ជាតិ
យុទ្ធនា​ការរក្សា​ប្លា​ស្ទិ​ក​ប្ដូរ​យក​អង្ករ របស់​អង្គការ​មូ​និ​ធិ​ទំពាំង​ស្នង​ឫស្សី ទទួល​ការគាំទ្រ​ពី​ប្រជាជន​
09, Dec 2020 , 9:59 pm        
រូបភាព
សំរាមប្លាស្ទិកដែលត្រូវបានប្រមូលទុកក្នុងការុង(រូបផ្ដល់ឪ្យ)
សំរាមប្លាស្ទិកដែលត្រូវបានប្រមូលទុកក្នុងការុង(រូបផ្ដល់ឪ្យ)
​ភ្នំពេញ​៖ លោក ស៊ា សុផល ប្រធាន​អង្គការ​មូលនិធិ​ទំពាំង​ស្នង​ឫស្សី បាន​បង្កើត​កម្មវិធី រក្សាទុក​ប្លា​ស្ទិ​ក​ប្រើ​ក្នុងផ្ទះ និង​ប្រមូល​ប្លា​ស្ទិ​ក​ពី​ទី​សារ​ធាណៈ​មក​ទុក​ក្នុង​ការុង​ឱ្យបាន​ត្រឹមត្រូវ នឹង​ទទួលបាន​អង្ករ​១០​គីឡូក្រាម ក្នុង​មួយខែ ។ យុទ្ធនាការ​របស់​អង្គការ​មូលនិធិ​ទំពាំង​ស្នង​ឫស្សី ដែល​បាន​សហ​ការណ៍​ជាមួយ​ក្រសួងបរិស្ថាន ទទួលបាន​ការគាំទ្រ​ពី​ប្រជាជន​ផងដែរ​។​



​លោក ស៊ា សុផល ប្រធាន​អង្គការ​មូលនិធិ​ទំពាំង​ស្នង​ឫស្សី បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា កម្មវិធី​ផ្ដល់​អង្ករ​លើកទឹកចិត្ត​នេះ ធ្វើឡើង​ដើម្បី​កាត់បន្ថយ​ការ​ចោល​សំរាម​ប្លា​ស្ទិ​ក​ទៅក្នុង​ទឹក និង​នៅ​ទីសាធារណៈ​។ ប្រសិនបើ​ប្រជាជន​ទុក​សំរាម​ប្លា​ស្ទិ​ក​ដែល​ប្រើប្រាស់​ក្នុងកា​រ៉ុង​មួយ​ឱ្យបាន​ត្រឹមត្រូវ នោះ​គាត់​នឹង​ទទួលបាន​អង្ករ​៥​គីឡូក្រាម​។ ហើយ​ប្រសិនបើ​ពួកគេ បាន​រើស​សំរាម​ពី​ទីសាធារណៈ ឬ​អណ្ដែត​នៅតាម​ទឹកជា​ដើម យកទៅដាក់​ក្នុង​ការុង​មួយទៀត នោះ​ពួកគេ​នឹង​ទទួលបាន​អង្ករ​៥​គីឡូ​ទៀត​។ អង្ករ​នឹង​ផ្ដល់ឱ្យ​ប្រជាជន​ណា​ដែល​អនុវត្តិ​បានល្អ នៅ​រៀងរាល់ខែ​។

លោក ស៊ា សុផល ប្រធានអង្គការមូលនិធិទំពាំងស្នងឬស្សី ក្នុងពេលចុះរើសសំរាមប្លាស្ទិក(រូបផ្ដល់ឪ្យ) 

​កម្មវិធី​នេះ​បាន​អនុវត្តិ​សាកល្បង​នៅក្នុង​ខែកក្កដា ឆ្នាំ​២០២០ លើ​៥០​គ្រួសារ ក្នុងភូមិ​ចុង​ប្រឡាយ ដែលជា​ភូមិ​បណ្ដែត​ទឹក ក្នុង​សហគមន៍​កំពង់​ឃ្លាំង​។ ហើយ​ចាប់ពី​ខែ​វិច្ចិកា ឆ្នាំ​២០២០ កម្មវិធី​នេះ​បានចាប់ផ្ដើម ពង្រីក​ខ្លួន ដោយ​បញ្ចូល​សហគមន៍​កំពង់​ភ្លុក ដែលមាន​ប្រជាពលរដ្ឋ​ជាង​៩​រយ​គ្រួសារ សហគមន៍​មេ​ជ្រៃ មាន​ប្រជាពលរដ្ឋ​ប្រមាណ​៣​រយ​គ្រួសារ ដើម្បី​អនុវត្តិ​គម្រោង​បន្ត​។ លោក ស៊ា សុផល បន្ថែមថា ប្រហែលជា​ឆ្នាំ​២០២១​ខាងមុខ កម្មវិធី​នេះ​នឹងធ្វើ​ទៅដល់​ខេត្តបាត់ដំបង​។​
 
