កីឡាអន្តរជាតិ
អន្តរជាតិ
UEFA អញ្ជើញ​កាតា​ឲ្យ​ចូល​លេង​ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់ Euro ដើម្បី​ត្រៀម World Cup
09, Dec 2020 , 11:29 pm        
រូបភាព
​​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអឺរ៉ុប (UEFA) បាន​អញ្ជើញ​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កាតា​ឲ្យ​ចូលរួម​ក្នុងការ​ប្រកួត​វគ្គ​ជម្រុះ​ពានរង្វាន់ Euro ក្នុង​ពូ​ល A​។ ការ​អ​ញ្ជោះ​ញ​នេះ ក្នុង​គោលបំណង​ជួយ​ឲ្យ​កាតា​ដើម្បី​ត្រៀមខ្លួន​ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក FIFA World Cup ឆ្នាំ​២០២២ ។​



​កាតា​នឹង​លេង​ក្នុង​លក្ខខណ្ឌ​មិត្តភាព​ប៉ុណ្ណោះ​ដោយ​ត្រូវ​ជួប​ម្ចាស់​ការពារ​ជើងឯក ព័រ​ទុយ​ហ្គា​ល់ ស៊ែ​ប៊ី សាធារណរដ្ឋ​អៀរ​ឡង់ លុច​សំបួ និង អា​ហ្សែ​ប៊ៃ​ហ្ស​ង់​។​
 
​ក្នុងនាម​ជា​ម្ចាស់ផ្ទះ World Cup កាតា​ទទួលបាន​កៅអី​ដោយ​ស្វ័យប្រវត្តិ​ដោយ​មិនចាំបាច់​ប្រកួត​ជម្រុះ​តាម​តំបន់​ឡើយ ដែល​នេះ​បានធ្វើ​ឲ្យ​ពួកគេ​មិនសូវមាន​ការប្រកួត​ច្រើន​ដើម្បី​ពង្រឹងសមត្ថភាព​ក្រុម​។ នេះ​ជា​លើកដំបូង​បំផុត ដែល​ប្រទេស​មិនមែន​អឺរ៉ុប​បាន​ចូលរួម​ក្នុងការ​ប្រកួត​ក្របខណ្ឌ​របស់ UEFA​។​
 
​កាតា ដែល​បាន​ផ្តួល​ជប៉ុន​ដើម្បី​ឈ្នះ​ពានរង្វាន់​ទ្វីបអាស៊ី​ឆ្នាំ ២០១៩ ក៏​ធ្លាប់បាន​អញ្ជើញ​ឲ្យ​ចូល​លេង​នៅ Copa America រួចមក​ហើយដោយ​ទទួលបាន​មួយ​ពិន្ទុ​ពី​ការប្រកួត​ក្នុង​ពូ​ល​ដែលមាន​អា​ហ្ស​ង់​ទីន កូ​ឡុំ​ប៊ី និង​ប៉ា​រ៉ា​ហ្គា​យ នៅ​ឆ្នាំ ២០១៩ ហើយ​នៅ​ឆ្នាំ​២០២១ ក្រុម​ក្នុង​តំបន់​អារ៉ាប់​មួយ​នេះ​នឹងត្រូវ​ចូល​ប្រកួត​ទៀតផង​ដែរ​។​
 
​កាតា​បច្ចុប្បន្ន​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​៥៥​ក្នុង​តារាង​ចំណាត់ថ្នាក់​ពិភពលោក​របស់ FIFA ហើយ​ការដឹកនាំ​ប្រកួត​បាល់ទាត់​ពិភពលោក World Cup ឆ្នាំ ២០២២ នឹង​ក្លាយ​ជាការ​បង្ហាញខ្លួន​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ពួកគេ​៕

Tag:
 UEFA
  Euro
  World Cup
  កាតា
© រក្សាសិទ្ធិដោយ thmeythmey.com