ជាតិ
សេដ្ឋកិច្ច
ស្ត្រីខ្មែរពីរនាក់រួមគ្នាបង្កើតផលិតផលថែសម្ផស្សដែលផ្សំពីសំបុកដង្កូវនាង រុក្ខជាតិឱសថ និងវត្ថុធាតុដើមផ្សេងទៀត អ្នកស្រី ស៊ីម៉ែន សាន់និមល (ឆ្វេង) និងអ្នកនាង ញឹម សូរីដា សហស្ថានិក បុរាណឃែរ
× អ្នកស្រី ស៊ីម៉ែន សាន់និមល និងអ្នកនាង ញឹម សូរីដា បានរួមគ្នាបង្កើតផលិតផលថែរក្សាសម្រស់ ដែលកែច្នៃ និងផលិតពីរុក្ខជាតិ វត្ថុធាតុដើមធម្មជាតិផ្សេងៗ។ សិប្បកម្មដែលមានយីហោរឈ្មោះ «បុរាណឃែរ» មានអាយុកាលជិត២ឆ្នាំហើយ។
«ជាផលិតផលធម្មជាតិដែលមិនប៉ះពាល់សុខភាពអ្នកប្រើប្រាស់ ហើយកាន់តែមានការគាំទ្រច្រើនឡើងៗពីអតិថិជន»។ អ្នកស្រី សាន់និមល បានរៀបរាប់ពីគុណប្រយោជន៍នៃផលិតផលខ្លួនយ៉ាងដូច្នេះ ប្រាប់ ThmeyThmey25។ ស្ត្រីអាយុ៣៨ឆ្នាំ រួមជាមួយអ្នកនាង ញឹម សូរីដា ដែលជាសហស្ថាបនិក បានដាក់គោលដៅពង្រីកអាជីវកម្មខ្លួនបន្ថែមទៀតនៅដើមឆ្នាំ២០២១ ខាងមុខ។
អ្នកស្រី ស៊ីម៉ែន សាន់និមល ដែលជាអ្នកភ្នំពេញ បានរំលឹកពីកត្តាដែលនាំឲ្យមានសិប្បកម្ម «បុរាណឃែរ» ថា៖ «កាលពីដើមឆ្នាំ២០១៩ មិត្តភិក្តរបស់ខ្ញុំ [សូរីដា] ដែលជាអ្នកបន្ទាយមានជ័យ បានទៅលេងថៃ ហើយឃើញប្រជាជនថៃប្រើផលិតគ្រឿងរក្សាសម្រស់ផ្សំឡើងពីធម្មជាតិ។ ដោយយល់ថាជាការល្អ ព្រោះវាមិនប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ផងនោះ ក៏សម្រេចចិត្តសាកល្បងធ្វើជាប៊ូដុសខ្លួន សាប៊ូលាងមុខ ផ្សំពីសម្បុកដង្កូវនាង»។
សហស្ថាបនិករូបនេះ បានអះអាងថា សិប្បកម្មផលិតផលសម្រស់ផលិតដោយដៃមួយនេះ ចូលរួមបំពេញចន្លោះផលិតគ្រឿងសម្អាងធម្មជាតិ មិនប៉ះពាល់សុខភាពអ្នកប្រើប្រាស់ ព្រមទាំងលើកកម្ពស់គ្រឿងថែសម្រស់ផលិតឡើងពីធម្មជាតិ ដោយការផលិតនៅកម្ពុជា មានកម្រិតនៅឡើយ។
អ្នកស្រី សាន់និមល បន្តទៀតថា ទម្រាំតែការកែច្នៃសិប្បកម្មបានជោគជ័យ គឺពួកគាត់បានចំណាយពេលប្រមាណ១ឆ្នាំឯណោះ ហើយ ក៏មិនទាន់ចេញលក់ភ្លាមដែរ ដោយសាកល្បងប្រើខ្លួនឯងសិន។ ក្រោយឃើញថាលទ្ធផលល្អ ក្រោយប្រើផលិតដែលច្នៃបាននោះ ទើបអ្នកស្រី សម្រេចចិត្តធ្វើបន្ថែម និងដាក់លក់តាំងពីពេលនោះមក។ អ្នកស្រី ស៊ីម៉ែន សាន់និមល បន្ថែមដូច្នេះ ៖«បង្កើតដំបូងមិនសូវមានអ្នកស្គាល់ និងមិនមានអ្នកគាំទ្រច្រើន តែសហស្ថានិក ទាំងពីរមិនលះបង់ និងគិតថាយ៉ាងហោច ក៏អាចប្រើខ្លួនឯងដែរ ព្រោះជារបស់ផ្សំពីធម្មជាតិ មិនមែនបញ្ហាអីនោះទេ»។
បច្ចុប្បន្ន បុរាណឃែរ មានផលិតផលប្រមាណ១០មុខ ដែលរួមមាន សាប៊ូលាងមុខ សាប៊ូដុសខ្លួន សេរ៉ូមលាបមុខ សាប៊ូកក់សក់ ប្រេងបន្ទន់សក់ ឡេលាបស្បែកជាដើម ដែលផ្សំឡើងពីវត្ថុធាតុដើមធម្មជាតិដូចជាកាហ្វេ អង្ករសំរូប ទឹកឃ្មុំ ប្រេងដូង សំបុកដង្កូវនាង ប្រទាលកន្ទុយក្រពើ និងរុក្ខជាតិឱសថមួយចំនួនទៀត៕
Tag:
SMEs
អាជីវកម្ម
សិប្បកម្ម
ផលិតផលធម្មជាតិ
សម្រស់
© រក្សាសិទ្ធិដោយ thmeythmey.com