«​មុនពេល​យើង​មកដល់​កម្មវិធី​ប្រមូល​សំរាម​តាម​ផ្ទះ​ហ្នឹង គឺ​យើង​បានធ្វើ​យុទ្ធនា​ការអប់រំ​ចំនួន​៣​ឆ្នាំ​ហើយ ដូច្នេះ​គាត់​បាន​យល់​ច្រើន​។ កម្មវិធី​ផ្ដល់​អង្ករ​លើកទឹកចិត្ត​នេះ ប្រជាពលរដ្ឋ​គាត់​សប្បាយចិត្ត​ណាស់ ព្រោះ​វា​មិន​ស្មុគស្មាញ​។ គាត់​គ្រាន់តែ​ទុក​សំរាម​ប្លា​ស្ទិ​ក​ដែល​ប្រើ​ក្នុងផ្ទះ​ទៅក្នុង​ការុង ដោយ​មិន​លាយ​សំរាម​សរីរាង្គ គាត់​នឹង​ទទួលបាន​អង្ករ​៥​គីឡូ​។ ការុង​មួយទៀត គាត់​គ្រាន់តែ​រើស​សំរាម​ពី​ទីសាធារណៈ ឬ​រើស​ពី​ក្នុង​ទឹក ពេល​គាត់​ចេញទៅ​នេសាទ​ជួប នោះ​គាត់​នឹង​ទទួលបាន​អង្ករ​៥​គីឡូក្រាម​ទៀត​»​។​
 
​កម្មវិធី​ផ្ដល់​អង្ករ​លើកទឹកចិត្ត ដែលជា​យុទ្ធនាការ​ប្រចាំថ្ងៃ អង្គការ​បានផ្ដល់​ការុង​ឱ្យ​ប្រជាជន​ក្នុង​មួយ​គ្រួសារ​ចំនួន​២​ការុង ហើយ​អង្គការ​បាន​ចំណាយ​អស់​ប្រមាណ​១​ម៉ឺន​កា​រ៉ុង​រួចមកហើយ សម្រាប់​ផ្ដល់ឱ្យ​ប្រជាជន​។


សកម្មភាពប្រជាសហគមន៍ដើររើសសំរាមប្លាស្ទិក(រូបផ្ដល់ឪ្យ) 

​ក្រៅពី​យុទ្ធនា​ការប្រមូល​សំរាម​តាម​ផ្ទះ អង្គការ​មូលនិធិ​ទំពាំង​ស្នង​ឫស្សី ក៏បាន​សហការ​ជាមួយ​ក្រសួងបរិស្ថាន ក្នុង​ការធ្វើ​យុទ្ធនា​ការប្រមូល​សំរាម​តាម​ដង​ទន្លេសាប ក្នុង​មួយឆ្នាំ​២​ដង ដែល​ធ្វើ​ក្នុង​រដូវ​ទឹក​ស្រក និង​រដូវ​ទឹក​ឡើង​ផងដែរ​។ ក្នុង​ខែ​១១​ឆ្នាំ​២០២០​នេះ យុទ្ធនាការ​ប្រមូល​សំរាម​តាម​ដង​ទន្លេសាប នៅ​រដូវ​ទឹក​ស្រក ទទួលបាន​សំរាម​៥​ពាន់​ការុង ដោយ​កាលពី​ឆ្នាំ​២០១៩ ប្រមូលបាន​៤​ពាន់​ការុង​។ យុទ្ធនាការ​នេះ​នឹង​ចាប់​ផ្ដើមធ្វើ​នៅ​ខែ​៦ ឆ្នាំ​២០២១​ទៀត គឺ​នៅ​រដូវ​ទឹក​ចាប់​ផ្ដើមឡើង​។​
 
