កីឡាជាតិ
ជាតិ
ក្រោយ​ទទួលបាន​កិច្ចសន្យា​ថ្មី Mizuno មាន​ម​ហិ​ច្ឆិ​តា​ចង់​ឈ្នះ​ពាន​ជា​លើក​ទី​បី​ជាមួយ​បឹងកេត​
09, Dec 2020 , 5:59 pm        
រូបភាព
ខ្សែបម្រើជនជាតិជប៉ុន_Mizuno_Hikaru_បន្តកិច្ចសន្យាជាមួយក្លិបបឹងកេត
ខ្សែបម្រើជនជាតិជប៉ុន_Mizuno_Hikaru_បន្តកិច្ចសន្យាជាមួយក្លិបបឹងកេត
ដោយ:
​ក្លិប​បាល់ទាត់​បឹង​បានសម្រេច​បន្ត​កិច្ចសន្យា​ជាមួយ​ខ្សែបម្រើ​ជនជាតិ Mizuno Hikaru នៅ​រដូវ​កាល​ឆ្នាំ​២០២១ ក្រោយ​រួមរស់​ជាមួយគ្នា​៤​រដូវ​កាល​កន្លងមកនេះ​។ ស្ថិតក្នុង​វ័យ​២៩​ឆ្នាំ Mizuno រីករាយ​ក្នុង​ការលេង​ឲ្យ​ក្លិប​បឹងកេត ហើយ​រូបគេ​រំពឹងថា ខ្លួន​នឹង​អាច​លើក​ពាន​លី​គ​កំពូល​ជា​លើក​ទី​៣​ជាមួយ​ក្លិប​នេះ​។

 
​កីឡាករ Mizuno Hikaru ត្រូវ​ជួយ​ក្លិប​បាល់ទាត់​បឹងកេត​ប្រជែង​ដណ្តើម​ជើងឯក​ក្នុង​ព្រឹត្តិការណ៍ AFC Cup និង​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​នៅ​រដូវ​កាល​ឆ្នាំ​២០២១-២០២២​។ បន្ទាប់ពី​ខ្សែបម្រើ​វ័យ​២៩​ឆ្នាំ​រូបនេះ ត្រូវបាន​ក្លិប​បឹងកេត​សម្រេច​បន្ត​កិច្ចសន្យា​ថ្មី កាលពី​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២០​។ 
 
​នេះ​ជា​រដូវ​កាល​ទី​៥​របស់​កីឡាករ​មាន​កម្ពស់​១.៧៧​ម៉ែត្រ​រូបនេះ សម្រាប់​ការរួមរស់​ជាមួយ​បឹងកេត​។ ក្នុង​រយៈពេល​៤​ឆ្នាំ​រួមរស់​ជាមួយ​បឹងកេត Mizuno បាន​ជួយ​ឲ្យ​ក្លិប​នេះ​ឈ្នះ​ជើងឯក​លី​គ​កំពូល​ពីរលើក​នៅ​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០២០ និង​ឈ្នះ​ជើងឯក​ពាន​សម្តេច ហ៊ុន សែន មួយ​លើក​នៅ​ឆ្នាំ​២០១៩​។ 
 
​កីឡាករ​ជនជាតិ​ជប៉ុន​រូបនេះ បានចាត់ទុក​ឆ្នាំ​២០២០ ជា​ឆ្នាំ​ដ៏​ជោគជ័យ​បំផុត​សម្រាប់​ខ្លួន ដ្បិត​រូបគេ​បានរួម​ចំណែក​ជួយ​ឲ្យ​បឹងកេត​លើក​ពាន​លី​គ​កំពូល ជាមួយ​ការរក្សា​កំណត់ត្រា​មិន​ស្គាល់​ចាញ់​។ ទន្ទឹមនឹង​បង្ហាញ​អារម្មណ៍​រីករាយ​ជាមួយ​កិច្ចសន្យា​ថ្មី រូបគេ​រំពឹងថា ខ្លួន​នឹង​អាច​លើក​ពាន​លី​គ​កំពូល​ជាមួយ​បឹងកេត​ជា​លើក​ទី​៣​នៅ​រដូវ​កាល​ក្រោយ​។​
 
«​គោលដៅ​បន្តទៀត​របស់ខ្ញុំ​នៅ​ឆ្នាំ​២០២១ គឺ​នៅតែ​ជា​ជើងឯក តែ​អ្វីដែល​ពិសេស​នោះ គឺ​ខ្ញុំ​នឹង​ព្យាយាម​ឈ្នះ​ការប្រកួត​ក្នុង​ពានរង្វាន់ AFC Cup ព្រោះ​ខ្ញុំ​បាន​លេង​២​ដង​ហើយ ប៉ុន្តែ​មិន​ទទួលបាន​លទ្ធផល​ល្អ​សម្រាប់​យើង អញ្ចឹង​យើង​នឹង​ព្យាយាម​ឱ្យបាន​លទ្ធផល​ល្អ​ជាង​នោះ​»​។ នេះ​ជាការ​បង្ហាញ​ក្តី​រំពឹង​របស់​កីឡាករ Mizuno Hikaru​។ 
 
​កីឡាករ​រូបនេះ បានមក​ប្រកប​អាជីព​បាល់ទាត់​លើទឹក​ដី​កម្ពុជា​នៅ​ឆ្នាំ​២០១៦ ដោយ​ចាប់ផ្តើម​ជាមួយ​ក្លិប​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង​។ បន្ទាប់មក​រូបគេ​ក៏បាន​ផ្ទេរ​មកកាន់​ក្លិប​បឹងកេត​នៅ​ឆ្នាំ​២០១៧ រដូវ​មក​បច្ចុប្បន្ន​។ ក្នុងអំឡុងពេល​រួមរស់​ជាមួយ​បឹងកេត​រូបគេ​បង្ហាញខ្លួន​បាន​ចំនួន​៣៧​លើក និង​រកបាន​ពីរ​គ្រាប់​។​
 
​មុន​មក​ប្រទេស​កម្ពុជា ខ្សែបម្រើ​រូបនេះ​ធ្លាប់​លេង​ឲ្យ​ក្លិប​ក្របខណ្ឌ​កំពូល​របស់​សិង្ហ​បុរី Albirex Niigata Singapore និង​ក្លិប​ក្របខណ្ឌ​លី​គ​លំដាប់​ទី​ពីរ​របស់​ជប៉ុន Ryukyu FC​។ រូបគេ​បាន​ចូលប្រឡូក​ក្នុង​វិស័យ​កីឡាបាល់ទាត់​ដំបូង​ជាមួយ​ក្លិប​មួយ​នៅ​សាកលវិទ្យាល័យ Meiji University៕      
 
 

Tag:
 បាល់ទាត់​
  បឹងកេត​
  Mizuno Hikaru
© រក្សាសិទ្ធិដោយ thmeythmey.com