ជាតិ
​​​ន​យោ​បាយ​ជាតិ​
ជនរងគ្រោះ​ម្នាក់​ទទួលបាន​ប្រាក់​១​ម៉ឺន​ដុល្លារ​វិញ ក្រោយ​ផ្ញើ​សារ​ទៅ​ហ្វេ​ស​ប៊ុ​ក​សម្ដេច ស ខេង សុំ​អន្តរាគមន៍
09, Dec 2020 , 8:00 pm        
រូបភាព
ភ្នំពេញ​៖ ជនរងគ្រោះ​ម្នាក់​ទទួលបាន​ប្រាក់​១​ម៉ឺន​ដុល្លារ​វិញ ពី​មន្ត្រីនគរបាល​ម្នាក់ ដែល​សន្យា​នាំចូល​ក្របខណ្ឌ​មន្ត្រីនគរបាល​។ ទឹកប្រាក់​ដែល​ទទួលបាន​វិញ​នេះ ក្រោយពី​ជនរងគ្រោះ បាន​ផ្ញើ​សារ​ទៅ​ហ្វេ​ស​ប៊ុ​ក​សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដើម្បី​សុំ​អន្តរាគមន៍​លើ​ករណី​ខ្លួន​។


 
​ជនរងគ្រោះ​ដែលមាន​ឈ្មោះថា យ៉ាង សំ​អូន បាន​ប្រើប្រាស់​គណនី​ហ្វេ​ស​បុក​ឈ្មោះ Som Oun Keo សរសេរ​សារ​ទៅកាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដើម្បី​សុំ​អន្តរាគមន៍​លើ​ករណី​មន្ត្រីនគរបាល​ម្នាក់ ឈ្មោះ គ្រី រ៉ា​ឌី ដែល​បាន​យកប្រាក់ ១៧,០០០​ដុល្លារ ជា​ថ្នូរ​ជួយ​ឲ្យ​ប្អូន​ខ្លួន បាន​ចូលធ្វើការ​ក្នុង​ក្របខណ្ឌ​មន្ត្រីនគរបាល​។ 
 
​ស្នងការ​នគរបាល​ខេត្តកណ្ដាល បាន​ស្រង់​ខ្លឹមសារ​ជនរងគ្រោះ​​សរសេរ​ដូច្នេះ​ថា ៖«​សូម​សម្តេច​ជួយ​ដោះស្រាយ​ឲ្យ​ក្រុមគ្រួសារ​ខ្ញុំ​ផង កាលពី​ឆ្នាំ​២០១៩ ប្អូនស្រី​ខ្ញុំ​បាន​ចាញ់បោក​ជន​បោកប្រាស់​ដែលថា​ជួយ​រត់ការ​ឲ្យ​ប្អូនស្រី​ខ្ញុំ ចូល​ក្របខណ្ឌ​នគរបាល ហើយ​ថ្លៃ​រត់ការ​នោះគេ​យក ១៧,០០០​ដុល្លារ (​មួយ​ម៉ឺន​ប្រាំ​ពីរពាន់​ដុល្លារ​) ។ ប៉ុន្តែ​ពេលនេះ​ការងារ​ក៏​អត់ សងលុយ​វិញ​ក៏​អត់ ហើយ​ខ្ញុំ​បានដាក់​ពាក្យបណ្តឹង​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ប៉ុន្តែ​មន្ត្រីនគរបាល មិនទាន់​ដោះស្រាយ​ឲ្យ​ទេ (​ជនបង្ក​ឈ្មោះ គ្រី រ៉ា​ឌី មុខរបរ​ប៉ូលីស​) សូម​សម្តេច រក​យុត្តិធម៌ ជូន​គ្រួសារ​ខ្ញុំ​ផង​» ។​
 
​ក្រោយ​ទទួលបាន​សារ​តាម​ហ្វេ​ស​ប៊ុ​ក​នេះ សម្ដេច ស ខេង ក៏បាន​បញ្ជា​ឲ្យ​លោក ឈឿន សុចិ​ត្ត ដែល​ទើប​ឡើងជា​ស្នងការ​នគរបាល​ខេត្តកណ្ដាល ដោះស្រាយ​បញ្ហា​ទារប្រាក់​ជា​ថ្នូរ​នឹង​ការ​នាំចូល​ក្របខណ្ឌ​នគរបាល​នេះ​។ តាមរយៈ​ការដោះស្រាយ​នេះ ភាគី​ជនរងគ្រោះ ក៏​ទទួលបាន​ប្រាក់​១​ម៉ឺន​ដុល្លារ​វិញ ពី​មន្ត្រីនគរបាល​ឈ្មោះ គ្រី រ៉ា​ឌី កាលពីថ្ងៃទី៧ ធ្នូ ហើយ​ប្រាក់​នៅសល់​៧​ពាន់​ដុល្លារ​ទៀត បុគ្គល រ៉ា​ឌី សន្យា​សង​ទាំងអស់ នៅ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២១ ។ នេះ​បើតាម​ស្នងការ​នគរបាល​ខេត្តកណ្ដាល​។​
 
​កន្លងមក​សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ប្រាប់​ពលរដ្ឋ​ឲ្យ​រាយការណ៍​ទៅ​សម្ដេច​ផ្ទាល់ តាមរយៈ​ហ្វេ​ស​ប៊ុ​ក បើសិន​ជាមាន​បញ្ហា​នៅ​មូលដ្ឋាន​ហើយ អាជ្ញាធរ​មិន​ព្រម​ដោះស្រាយ​។ សម្ដេច ស ខេង បាន​បញ្ជាក់ថា បើ​ពលរដ្ឋ​រាយការណ៍​ទៅ​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​ហើយ ប៉ុន្តែ​ពួកគេ​មិន​ព្រម​ដោះស្រាយ​បញ្ហា​ជូន​នោះ ពលរដ្ឋ​អាច​ប្រើប្រាស់​បណ្ដេញ​សង្គម ដូចជា​ហ្វេ​ស​ប៊ុ​ក​ជាដើម បង្ហោះ ឬ​រាយការណ៍​ព័ត៌មាន​ចូល​ផេ​ក​ហ្វេ​ស​ប៊ុ​ក​សម្ដេច​ផ្ទាល់ ដើម្បី​ទទួលបាន​ដំណោះស្រាយ​។​
 
​មិនតែប៉ុណ្ណោះ​សម្ដេច ស ខេង ក៏​ជំ​រុញឱ្យ​មន្ត្រី និង​អាជ្ញាធរ​មូលដ្ឋាន ចុះ​ដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ​ភ្លាមៗ នៅពេលដែល​ឃើញ​ពួកគេ​បង្ហោះ​ព័ត៌មាន ឬ​បញ្ហា​អ្វីមួយ​នៅលើ​បណ្ដាញ​បច្ចេកវិទ្យា​សង្គម ដោយ​មិនចាំបាច់​ទាល់តែ​ពលរដ្ឋ​មកប្ដឹង​ផ្ទាល់ ដូច​មុន​នោះទេ​។​
 
​គួរ​បញ្ជាក់ថា សម្ដេច ស ខេង បានរៀបចំ​ក្រុមការងារ​មួយ តាមដាន​រាល់​ការស្នើសុំ​អន្តរាគមន៍ និង​ប្ដឹងផ្ដល់​នានារបស់​ពលរដ្ឋ នៅលើ​ហ្វេ​ស​ប៊ុ​ក​សម្ដេច​ផ្ទាល់​៕

អត្ថបទទាក់ទង

Tag:
 ស ខេង​
  នគរបាល​
© រក្សាសិទ្ធិដោយ thmeythmey.com