
 
​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បានលើកឡើង​ដូច្នេះ​ថា​៖«​កន្លងមក​ដោយសារ​មានការ​រអាក់រអួល​នៃ​ការផលិត ក្នុង​ការចែក​ពូជស្រូវ​លើកដំបូង​កន្លងទៅ មួយ​ខេត្ត​បាន​១០​គ្រឿង​ទេ​។ ហើយ​សប្ដាហ៍​កន្លងទៅ ក្រុមហ៊ុន​បានសម្រេច​ផលិត​ឧបករណ៍​នេះ​ចំនួន​៤០​គ្រឿង​បន្ថែមទៀត គឺ​យើង​បាន​បំពេញ​បង្គ្រប់​ទៅ​ខេត្តពោធិ៍សាត់ ដែល​ពីមុន​បាន​១០​គ្រឿង ដោយឡែក​ខេត្ត បន្ទាយមានជ័យ និង​បាត់ដំបង នឹង​ផ្ដល់ជូន​នូវ​សប្ដាហ៍​ក្រោយ »​។ 
 
​លោក វេ​ង សាខុន បាន​អះអាងថា ម៉ាស៊ីន​ព្រោះស្រូវ​នេះ បាន​ជួយ​ព​ន្លឿ​ន​ដល់​ការស្ដារ​ដំណាំ​របស់​ប្រជាកសិករ​ទ្វេដង​។ «​ចំណេញ​ដល់​ការ​សាបព្រោះ និង​ប្រើប្រាស់​ពូជស្រូវ ព្រោះ​បើសិន ព្រោះ​ដោយ​ដៃ​គឺ​យើង ត្រូវ​ចំណាយ​រហូតដល់​ជាង​២០០​គីឡូក្រាម ក្នុង​មួយ​ហិកតា ហើយ​ប្រសិនជា​យើង​ប្រើប្រាស់​ឧបករណ៍​នេះ គឺ​យើង​ប្រើ​អស់​តែ​៥០ ទៅ​៨០​គីឡូក្រាម អាស្រ័យ​លើ​ការ​ស្ទាត់ជំនាញ​ក្នុងការ​ប្រើប្រាស់​ឧបករណ៍​នេះ »​។ នេះ​ជាការ​បញ្ជាក់​របស់ លោក វេ​ង សាខុន ។ 
 
​ជាមួយគ្នានេះ ក្រសួងកសិកម្ម​ក៏បាន​ផ្ដល់ជូន ពូជស្រូវ​ប្រមាណ ៣ ០០០​តោន សម្រាប់​ស្ដារ​ដំណាំ​ស្រូវ​នៅក្នុង​ខេត្តពោធិ៍សាត់ បាត់ដំបង និង​បន្ទាយមានជ័យ ក្នុងនោះ ខេត្តពោធិ៍សាត់ ចំនួន ១,៤៥០​តោន​, បាត់ដំបង ចំនួន ១,០៥០​តោន និង​ខេត្តបន្ទាយមានជ័យ​ចំនួន ៦០០​តោន​។​
 
​គួរ​បញ្ជាក់ថា កាលពី​ខែកក្កដា សម្ដេច ហ៊ុន សែន បាន​បញ្ជា​ទិញ​ម៉ាស៊ីន​ព្រោះស្រូវ​ចំនួន​២​ពាន់​គ្រឿង ក្នុងនោះ​ធុន​ធំ​១​ពាន់​គ្រឿង និង​ធុន​តូច​១​ពាន់​គ្រឿង ប្រគល់ឱ្យ​ក្រសួងកសិកម្ម ចែកជូន​ដល់​ប្រជាកសិករ ដើម្បី​ស្ដារ​ដំណាំ​កសិកម្ម​ឡើងវិញ​៕  

Tag:
 ម៉ាស៊ីន​ព្រោះស្រូវ​
 ​កសិកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com