​បើតាម​លោក ស៊ា សុផល សហគមន៍​ភូមិ​កំពង់​ឃ្លាំង មាន​ប្រជាពលរដ្ឋ​ជាង​១​ម៉ឺន​នាក់ សហគមន៍​កំពង់​ភ្លុក មាន​ប្រជាពលរដ្ឋ​ប្រមាណ​៤​ពាន់​នាក់ ដោយមាន​ជិត​១​ពាន់​គ្រួសារ ហើយ​សហគមន៍​មេ​ជ្រៃ មាន​៣​រយ​គ្រួសារ ដែលជា​សហគមន៍​អនុវត្តិ​គម្រោង​ប្រមូល​សំរាម​ប្លា​ស្ទិ​ក​នោះ ពួកគាត់​បានចាប់ផ្ដើម​ឈប់​ដុត និង​ឈប់​បោះចោល​ប្លា​ស្ទិ​ក​ចូលទៅក្នុង​ទឹក​ទៀតហើយ​។ ប្ដូរ​ពី​ឥរិយាបទ​ចាស់ ដែល​យក​សំរាម​បោះចោល​ក្នុង​ទឹក ប្រជាជន​ក្នុង​តំបន់​ទាំងនោះ ចាប់ផ្ដើម​ដាក់​ប្លា​ស្ទិ​ក​ក្នុង​ការុង​ដែល​អង្គការ​បាន​ចែក​ឱ្យ​។​
 
​កន្លងមក​សហគមន៍​នីមួយៗ ដែល​អង្គការ​បានដាក់​ឱ្យ​អនុវត្ត​គម្រោង​ប្រមូល​សំរាម បាន​បង្កើតជា​ជង្រុក​ប្លា​ស្ទិ​ក សម្រាប់​ដាក់​ប្លា​ស្ទិ​ក​ដែល​ប្រមូលបាន​ពី​ទី​នានា​។ ក្នុង​ឆ្នាំ​២០២០​នេះ អង្គការ​ក៏បាន​យក​សំរាម​ទាំងនោះ ទៅ​កែច្នៃ​ធ្វើជា​ឥដ្ឋ​បរិស្ថាន​ផងដែរ​។


សកម្មភាពប្រជាសហគមន៍អង្គុយប្រជុំ(រូបផ្ដល់ឪ្យ) 

​ដោយសារ​កម្មវិធី​ទទួលបាន​ជោគជ័យ និង​ទទួលបាន​ការគាំទ្រ​ពី​ប្រជាជន ជា​គោលដៅ​បន្ទាប់ អង្គការ​មូលនិធិ​ទំពាំង​ស្នង​ឫស្សី នឹង​បន្ត​គម្រោង​របស់ខ្លួន ទៅតាម​ដងស្ទឹង​សៀមរាប និង​នៅតាម​ភូមិ​ជាច្រើន​ទៀត​ក្នុង​ខេត្តសៀមរាប និង​នៅ​ខេត្តបាត់ដំបង​ផងដែរ​។​
 
​លោក ស៊ា សុផល បាន​ប្រាប់​ថ្មីៗ​បន្ថែមថា បច្ចុប្បន្ន​ក្រសួងបរិស្ថាន​កំពុងតែ​ពិចារណា​គម្រោង “​ប្លា​ស្ទិ​ក​ស្ងួត​១​គីឡូ ទទួលបាន​អង្ករ​១​គីឡូ​” ហើយ​បើ​គម្រោង​នេះ​ពិតជា​អាចទៅរួច ក្រសួង​និង​សហការ​ជាមួយ​អង្គការ​របស់លោក ដើម្បី​អនុវត្តិ​។ ដោយឡែក​សម្រាប់​អង្គការ​ផ្ទាល់ ក៏មាន​គម្រោង​បង្កើត​កម្មវិធី​ថ្មី​មួយទៀត ដោយ​ប្រមូល​យកតែ​ប្លា​ស្ទិ​ក ពី​ស្ថាន​ប័ណ្ណ​រដ្ឋ សាលារៀន ភោជនីយដ្ឋាន ឬ​សណ្ឋាគារ យកទៅ​កែច្នៃ ដែល​គម្រោង​នេះ អាច​នឹង​ចាប់ផ្ដើម​ក្នុង​ឆ្នាំ​២០២១ ខាងមុខ​តែម្ដង​។​
 
