COVID-19
សង្គមអន្តរជាតិ​
អន្តរជាតិ
ប្អូនស្រី​លោក គីម រិះគន់​ប្រមុខ​ការទូត​កូរ៉េខាងត្បូង​ដែល​សង្ស័យ​មាន​ករណី​កូ​វីដ​-១៩ នៅ​កូរ៉េខាងជើង​
09, Dec 2020 , 7:29 pm        
រូបភាព
ប្រមុខការទូតកូរ៉េខាងត្បូង លោកស្រី Kang Kyung-wha។ រូបភាព៖ AFP
ប្រមុខការទូតកូរ៉េខាងត្បូង លោកស្រី Kang Kyung-wha។ រូបភាព៖ AFP
​លោកស្រី គីម យ៉ូ​ចុង ប្អូនស្រី​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​រិះគន់​ប្រមុខ​ការទូត​កូរ៉េខាងត្បូង លោកស្រី Kang Kyung-wha ជុំវិញ​ការសង្ស័យថា​មាន​ករណី​ឆ្លង​កូ​វីដ​-១៩ នៅ​កូរ៉េខាងជើង​។ នេះ​បើតាម​ការផ្សាយ​បស់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA នៅ​ថ្ងៃទី ៩ ខែវិច្ឆិកា​។ លោកស្រី គីំ ថែមទាំង​ព្រមាន​ថា បើ​មិន​បញ្ឈប់​ការសង្ស័យ​បែបនេះ​ទេ វា​អាច​នឹង​បង្ក​ឲ្យ​មាន​ផល​អាក្រក់​ដល់​ទំនាក់ទំនង​ទ្វេភាគី​ថែមទៀត​។

 
​កាលពី​សប្ដាហ៍​មុន រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងត្បូង លោកស្រី Kang Kyung-wha បានលើកឡើង​ក្នុង​កិច្ចប្រជុំ​មួយ​ថា វា​ពិបាក​ជឿ​ណាស់​ដែល​កូរ៉េខាងជើង មិនមាន​ករណី​ឆ្លង​កូ​វីដ​-១៩ នៅក្នុង​ប្រទេស ស្របពេល​ប្រទេសមួយ​នេះ បាន​បង្កើន​ការខិតខំ​យ៉ាងខ្លាំង ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​នៃ​កូ​រ៉ូ​ណាវី​រុស​។ ការលើកឡើង​បែបនេះ ធ្វើ​ឲ្យ​កូរ៉េខាងជើង​ក្ដៅស្លឹកត្រចៀក​ខ្លាំង​។​
 
​លោកស្រី គីម យ៉ូ​ចុង ប្អូនស្រី​បង្កើត​លោក គីម ជុង​អ៊ុន ប្រមុខ​ដឹក​កូរ៉េខាងជើង ចាត់ទុក​សម្ដី​លោកស្រី កាង ជា​បំណង​ចង់​បង្កើន​ភាពល្អក់​កករ​ដាក់​គ្នា​។ ក្នុង​សេចក្តីថ្លែងការណ៍​មួយ ដែល​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន KCNA លោកស្រី គីម ដែលជា​មន្ត្រីជាន់ខ្ពស់​ក្នុង​បក្ស​ពលករ​កូរ៉េ បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖ «​យើង​អាច​មើលឃើញ​ពី​ការលើកឡើង​ដោយ​គ្មាន​ការពិចារណា របស់លោក​ស្រី Kang Kyung-wha ដែល​មិន​គិតពី​ផលវិបាក​»​។ 
 
​បើតាម​ស្ត្រី​ដ៏​មាន​ឥទ្ធិពល​រូបនេះ ការលើកឡើង​របស់​ប្រមុខ​ការទូត​កូរ៉េខាងត្បូង​ថែមទាំង​អាច​បង្កក​ទំនាក់ទំនង​កូរ៉េ​ទាំងពីរ​ថែមទៀត​។ លោកស្រី គីម បានបញ្ជាក់​ច្បាស់ៗ​ថា កូរ៉េខាងជើង នឹងមិន​ភ្លេច​ពាក្យសម្តី​ទាំង​នោះឡើយ ហើយ​ប្រមុខ​ការទូត​កូរ៉េខាងត្បូង ប្រហែលជា​ត្រូវ​ទទួលខុសត្រូវ​លើ​បញ្ហា​ផងដែរ​។ 
 
​កន្លងមក មិន​ត្រឹមតែ​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងត្បូង​ប៉ុណ្ណោះ​ទេ ដែល​សង្ស័យថា កូរ៉េខាងជើង​មាន​ករ​ណី​ឆ្លង​កូ​វីដ​-១៩ នៅក្នុង​ប្រទេស សូម្បីតែ​ទីភ្នាក់ងារ​ចារកិច្ច​ជាតិ​កូរ៉េខាងត្បូង (NIS) ក៏បាន​អះអាង​ផងដែរ​ថា គេ​មិនអាច​ច្រាន​ច្រោ​ល​បានទេ​ករណី​ឆ្លង​កូ​រ៉ូ​ណា​វីរុស​នៅ​កូរ៉េខាងជើង ព្រោះ​ប្រទេស​នេះ មាន​ការផ្តោះប្តូរ​ពាណិជ្ជ​កម្ម​ជាមួយ​ចិន​ផងដែរ មុន​កូ​រ៉ូ​ណាវី​រុស​ផ្ទុះ​ខ្លាំង​នៅក្នុង​ក្រុង​វូ​ហាន​។ 
 
​គិត​មក​ត្រឹម​ពេលនេះ កូរ៉េខាងជើង ជា​ប្រទេសមួយ ដែល​មិនទាន់​ប្រកាសថា​មាន​ករណី​ឆ្លង​កូ​រ៉ូ​ណាវី​រុស​នៅឡើយ​ទេ​។ នៅ​សប្តាហ៍​មុន ទីភ្នាក់ងារ​ព័ត៌មាន KCNA បាន​ចុះផ្សាយ​ថា កូរ៉េខាងជើង បានដាក់​ចេញ​វិធានការ​អាសន្ន​កម្រិត​ខ្ពស់បំផុត​ដើម្បី​ទប់ស្កាត់​កូ​វីដ​-១៩៕ 

Tag:
 កូរ៉េខាងជើង​
  កូរ៉េខាងត្បូង​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com