COVID-19
អន្តរជាតិ
ស្ត្រី​វ័យ​៩០​ឆ្នាំ ជា​អ្នកទទួល​វ៉ាក់សាំង​កូ​វីដ​-១៩ មុនគេ​នៅ​អង់គ្លេស​
08, Dec 2020 , 5:17 pm        
រូបភាព
​ចក្រភព​អង់គ្លេស នៅ​ថ្ងៃទី​៨ ខែធ្នូ បានចាប់ផ្តើម​កម្មវិធី​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ ទ្រង់ទ្រាយ​ធំ នៅក្នុង​ប្រទេស​របស់ខ្លួន​។ នេះ គឺជា​ការផ្លាស់ប្តូរ​បរិ​បទ​មួយ​នៅក្នុង​ប្រវត្តិសាស្ត្រ ស្របពេល​ស្ថានភាព​កូ​វីដ​-១៩ មិនទាន់​ស្រាកស្រាន្ត​នៅឡើយ​។ ស្ត្រី​វ័យ​៩០​ឆ្នាំ​ម្នាក់ ជា​មនុស្ស​ទីមួយ​ទទួលបាន​វ៉ាក់សាំង​។​


​តាំងពីព្រឹក​មក ប្រជាជន​អង់គ្លេស​ជាច្រើន​នាក់ ដែល​ភាគច្រើន​គឺជា​ជន​ងាយ​រងគ្រោះ ដូចជា​មនុស្ស​ចាស់​មាន​អាយុ​លើសពី ៨០​ឆ្នាំ ក្រុមគ្រូពេទ្យ​ថែទាំ​ង​អ្នកជំងឺ​កូ​វីដ​-១៩ បុគ្គលិក​សង្គម​ជាដើម បាន​ឈរ​តម្រង់​ឈរ ដើម្បី​ទទួលបាន​ការចាក់​វ៉ាក់សាំង​ជា​លើកដំបូង​។ ការចាក់​វ៉ាក់សាំង​នេះ ត្រូវ​ចាក់​រយៈពេល​ពីរលើក​។ ថ្ងៃ​ចាក់​វ៉ាក់សាំង​នេះ ត្រូវបាន​ដាក់ឈ្មោះថា «V-Day»​។​
 
​ការចាក់​វ៉ាក់សាំង​លើក​ទី​ពីរ នឹងធ្វើ​ឡើង​នៅ​រយៈពេល ២១​ថ្ងៃក្រោយ​។ វ៉ាក់សាំង ដែល​អង់គ្លេស​ចាក់​នេះ គឺជា​របស់​ក្រុមហ៊ុន Pfizer ដែល​បានអនុញ្ញាត​នៅ​សប្តាហ៍​មុន​។ ចំណែក​ក្រុមហ៊ុន​វ៉ាក់សាំង​អង់គ្លេស AstraZeneca កំពុង​ស្រាវជ្រាវ​រក​ពី​ចំណុច​ខ្វះខាត​មួយចំនួន​បន្ថែមទៀត បន្ទាប់ពី​មាន​បញ្ហា​។  
 
​ក្នុង​ការចាក់​វ៉ាក់សាំង​នេះ ស្ត្រី​ឈ្មោះ Margaret Keenan ជា​អ្នកទទួល​វ៉ាក់សាំង​មុនគេ​។ លោកយាយ​បាន​អះអាងថា​៖ «​ខ្ញុំ​មាន​អារម្មណ៍​ថា​ពិសេស​ណាស់ ដោយបាន​ក្លាយជា​មនុស្ស​ដំបូង ដែល​ទទួលបាន​ការចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វិដ​-១៩»​។ បើតាម​លោកស្រី នេះ​គឺជា​អំណោយ​មុន​ខួបកំណើត​ដ៏​អស្ចារ្យ​មួយ ដែល​លោកស្រី​ប្រាថ្នា​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។ 
 
​ការចាក់​វ៉ាកសាំង​នេះ ធ្វើឡើង​ស្របពេល អង់គ្លេស​កំពុង​រង​ការអុកឡុក​ពី​កូ​វីដ​-១៩ ជាថ្មី​។ នៅ​ថ្ងៃទី​៧ ខែធ្នូ អង់គ្លេស មាន​ករណី​ឆ្លង​កូ​វីដ​-១៩ ចំនួន ១៤៧១៨​ករណី​។ ករណី​សរុប​អង់គ្លេស មាន​ចំនួន ១,៧​លាន​ករណី ខណៈ​អ្នក​ស្លាប់មាន​ចំនួន​ជាង ៦​ម៉ឺន​នាក់​។ 
 
​ការចាក់​វ៉ាក់សាំង​ទ្រង់ទ្រាយ​ធំ​នេះ ក៏ត្រូវ​បាន​គាំទ្រ​ដោយ​ប្រជាជាតិ​ទាំង​បួន​របស់​ចក្រភព​អង់គ្លេស​ដែរ​។ ប្រជាជាតិ​ទាំង ៤ នេះ​មានដូចជា អង់គ្លេស​, ស្កុ​តឡែ​ន​, វ៉ែល និង​អៀឡង់​ខាងជើង ដែល​ប្រជាជាតិ​ទាំងនេះ មាន​គោលនយោបាយ​សុខាភិបាល​ខុសៗ​គ្នា និង​រៀបចំ​គោលនយោបាយ​រៀងៗ​ខ្លួន​។ ជាមួយគ្នានេះ ម្ចាស់​ក្ស​ត្រី Elizabeth ទី​ពីរ ដែលមាន​វ័យ ៩៤​ឆ្នាំ ក៏​ត្រូវបាន​រាយការណ៍​ថា ក៏​អាច​ស្ថិតនៅក្នុង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​នេះដែរ​។ 
 
​ក្រុមគ្រូពេទ្យ​បាន​ជួប​បញ្ហា​មួយចំនួន ជុំវិញ​ការ​ស្តុក​ទុក​វ៉ាក់សាំង​។ សម្រាប់​វ៉ាក់សាំង​ក្រុមហ៊ុន Pfizer វា​ត្រូវការ​កន្លែង​ទុក ដែលមាន​សី​តុ​ណ្ណ​ភាព​រហូតដល់​៧០​អង្សា​ក្រោម​សូន្យ​។ មានតែ​មន្ទីរពេទ្យ និង​មជ្ឈមណ្ឌល​ថែទាំ​សុខភាព​មួយចំនួន​ប៉ុណ្ណោះ ដែល​អាច​ដោះស្រាយ​ជាមួយ​សី​តុ​ណ្ណ​ភាព​ដ៏​ទាប​នេះ​បាន​។ 
 
​កន្លងមក ការអនុញ្ញាត​របស់​អង់គ្លេស បាន​រង​កា​រិះគន់​ពី​សំណាក់​សហភាព​អឺរ៉ុប ដោយសារតែ​អង់គ្លេស បានអនុម័ត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​លឿន​ពេក ដោយ​មិនបាន​ត្រួតពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់​។ ជាការ​ឆ្លើយតប អង់គ្លេស​អះអាងថា ការត្រួតពិនិត្យ​របស់​ខ្លួន មាន​បទដ្ឋាន​អន្តរជាតិ​៕ 

Tag:
 អង់គ្លេស​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com