កីឡាជាតិ
ជាតិ
ក្លិបបាល់ទាត់រួមចំណែកបរិច្ចាគថវិកាដល់រដ្ឋាភិបាលដើម្បីទិញវ៉ាក់សាំងកូវីដ-១៩
×
មានក្លិបបាល់ទាត់ក្របខណ្ឌលីគកំពូលចំនួន៥ហើយ ដែលបានបរិច្ចាគថវិកាជូនសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រាប់ទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩។ បន្ថែមលើនេះ ក៏មានសប្បុរសជនជាច្រើនរូបបានបរិច្ចាគថវិកា ដើម្បីចូលរួមក្នុងសកម្មភាពនេះផងដែរ។
គិតត្រឹមម៉ោង១២កន្លះថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ មានក្លិបបាល់ទាត់ចំនួន៥រួមមានភ្នំពេញក្រោន វិសាខា ព្រះខ័នរាជស្វាយរៀង បឹងកេត និងសមាគមន៍បាល់ទាត់កងយោធពលខេមរភូមិន្ទ ដែលបានបរិច្ចាគថវិកាចូលរួមក្នុងសកម្មភាពទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋជាមួយរាជរដ្ឋាភិបាលកម្ពុជា។
ក្នុងនោះក្លិបបាល់ទាត់ភ្នំពេញក្រោនដែលមានឧកញ៉ា កុក អាន ជាស្ថាបនិកបានបរិច្ចាគថវិកាចំនួន១លានដុល្លារ ខណៈក្លិបព្រះខ័នរាជស្វាយរៀង និងវិសាខាបានបរិច្ចាគ១ម៉ឺនដុល្លាររៀងៗ រីឯសមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទចំនួន២ពាន់ដុល្លារ និងក្លិបបឹងកេតចំនួន១ពាន់ដុល្លារ។ សរុបថវិកាដែលបរិច្ចាគដោយក្លិបបាល់ទាត់មានចំនួន១,០២៣,០០០ដុល្លារ។
ការបរិច្ចាគនេះ ធ្វើឡើងក្រោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់ឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បញ្ចេញថវិកាដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ សម្រាប់ចាក់ជូនមន្ត្រីរាជការ បុគ្គលិក និងប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ បើតាមប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដំណាក់កាលដំបូង កម្ពុជាគ្រោងទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ចំនួន១លានដូស សម្រាប់ផ្តល់ដល់មនុស្សប្រមាណ៥០ម៉ឺននាក់។
ក្រុមមនុស្សដែលអាចមានលទ្ធភាពទទួលបានការចាក់វ៉ាក់សាំងមុនគេរួមមានក្រុមគ្រូពេទ្យ គ្រូបង្រៀន និងកងកម្លាំងទាំងបីផ្នែករួមកងទ័ព កងរាជអាវុធហត្ថ និងនគរបាល។ នេះបើតាមការបញ្ជាក់របស់សម្តេច ហ៊ុន សែន ដែលអះអាងថា មូលហេតុដែលក្រុមមនុស្សនេះ គួរទទួលបានអាទិភាពមុនគេ ដោយសារពួកគេមានទំនាក់ទំនងជាមួយប្រជាពលរដ្ឋច្រើនជាងគេ។
ក្រៅពីក្លិបបាល់ទាត់ទាំងនេះ មានមហាសេដ្ឋី អ្នកមាន និងសប្បុរសជន រួមជាមួយប្រជាពលរដ្ឋជាច្រើនរូបបានបរិច្ចាគក្រោមរូបភាពផ្សេងៗគ្នា ដើម្បីចូលរួមក្នុងចលនាជាមួយរាជរដ្ឋាភិបាល។ គិតត្រឹមព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ នេះ រាជរដ្ឋាភិបាលទទួលបានថវិកាពីការបរិច្ចាគរបស់សប្បុរសជនសរុបជាង៣០លានដុល្លារហើយ៕
Tag:
បាល់ទាត់
Covid-19
កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com