COVID-19
អន្តរជាតិ
លោក បៃ​ឌិន សន្យា​ចាក់​វ៉ាក់សាំង​ឲ្យ​ប្រជាជន​១០០​លាន​នាក់​នៅ​១០០​ថ្ងៃ​ដំបូង​នៃ​ការ​កាន់តំណែង​
09, Dec 2020 , 6:29 pm        
រូបភាព
ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោកចូ បៃឌិន។ រូបភាព AFP
ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោកចូ បៃឌិន។ រូបភាព AFP
​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក លោក​ចូ បៃ​ឌិន នៅ​ថ្ងៃទី​៨ ខែធ្នូ បាន​ដាក់ចេញ​គម្រោង ដើម្បី​ប្រយុទ្ធប្រឆាំង​ជាមួយ​កូ​វីដ​-១៩ ក្នុង​រយៈពេល ១០០​ថ្ងៃ បន្ទាប់ពី​ចូល​អង្គុយ​នៅក្នុង​សេត​វិមាន​។ ក្នុង​គម្រោង​នេះ លោក​បៃ​ឌិន បាន​សន្យាថា នឹង​ចាក់​វ៉ាក់សាំង​លើ​ប្រជាជន​អាមេរិក ឲ្យ​បាន ១០០​លាន​នាក់​។

 
​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ទីក្រុង Wilmington ក្នុង​រដ្ឋ Delaware លោក​ចូ បៃ​ឌិន ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក បាន​លើកឡើងថា លោក​ត្រូវការ​ឲ្យ​សភា​គាំទ្រ​មូលនិធិ​វ៉ាក់សាំង ដើម្បី​ចែកចាយ​ទៅគ្រប់​តំបន់​ទាំងអស់​របស់​អាមេរិក​។ 
 
«​ក្នុង​រយៈពេល ១០០​ថ្ងៃ យើង​អាច​ផ្លាស់ប្តូរ​ទិសដៅ​ជំងឺ​រាតត្បាត និង​ជីវិត​មនុស្ស​នៅ​អាមេរិក ឲ្យ​កាន់តែ​ប្រសើរឡើង​»​។ លោក បៃ​ឌិន បានលើកឡើង​បែបនេះ ដោយ​បន្ថែមថា រដ្ឋបាល​របស់លោក ប្រហែលជា​អាច​ចាក់​វ៉ាក់សាំង​លើ​ប្រជាជន​អាមេរិក​ប្រមាណ ១០០​លាន​នាក់​។ 
 
​ទន្ទឹមគ្នានេះ គោលនយោបាយ​ដ៏​ចម្បង​ផ្សេងទៀត​ក្នុងពេល​ចូលកាន់​តំណែង ១០០​ថ្ងៃ​ដំបូង​នេះ លោក បៃ​ឌិន នឹង​អនុញ្ញាត​ឲ្យ​ក្មេងៗ ត្រលប់​ទៅ​សាលា​វិញ និង​ពង្រឹង​ការពាក់​ម៉ាស់​ផងដែរ ដើម្បី​កាត់បន្ថយ​ករណី​ឆ្លង​នៅក្នុង​ប្រទេស​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​
 
​ការបញ្ជាក់​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក​បែបនេះ ធ្វើឡើង​ស្របពេល​អាមេរិក កំពុង​រងគ្រោះ​ដោយសារ​កូ​វីដ​-១៩ ទាំង​សេដ្ឋកិច្ច និង​សង្គម​។ គិត​ត្រឹម​ថ្ងៃទី​៨ ខែធ្នូ អាមេរិក មាន​ករណី​ឆ្លង​ជាង ១៥​លាន​ករណី និង​អ្នកស្លាប់​កើន​ដល់​ជាង ២៨​ម៉ឺន​នាក់​។ ដោយឡែក​ប្រជាជន​អាមេរិក​ជាច្រើន​លាន​នាក់ បាត់បង់​ការងារ​ធ្វើ​។ 
 
​នៅពេល​កន្លងទៅ លោក បៃ​ឌិន បាន ជ្រើសរើស​អគ្គ​រដ្ឋអាជ្ញា​ប្រចាំ​រដ្ឋ​កាលីហ្វ័រ​នី​ញា លោក Xavier Becerra ធ្វើជា​បេក្ខភាព​រដ្ឋមន្ត្រី​សុខាភិបាល​អាមេរិក​។ លោក Becerra បាន​ដើរតួនាទី​យ៉ាងសំខាន់​ជួយ​ជ្រោមជ្រែង​ច្បាប់ អូ​បា​ម៉ា Care ឲ្យ​ឆ្លងកាត់​សភា​ក្នុង​ឆ្នាំ​២០០៩ និង​២០១០ ។ 
 
​ទន្ទឹមនេះ វត្តមាន​របស់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ នៅពេលនេះ គឺ​សំខាន់​ណាស់ ក្នុង​ការជួយ​រដ្ឋបាល​របស់លោក​បៃ​ឌិន ដើម្បី​ជួយសង្គ្រោះ​សេដ្ឋកិច្ច​អាមេរិក​ឡើងវិញ ក៏ដូចជា​ដោះស្រាយ​បញ្ហា​មួយចំនួន​។ 
 
​សូមបញ្ជាក់ថា ឯកសារ​របស់​រដ្ឋបាល​ថ្នាំពេទ្យ និង​អាហារ​អាមេរិក ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​៨ ខែធ្នូ បង្ហាញថា មិនបានការ​បង្ហាញ​ពី​បញ្ហា​ថ្មី​អ្វីមួយ​ឡើយ ជុំវិញ​ប្រសិទ្ធភាព និង​សុវត្ថិភាព​របស់​វ៉ាក់សាំង Pfizer​។ ការណ៍​នេះ វា​នឹង​ជំរុញ​ឲ្យ​អាមេរិក អាច​អនុញ្ញាត​ប្រើប្រាស់​វ៉ាក់សាំង​បាន​កាន់តែ​ឆាប់រហ័ស​៕

Tag:
 ​អាមេរិក​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com