កីឡាអន្តរជាតិ
អន្តរជាតិ
២​ឆ្នាំក្រោយ Ronaldo និង Messi ជួបគ្នា​សារជាថ្មី​ក្នុង​ក្របខណ្ឌ​អឺរ៉ុប​
08, Dec 2020 , 4:59 pm        
រូបភាព
Cristiano Ronaldo និង Lionel Messi នឹងត្រូវ​ជួបគ្នា​ជា​លើកដំបូង​ក្រោយ​រយៈពេល​២​ឆ្នាំ​ក្នុងជំនួប​រវាង Juventus ជាមួយ Barcelona ពានរង្វាន់ Champions League វគ្គ​សន្សំ​ពិន្ទុ​ពូ​ល G នៅ​រាត្រី​ថ្ងៃទី​៨ ខែធ្នូ វេលា​ម៉ោង ៣:០០​នាទី [​ម៉ោង​នៅ​កម្ពុជា​]​។​



​ចាប់តាំងពី Ronaldo ផ្លាស់​ពី Real Madrid ទៅកាន់​ក្លិប​យក្ស​អ៊ីតាលី​នៅ​ឆ្នាំ ២០១៨ កំពូល​កីឡាករ​ទាំងពីរ​ដែល​ធ្លាប់​ប្រជែង​គ្នា​នៅលើ​ទីលាន​ជិត​មួយ​ទសវត្សរ៍ ក៏ត្រូវ​អាក់ខាន​តតាំង​គ្នា​រហូតដល់​សព្វថ្ងៃ​។ ដោយសារ​ក្រុម​របស់​ពួកគេ​ស្ថិតក្នុង​ពូ​ល​ជាមួយគ្នា ទើប​អ្នក​ទាំងពីរ​មានឱកាស​ជួបគ្នា​សាជាថ្មី​។​
 
Juventus និង Barcelona សុទ្ធតែ​ទទួលបាន​កៅអី​ទៅកាន់​វគ្គ​១៦​ក្រុម​ចុងក្រោយ​រៀងៗ​ខ្លួន ក្រោយ​រកបាន​ពិន្ទុ​នាំមុខ​ដាច់​ក្រុម​ពីរ​ទៀត​ក្នុង​ពូ​ល G​។ ក្រុម​សេះបង្កង់​នៅ​ចំណាត់ថ្នាក់​ទី​២​មាន ១៣ ឯង​ក្រុម​រហស្សនាម​អ្ន​ម​មានបុណ្យ​នៅ​កំពូល​តារាង​មាន​១៥​ពិន្ទុ​ហើយ​មាន​សំណល់​គ្រាប់​បាល់​លើស​ដល់​ទៅ​៧​គ្រាប់​ផង​។​
 
​ដូច្នេះ​ជំនួប​ចុងក្រោយ​ក្នុង​ពូ​ល G នេះ​គ្រាន់​ជាការ​ប្រកួត​បង្គ្រប់កិច្ច​ប៉ុណ្ណោះ ប៉ុន្តែ​អ្វីដែល​ពិភពលោក​ទន្ទឹងរង់ចាំ​គឺ​ការជួបគ្នា​របស់ Ronaldo និង Messi​។ ដំបូង​ឡើយ​ម្ចាស់​ពាន Ballon D’or ច្រើនជាងគេ​ទាំងពីរ អាច​នឹង​ជួបគ្នា​ម្តង​រួចមកហើយ​នា​កា​ប្រកួត​ដែល Barca ឈ្នះ​នៅ​ទឹ​ដី Juventus ២-០ កាលពី​ជើង​ទី​១​នោះ​។ ប៉ុន្តែ​ដោយសារ ប្រធាន​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់ វ័យ​៣៥​ឆ្នាំ​ឆ្លង COVID-19 ទើប​អាក់ខាន​ទៅវិញ​។​
 
​នៅ​រាត្រី​នេះ គេ​រំពឹងថា​ក្រុម​យក្ស​ទាំងពីរ​នឹងដាក់ Super Star របស់​ពួកគេ​លេង​រៀងខ្លួន ខណៈ Messi ត្រូវបាន​អ្នកចាត់ការ​ទូទៅ​លោក Ronald Koeman ទុក​ជើង​ពីរ​ប្រកួត​រួចហើយ ក្នុងជំនួប​ទល់នឹង Dynamo Kyiv និង Ferencvaros​។​
 
​ជំនួប​ផ្តាច់ព្រ័ត្រ​តាម​ពូ​ល​ដទៃទៀត​៖
 
​ពូ​ល E
Chelsea Vs FC Krasnodar
Rennes Vs Sevilla
 
​ពូ​ល F
Lazio Vs Club Brugge
Zenit St. Petersburg Vs Borussia Dortmund
 
​ពូ​ល G
Barcelona Vs Juventus
Dynamo Kyiv Vs Ferencvaros
 
​ពូ​ល H
Paris Saint-Germain Vs Istanbul Basaksehir
RasenBallsport Leipzig Vs Manchester United

Tag:
 Cristiano Ronaldo
  Lionel Messi
  Champions League
© រក្សាសិទ្ធិដោយ thmeythmey.com