​ចំណែក​លោក នេត្រ ភ​ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​ថា  ក្នុង​មួយថ្ងៃ​កម្ពុ​ជាមាន​សំរាម​ជាង​១​ម៉ឺន​តោន ដោយ​ក្នុង​មួយឆ្នាំ​មាន​ជិត​៤​លាន​តោន​។ ក្នុងនោះ ៦៥​ទៅ​៧០​ភាគរយ ជា​សំណល់​សរីរាង្គ ២០​ភាគរយ​ជា​សំណល់​ប្លា​ស្ទឹ​ក ក្រៅពីនោះ​ជា​សំណល់​រឹង​។


លោក នេត្រ ភក្រា អ្នកនាំពាក្យក្រសួងបរិស្ថាន ពាក់អាវពណ៌កាកអំពៅ បង់កក្រមា(រូបផ្ដល់ឪ្យ) 

​លោក​បន្ថែមថា សំរាម​ក្នុងប្រទេស​កម្ពុជា​មានកំ​ណើ​ន​ចន្លោះ​ពី​១០​ទៅ​១៥​ភាគរយ ជា​រៀងរាល់ឆ្នាំ ដោយសារ​កំណើនសេដ្ឋកិច្ច ឥរិយាបថ​វេច​ខ្ចប់​របស់​ប្រជាពលរដ្ឋ ការកែច្នៃ​នៅមានកម្រិត និង​ការប្រើប្រាស់​មានការ​កើនឡើង​។ បើតាម​លោក នេត្រ ភ​ត្រា សំរាម​សរីរាង្គ​ក្នុង​១០០​ភាគរយ បាន​ដកយក​ទៅ​កែច្នៃ​បាន​ប្រមាណ​តែ​១០​ភាគរយ​ប៉ុណ្ណោះ ដោយ​សល់​ប៉ុន្មាន​បាន​បោះ​នៅតាម​ទីលាន​បោះ​សំរាម នៅតាម​ផ្លូវ និង​នៅតាម​ប្រភពទឹក​។​
 
​ក្រសួងបរិស្ថាន​កំពុងតែ​យកចិត្តទុកដាក់ និង​ជំរុញ​ការញែក​សំរាម​តាម​ប្រភេទ ដូចជា​ញែក​សំរាម​សរីរាង្គ ដើម្បី​យក​វា​ទៅធ្វើជា​ជីកំប៉ុស និង​ញែក​សំណល់​ប្លា​ស្ទិ​ក ដើម្បី​យកទៅ​កែច្នៃ​បន្ត​។ ហើយ​ក្រសួង​ក៏​កំពុង​ជំរុញ​ដល់​ការ​អនុវត្តិ​គោល​ការ​៤R ផងដែរ គឺ​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក កែច្នៃ​ឡើងវិញ ការប្រើប្រាស់​ឡើងវិញ និង​ការបដិសេធ​ការប្រើ​ប្លា​ស្ទិ​ក​តែម្ដង​។ 
 
​លោក នេត្រ ភ​ក្រា បញ្ជាក់បន្ថែម​៖«​តាមពិត​មនុស្ស​ម្នាក់ៗ​មាន​តួនាទី​សំខាន់​ក្នុង​ការចូលរួម​កាត់បន្ថយ ការប្រើប្រាស់​ប្លា​ស្ទិ​ក​។ មិនអាច​តែ​រដ្ឋាភិបាល អាជ្ញាធរ ឬ​បុគ្គល​ណា​ម្នាក់ ចូលរួម​កាត់បន្ថយ​ដោយ​ជោគជ័យ​ទេ គឺ​ទាល់តែ​មានការ​ចូលរួម​ទាំងអស់គ្នា​។ តាម​ការស្រាវជ្រាវ ក្នុង​ខ្លួន​មនុស្ស​មាន​សារធាតុ​មីក្រូ​ប្លា​ស្ទិ​ក តាមរយៈ​ការទទួល​ទាន​ត្រី និង​ចំណីអាហារ​ផ្សេងៗ ដែលមាន​សារធាតុ​មួយ​នេះ​»​។

