ជាតិ
សេដ្ឋកិច្ច
កម្ចីសម្បទាន​ដែល​ចិន​ផ្តល់​ឲ្យ​កម្ពុជា​លើ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​មាន​ជិត​៣​ពាន់​លាន​ដុល្លារ​ហើយ​
08, Dec 2020 , 10:29 pm        
រូបភាព
ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ​។ រូបថត​៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​
ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ​។ រូបថត​៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​
​ភ្នំពេញ​៖ ចិន បានផ្ដល់​កម្ចីសម្បទាន​ជិត ៣​ពាន់​លាន​ដុល្លារ សម្រាប់​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៅ​កម្ពុជា​។ នេះ​ជាការ​លើកឡើង​របស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន កាលពី​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២០​។​



លោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្នុង​ថ្លែង​សុន្ទរកថា​ក្នុង​វេទិកា​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​និង​សំណង់​អន្តរជាតិ​(IIICF) លើក​ទី​១១ កាលពី​ថ្ងៃទី​៣​ធ្នូ ឆ្នាំ​២០២០ នៅ​ទីក្រុង​ម៉ា​កាវ​នៃ​ប្រទេស​ចិន តាមរយៈ​ប្រព័ន្ធ​អន​ឡាញ​។  

​ក្នុងឱកាស​ចូលរួម​វេទិកា​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ និង​សំណង់​អន្តរជាតិ (IIICF) លើក​ទី​១១ កាលពី​ថ្ងៃទី​២-៣​ធ្នូ ឆ្នាំ​២០២០ នៅ​ទីក្រុង​ម៉ា​កាវ តាមរយៈ​ប្រព័ន្ធ​អន​ឡាញ លោក ស៊ុន ចាន់ថុល បាន​អះអាងថា មាន​ក្រុមហ៊ុន​របស់​ចិន​ជាច្រើន​បាន​ចូលរួម​សាងសង់​ផ្លូវ របស់​កម្ពុជា​ដែល​ប្រវែង​សរុប​៣,០០០​គីឡូម៉ែត្រ និង​ស្ពាន​សំខាន់ៗ​ចំនួន​៨​គម្រោង ក្នុងនោះ មានការ​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​-​ក្រុងព្រះសីហនុ មានតម្លៃ​ជិត​២​ពាន់​លាន​ដុល្លារ  ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ផ្លូវថ្នល់ និង​ស្ពាន​ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន​។​
 
​ក្រៅពីនេះ ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវដែក​ដែល​ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅ​កំពង់ផែ​ក្រុងព្រះសីហនុ និង​ពី​រាជធានី​ភ្នំពេញ​ទៅ​ព្រំដែន​ប្រទេស​ថៃ ក៏​ត្រូវបាន​ស្ដារឡើងវិញ​ដោយ​ក្រុមហ៊ុន​ចិន ផងដែរ​។ នេះ​បើតាម​លោក​ស៊ុន ចាន់ថុល ទាក់ទង​នឹង​ការប្រើ​កម្ចីសម្បទាន​ចិន​ជិត ៣​ពាន់​លាន​ដុល្លារ​។​
 
​រដ្ឋមន្ត្រី​សាធារណការ និង​ដឹកជញ្ជូន​រូបនេះ មានប្រសាសន៍​ដូច្នេះ​៖«​មូលនិធិ​ដែល​បាន​ពី​ដៃគូ​អភិវឌ្ឍ​ទាំង​សាធារណៈ​និង​ឯកជន​នៃ​ប្រទេស​ចិន អាចឱ្យ​យើង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​បណ្ដាញ​ផ្លូវថ្នល់​របស់​យើង​ដែល​ត​ភ្ជាប់​ទីក្រុង​ភ្នំពេញ​ទៅ​បណ្ដា​ខេត្ត ហើយ​វា​ក៏​ត​ភ្ជាប់​ទៅ​ខេត្ត​-​ក្រុង ដើម្បី​សម្រួល​ដល់​ពាណិជ្ជកម្ម ការវិនិយោគ​ក្នុងស្រុក និង​ក្រៅ​ស្រុក​ផងដែរ​»៕ 
 

Tag:
 ហេដ្ឋារចនាសម្ព័ន្ធ​
  កម្ចី​
  លោក ស៊ុន ចាន់ថុល​
© រក្សាសិទ្ធិដោយ thmeythmey.com