ជាតិ
ពីនេះ ពីនោះ
ទិញដីឡូត៍ពុះលក់? សូមឆែកប្រវត្តិឲ្យច្បាស់ជាមុនសិន!
09, Dec 2020 , 10:51 am        
រូបភាព
ដោយ: ថ្មីៗ
ការលក់ដូរដីធ្លីផ្ទះសម្បែងនេះ បានក្លាយទៅមុខរបរពេញនិយមសម្រាប់មនុស្សមួយចំនួនទៅហើយ។ អ្នកខ្លះ ឈប់ធ្វើការងារផ្សេងៗដើម្បីចាប់យកមុខរបរនេះ។ តែមិនយូរមិនឆាប់ ពួកគេក៏បោះបង់ចោលទៅវិញ។ សុធីរ និងសំណាង បានតាមដានរឿងរ៉ាវនេះអស់រយៈជាច្រើនឆ្នាំមកហើយ។

 
សុធីរ៖ អញលឺគេថា រកស៊ីទិញលក់ដីធ្លីឥឡូវចំណេញណាស់ណ៎ា! សំណាង អ្ហែងគួររកស៊ីមុខរបរហ្នឹងនឹងគេដែរ?  
 
សំណាង៖ បើមុខរបរហ្នឹងរកស៊ីបានចំណេញគ្រប់គ្នាមែននោះ វាលែងមានអ្នកក្រទៅហើយ។ 
 
សុធីរ៖ បើអ្ហែងមិនរកស៊ី ក៏មិនអីដែរ។ ចុះអ្ហែងមានទិញដីឡូត៍ពុះលក់ខ្លះដែរឬទេ? 
 
សំណាង៖ អត់ផង តែមិនភក្តិអញទិញច្រើនគួរសមដែរ។ ទិញហើយ តែដល់ពេលត្រូវកាត់ប្លង់រឹង និតិវិធីចាប់ផ្តើមរញ៉េរញ៉ៃ។ 
 
សុធីរ៖ រញ៉េរញ៉ៃយ៉ាងម៉េចទៅ? 
 
សំណាង៖ អញមិនមានបទពិសោធន៍ទេ។ តែក្លើរអញមួយចំនួនមានបទពិសោធន៍អាក្រក់។ អាក្រក់នៅត្រង់ថា ពេលទិញ សេវាមហាសែនស្រួល ដល់ពេលទិញហើយ ជាពិសេស ដំណាក់កាលកាត់ប្លង់រឹង ពេលនោះ ភាពស្មុគស្មាញកើតឡើង។ ដីពុះឡូត៍នៅកន្លែងខ្លះ ថែមទាំងមិនអាចកាត់់ប្លង់រឹងបានទៀតផង។ បើតាមអញដឹង មុននឹងទិញដីឡូត៍ពុះលក់ ឬអចលនទ្រព្យអីក៏ដោយ ត្រូវតែឆែកប្រវត្តិផ្លូវច្បាប់ឲ្យច្បាស់ទើបជាការប្រសើរ។ អញបញ្ជាក់អ្ហែងបន្តិចថា មិនមែនគ្រប់គម្រោងសុទ្ធតែអាក្រក់ទេណ៎ា! តែមានគម្រោងមួយចំនួនមិនល្អទាល់តែសោះ។ 
 
សុធីរ៖ ករណីហ្នឹងមានច្រើនឬទេ អា សំណាង? 
 
សំណាង៖ ចំនួនពិតប្រាកដ អញមិនដឹងទេ។ តែអ្ហែងត្រូវតែឆែកឲ្យពិតប្រាកដថា តើនរណាជាម្ចាស់គម្រោង? មានច្បាប់់ត្រឹមត្រូវឬទេ? ច្បាប់ហ្នឹងត្រឹម កម្រិតណា? បើមានបញ្ហា តើនរណាជាអ្នកទទួលខុសត្រូវ? ចូរប្រយ័ត្នចំពោះក្រុមផ្សព្វផ្សាយមិនស្មោះត្រង់! 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com