 
​តាម​ការសិក្សា សំណល់​ប្លា​ស្ទិ​ក​នៅលើ​ភពផែនដី​មាន​ប្រមាណ​៨,៣ ប៊ី​លាន​តោន​។ ហើយ​ពិភពលោក​ប្រើប្រាស់​ប្លា​ស្ទិ​ក​ក្នុង​មួយឆ្នាំ​ចន្លោះ​ពី​៤​រយ​ទៅ​៦​រយ​លាន​តោន ដោយ​វា​នឹងធ្វើ​ឱ្យ​ប្លា​ស្ទិ​ក​នៅលើ​ពិភពលោក​កើន​ដល់ ៣៤​ប៊ី​លាន​តោន​។ ចំនួន​នេះ​មាន​ចំនួន​ច្រើនជាង​ត្រី​នៅក្នុង​មហាសមុទ្រ​ទៅទៀត​។ នេះ​គឺជា​ការបញ្ជាក់​បន្ថែមរ​ប​ស់លោក នេត្រ ភ​ត្រា​។  
 
​ការប្រើ​ប្លា​ស្ទិ​ក​គឺជា​កង្វល់​រួម​របស់​ពិភពលោក ដែល​ធ្វើឱ្យមាន​ការបំពុល​បរិយាកាស ខ្យល់ ដី និង​ទឹក​។ ប្លា​ស្ទិ​ក​ពិតជា​បាន​បង្ករ​ការប៉ះពាល់​ច្រើន និង​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន ដូចជា​ប្រសិនបើ​អ្នក​ដុត​ប្លា​ស្ទិ​ក ផ្សែង​វា​នឹង​ហោះចូល​ទៅក្នុង​បរិយាកាស វា​នឹង​បំពុល​ខ្យល់ ហើយ​អ្នក​ក៏​ស្រូបខ្យល់​ទាំងនោះ​ចូលក្នុង​ខ្លួន​។ បើ​បោះចោល​ទៅក្នុង​ទឹក សារធាតុ​ដែល​រលាយ​នឹង​ក្លាយទៅជា​មីក្រូ​ប្លា​ស្ទិ​ក ហើយ​ត្រី​គិតថា​វា​ជា​ចំណី វា​អាច​នឹង​ស៊ី ហើយ​ពេលដែល​មនុស្ស​ទទួលទាន​ត្រី នោះ​មនុ​ស្សនឹង​ទទួលបាន​សារធាតុ​មីក្រូ​ប្លា​ស្ទិ​ក​នោះ ធ្វើឱ្យ​ខូចសុខភាព​។
 
​ដើម្បី​ចូលរួម​កាត់បន្ថយ ការប្រើប្រាស់​ប្លា​ស្ទិ​ក ប្រជាជន​អាច​ប្រើ​ចានស្រាក់​ដាក់​ម្ហូបអាហារ ប្រើ​ថង់​កំណាត់​សម្រាប់​ដាក់​ទំនិញ​ពី​ទីផ្សារ ប្រើ​បំពង់​បឺត​ធ្វើ​ពី​រុក្ខជាតិ ប្រើ​ដប​ទឹក​ដែល​អាច​ប្រើ​បានយូរ​និង​ច្រើនដង សម្រាប់​ដាក់​ទឹក ឬ​ភេ​សេ​ជ្ជៈ​គ្រប់​ប្រភេទ​។​
 
​តាមពិតទៅ យុវជន​ក៏ដូចជា​ប្រជាជន​មួយចំនួន នៅ​មិនទាន់​ភ័យ ឬ​នៅមាន​ការប្រមាថ​ច្រើន​នៅឡើយ ចំពោះ​ផល​ប៉ះ​ពាក់​ពី​ប្លា​ស្ទិ​កលើ​សុខភាព ព្រោះ​វា​មិនបាន​ហុច​ផល​គ្រោះថ្នាក់​ឱ្យឃើញ​ភ្លាមៗ ឬ​ទាន់ហន់ ដូច​ជំងឺ​កូ​វីដ​១៩ ដែល​សម្លាប់​មនុស្ស​រាប់​ម៉ឺន​នាក់​នៅ​ទូទាំង​ពិភពលោក​នោះ​៕ 
  
 

Tag:
 បរិស្ថាន​
  សំរាម​
  អង្គការ​
 
© រក្សាសិទ្ធិដោយ thmeythmey.com