អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក បៃ​ឌិន ជ្រើសរើស​ឧ​ត្ត​ម​សេនីយ៍​ស្បែក​ខ្មៅ​ចូលនិវត្តន៍​ធ្វើ​រដ្ឋមន្ត្រី​ការពារជាតិ
08, Dec 2020 , 10:59 pm        
រូបភាព
ឧត្តមសេនីយ៍ Lloyd Austin មេទ័ពផ្កាយ៤ចូលនិវត្តន៍  ដែលត្រូវលោក ចូ បៃឌិន ជ្រើសរើសជារដ្ឋមន្ត្រីការពារជាតិអាមេរិក ។ រូបពី AFP
ឧត្តមសេនីយ៍ Lloyd Austin មេទ័ពផ្កាយ៤ចូលនិវត្តន៍ ដែលត្រូវលោក ចូ បៃឌិន ជ្រើសរើសជារដ្ឋមន្ត្រីការពារជាតិអាមេរិក ។ រូបពី AFP
ដោយ:
​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក ចូ បៃ​ឌិន បានជ្រើសរើស​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​បួន Lloyd Austin ដែលជា​មេទ័ព​ចូលនិវត្តន៍ ឲ្យ​ធ្វើជា​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​។ បើ​ត្រូវអនុម័ត​ដោយ​ព្រឹទ្ធសភា​អាមេរិក លោក​នឹង​ក្លាយជាជនជាតិ​អាមេរិក​ស្បែក​ខ្មៅ​ទីមួយ​ដែល​គ្រង​តំណែង​កំពូល​នេះ​។ នេះ​តាម​ការចុះផ្សាយ​របស់​ទូ​រទស្ស​ន៍​អាមេរិក CNN នៅ​ថ្ងៃទី ៧ ខែធ្នូ​។

 
​សារព័ត៌មាន​អាមេរិក​បាន​ស្រង់​ប្រភព​ជាច្រើន​ថា ដោយមាន​បទពិសោធ​ក្រាស់ក្រែល​ក្នុង​សង្គ្រាម​អាមេរិក​នៅ​អ៊ីរ៉ាក់ និង​អា​ហ្វ​ហ្កា​នី​ស្ថាន ឧ​ត្ត​ម​សេនីយ៍ Lloyd Austin យកឈ្នះ​ទំនុកចិត្ត​លោក ចូ បៃ​ឌិន ពី​អ្នកស្រី Michele Flournoy អតីត​រដ្ឋលេខាធិការ​ក្រសួងការពារជាតិ​អាមេរិក​ទទួលបន្ទុក​កិច្ចការ​គោលនយោបាយ ក្រោម​អាណត្តិ​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា ។ 
 
​លោក Austin នឹងត្រូវ​ឆ្លងកាត់​ព្រឹទ្ធសភា​អាមេរិក​សិន មុន​អាច​ចូលកាន់​តំណែង​។ ម្យ៉ាង​លោក​ក៏​នឹង​តម្រូវ​ឲ្យ​ការលើកលែង​ពិសេស​មួយ​ពី​ព្រឹទ្ធសភា ដ្បិតថា​ច្បាប់​សហព័ទ្ធ​អាមេរិក​ទាមទារ​ឲ្យ​មន្ត្រី​យោធា​រង់ចាំ​៧​ឆ្នាំ​សិន​ក្រោយ​ចូលនិវត្តន៍ មុននឹង​ទៅកាន់​តំណែង​ជា​ប្រមុខ​មន្ទីរ​បញ្ច​កោណ​អាមេរិក​បាន​។ ច្បាប់​នេះ ត្រូវបាន​បង្កើតឡើង​ដោយ​យល់ឃើញថា មានតែ​ជន​ស៊ីវិល​សក្តិសម​នឹង​កាន់តំណែង​ជា​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​។ 
 
