សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
អូស្ត្រាលី នឹងចេញច្បាប់បង្ខំឲ្យFacebook, Google បង់លុយថ្លៃផ្សព្វផ្សាយមាតិកាព័ត៌មាន រដ្ឋមន្ត្រីរតនាគារអូស្ត្រាលី លោក Josh Frydenberg ។ រូបពី AFP
× អូស្ត្រាលី នឹងដាក់សេចក្តីព្រាងច្បាប់មួយដើម្បីជជែកពិភាក្សាក្នុងសភាក្នុងសប្ដាហ៍នេះ ដែលនឹងតម្រូវឲ្យក្រុមហ៊ុន Facebook និង Google បង់លុយដល់បណ្ដាញផ្សព្វផ្សាយសម្រាប់មាតិកាព័ត៌មានរបស់ពួកគេ។ នេះជាគំនិតផ្ដួចផ្ដើមដំបូងបង្អស់ក្នុងពិភពលោក ដែលមានគោលដៅការពារវិស័យសារព័ត៌មានឯករាជ្យ ដែលខាតបង់ប្រាក់ចំណូលច្រើនអនេកដោយសារក្រុមហ៊ុនអ៊ីនធឺណិតយក្សទាំងនេះ។
ប្រាប់អ្នកសារព័ត៌មានក្នុងទីក្រុង កង់បេរ៉ា នៅថ្ងៃទី ៨ ខែធ្នូ រដ្ឋមន្ត្រីរតនាគារអូស្ត្រាលី លោក Josh Frydenberg គូសបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ត្រូវតែចរចាជាមួយបណ្ដាញប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកអូស្ត្រាលីជុំវិញតម្លៃសម្រាប់មាតិកាព័ត៌មានដែលលេចឡើងលើវេបសាយរបស់ពួកគេ ។
ប្រសិនបើក្រុមហ៊ុនទាំងនេះចរចាកិច្ចព្រមព្រៀងអត់ចេញទេនោះ អាជ្ញាកណ្ដាលដែលចាត់តាំងដោយរដ្ឋាភិបាលអូស្ត្រាលី នឹងសម្រេចចិត្តសម្រាប់ពួកគេ។ «នេះជាកំណែទម្រង់ដ៏សម្បើម។ នេះជាលើកដំបូងលើពិភពលោក ហើយពិភពលោក កំពុងតាមដានអ្វីដែលកើតឡើងទីនេះ ក្នុងប្រទេសអូស្ត្រាលី»។ លោក Josh Frydenberg អះអាងដូច្នេះ មុននឹងបន្ថែមថា ឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយចម្រុះនិងខ្លាំង ជារឿងចាំបាច់សម្រាប់លទ្ធិប្រជាធិបតេយ្យ។
សេចក្តីព្រាងច្បាប់នេះ នឹងត្រូវដាក់ឲ្យជជែកដេញដោលក្នុងសភាអូស្ត្រាលី នៅថ្ងៃទី ៩ ខែធ្នូ តែមិនទំនងជាត្រូវអនុម័តឡើយក្នុងឆ្នាំនេះ។ បើក្លាយជាច្បាប់មែននោះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សដែលល្មើស នឹងប្រឈមការពិន័យរហូតដល់ ៧,៤លានដុល្លារ ឬលុយពិន័យ៣ដងនៃផលចំណេញដែលពួកគេរកបាន ពីការយកមាតិកាព័ត៌មានរបស់បណ្ដាញផ្សព្វផ្សាយអូស្ត្រាលីទៅដាក់លើ Platforms ពួកគេ។
ខណៈមនុស្សពេញនិយមអានព័ត៌មានតាមអនឡាញ ប្រព័ន្ធផ្សព្វផ្សាយប្រពៃណី ជាពិសេស កាសែត ឬទស្សនាវដ្តី ធ្លាក់ចំណូលយ៉ាងគំហុក។ តួយ៉ាង ប្រព័ន្ធផ្សព្វផ្សាយលក្ខណៈបោះពុម្ភរបស់អូស្ត្រាលី ធ្លាក់ចំណូលរហូតដល់ ៧៥ភាគរយ ចាប់តាំងពីឆ្នាំ២០០៥មក ហើយខ្លះក៏បង្ខំចិត្តបិទទ្វារ ឬកាត់បន្ថយបុគ្គលិកក្នុងឆ្នាំនេះ។
ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ បង្ហាញជំហរប្រឆាំងនឹងសំណើច្បាប់អូស្ត្រាលីនេះ ដោយសង្កត់ធ្ងន់ថា ទង្វើនេះនឹងប៉ះពាល់អ្នកអាន។ ជាក់ស្តែង ក្រុមហ៊ុន Facebook កាលពីថ្មីៗនេះ បានគំរាមបញ្ឈប់អ្នកប្រើប្រាស់Facebook នៅអូស្ត្រាលីពីការចែករំលែកព៧ត៌មានលើ Platform ខ្លួនថែមទៀតផង ប្រសិនបើច្បាប់នេះចូលជាធរមាននោះ។ ចំណែក ក្រុមហ៊ុន Google បានលើកឡើងថា សេវាកម្មស្វែងរក (search service) របស់ខ្លួន នឹងរងផលប៉ះពាល់ខ្លាំង ក្រោមច្បាប់នេះ ៕
Tag:
អូស្ត្រាលី
Facebook
Google
បណ្ដាញផ្សព្វផ្សាយ
© រក្សាសិទ្ធិដោយ thmeythmey.com