​ការលើកលែង​បានកើត​ឡើង​២​ដង​មកហើយ ដោយ​កាលពី​ថ្មីៗ​នេះ គឺ​អនុគ្រោះ​សម្រាប់​ឧ​ត្ត​ម​សេនីយ៍ Jim Mattis ក្នុង​ឆ្នាំ​២០១៦ ដែលជា​រដ្ឋមន្ត្រី​ការពារជាតិ​ទីមួយ​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ។ ទោះ​យល់ព្រម​មែន សមាជិក​ព្រឹទ្ធសភា​យល់ព្រម​ទាំង​ស្ទាក់ស្ទើរ ហើយ​ពួកគេ​កាលនោះ ថែមទាំង​និយាយថា មិន​ចង់​ធ្វើបែបនេះ​ម្ដងទៀត​ឡើយ នា​ថ្ងៃមុខ​។ 
 
​ជា​និស្សិត​បញ្ចប់​ការសិក្សា​នៅ​សាលា​បណ្ឌិត្យ​យោធា West Point ក្នុង​ឆ្នាំ​១៩៧៥ លោក Austin បាន​ប្រលូក​ក្នុង​វិស័យ​យោធា​អស់​ជាង​៤០​ឆ្នាំ ដោយ​ផ្ដើម​ពី​មន្ត្រី​តូចតាច​ឡើងដល់​តំណែង​កំពូល​។ ក្នុង​ខែមីនា ឆ្នាំ​២០០៣ លោក​ជា​ឧបការី​មេបញ្ជាការ​ភូមិភាគ​មួយ ដែល​បាន​ដឹកនាំ​ទ័ព​អាមេរិក​ពី​ប្រទេស កូ​វ៉ែត ចូលទៅ​កាន់ បា​កដាដ ក្នុង​សង្គ្រាម​អ៊ីរ៉ាក់​។ 
 
​ពី​ចុងឆ្នាំ​២០០៣ ដល់ ២០០៥ លោក​ប្រចាំការ​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន ដើម្បី​បញ្ជា​ប្រតិបត្តិការ​ចម្រុះ​ដឹកនាំ​ដោយ​អាមេរិក ឬ​ហៅថា Combined Joint Task Force 180 ក្នុង​គោលដៅ​ស្វែងរក​ស្ថិរភាព​ផ្នែក​សន្តិសុខ​ក្នុងប្រទេស​នេះ​។ 
 
​ក្នុង​ឆ្នាំ​២០១០ លោក​ត្រូវបានតែងតាំង​ជា​មេបញ្ជាការ​កងទ័ព​អាមេរិក​នៅ​អ៊ីរ៉ាក់ ហើយ​២​ឆ្នាំក្រោយ​មកទៀត លោក​បាន​ឡើងជា​មេបញ្ជាការ​ទីបញ្ជាការដ្ឋាន​កណ្ដាល តិ​ប​ត្តិ​ការ​ទាំងអស់រ​បស់​មន្ទីរ​បញ្ច​កោណ​ក្នុង​តំបន់​មជ្ឈិមបូព៌ា​។ 
 
​សម្រាប់​តំណែង​នេះ លោក​មាន​កាតព្វកិច្ច​ស្នូល​ប្រយុទ្ធប្រឆាំង​ក្រុម​រដ្ឋ​ឥស្លាម (ISIS) ដោយ​កាលនោះ​ពួកក្រុម​ឧទ្ទាម​នេះ បាន​កាន់កាប់​មួយ​ទឹកដី​មួយផ្នែកធំ​នៃ​ប្រទេស​ស៊ី​រី និង​អ៊ីរ៉ាក់​។ អំឡុងពេល​នេះហើយ លោក​ទទួលបាន​ការទុកចិត្ត​ទុក​ថ្លើម​ពី​សំណាក់​លោក ចូ បៃ​ឌិន ដែល​កាលនោះ​ជា​អនុ​ប្រធានាធិបតី​អាមេរិក​។  លោក​សម្រេច​ចូលនិវត្តន៍​ក្នុង​ឆ្នាំ​២០១៦៕ 
 
 

Tag:
 សហរដ្ឋអាមេរិក​
  ចូ បៃ​ឌិន
© រក្សាសិទ្ធិដោយ thmeythmey.com