ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ចាន់ យ៉េត ជា​មនុស្ស​ទី​៤​ហើយ ដែល​អស់តំណែង​ពី​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ​យោបល់ ដោយសាររឿងដីធ្លី
10, Dec 2020 , 2:00 pm        
រូបភាព
​លោក ចាន់ យ៉េត ប្រធាន​គណបក្ស​នគរ​ប្រជាធិបតេយ្យ ដែលត្រូវបានបញ្ចប់តួនាទីសមាជិក​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ កាលពីថ្ងៃទី៩ ធ្នូ
​លោក ចាន់ យ៉េត ប្រធាន​គណបក្ស​នគរ​ប្រជាធិបតេយ្យ ដែលត្រូវបានបញ្ចប់តួនាទីសមាជិក​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ កាលពីថ្ងៃទី៩ ធ្នូ
​ភ្នំពេញ​៖ ព្រះមហាក្សត្រ បានសម្រេច​បញ្ចប់​មុខ​លោក ចាន់ យ៉េត ប្រធាន​គណបក្ស​នគរ​ប្រជាធិបតេយ្យ (​ពីមុន​ឈ្មោះថា​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​) ពី​សមាជិក​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ កាលពី​ថ្ងៃទី​៩ ធ្នូ តាម​សំណើ​របស់​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។​


 
​ការដកតំណែង​នេះ ត្រូវបាន​គេ​មើលឃើញថា ទំនង​មកពី​លោក ចាន់ យ៉េត លូកដៃ​ចូល​រឿង​ទំនាស់​ដីធ្លី​មួយ នៅ​ខេត្តបន្ទាយមានជ័យ​។ សារព័ត៌មាន​ថ្មីៗ បាន​ទាក់ទង​លោក ឈឹម ផល​វរុណ អគ្គលេខាធិការដ្ឋាន​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ ដើម្បី​សាកសួរ​ជុំវិញ​ករណីនេះ ប៉ុន្តែ​លោក​សុំ​មិន​អត្ថាធិប្បាយ ដោយ​ស្នើ​ឲ្យ​សួរ​សំនួរ​ទៅកាន់​លោក ចាន់ យ៉េត ដែលជា​សាមីខ្លួន​ផ្ទាល់​វិញ​។​
 
​សារព័ត៌មាន​ថ្មីៗ ទាក់ទង​លោក ចាន់ យ៉េត ប្រធាន​គណបក្ស​នគរ​ប្រជាធិបតេយ្យ មិនទាន់​បានឡើយ ដោយ​ទូរ​សព្ទ​ចូល ប៉ុន្តែ​មិនមាន​អ្នកទទួល​។​
 
​តែ​យ៉ាងណា​ការបញ្ចប់​មុខតំណែង​លោក ចាន់ យ៉េត នេះ ធ្វើឡើង​ក្រោយពី​លោក ប្រកាស​ដកខ្លួន​ចេញពី​ដំណើរការ​ដោះស្រាយ​វិវាទ​ដីធ្លី​មួយ រវាង​ប្រជាពលរដ្ឋ​២៣០​គ្រួសារ និង​ក្រុមហ៊ុន​ឯកជន​មួយ នៅ​តំបន់​បឹង​ជង្រុក និង​៦៧១ នៅ​ឃុំ​ទួល​ពង្រ ក្នុងស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​៧ ធ្នូ​។​
 
​ប្រធាន​គណបក្ស​នគរ​ប្រជាធិបតេយ្យ​លោក ចាន់ យ៉េត គឺជា​មនុស្ស​ទី​៤​ហើយ ដែល​អស់តំណែង​ពី​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ​យោបល់ ដោយសារ​បញ្ហាដីធ្លី​នេះ​។​
 
​កាលពី​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០២០ ព្រះមហាក្សត្រ ក៏បាន​បញ្ចប់​តំណែង​មេដឹកនាំ​គណបក្ស​ខ្មែរ​ក្រោក លោក សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង ដោយសារ​ចុះ​សិក្សា និង​ដោះស្រាយ​បញ្ហា​វិវាទ​ដីធ្លី​មួយកន្លែង នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដោយមាន​បញ្ហា​ប្រទាំង​ប្រទើស​ជាមួយ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​នៅ​ទីនោះ​។​
 
​ដោយឡែក​អ្នកស្រី សុខ រ័ត្ន​សុវណ្ណ​បញ្ចៈ​សីលា អតីត​ប្រធាន​គណបក្ស​នគរ​ប្រជាធិបតេយ្យ និង លោក ច័ន្ទ ភាព ជា​អតីត​អនុប្រធាន​គណបក្ស​(​ពីមុន​ឈ្មោះថា​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​) ក៏ត្រូវ​បានបញ្ចប់​ពី​សមាជិក​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​ដែរ ក្រោយ​មានរឿង​អាស្រូវ​ពាក់ព័ន្ធ​នឹង​ដីធ្លី​នៅ​ខេត្តព្រះវិហារ កាលពី​អំឡុង​ខែឧសភា ឆ្នាំ​២០១៩​។ កាលនោះ លោក ឆាយ គឹម​ខឿន អគ្គស្នងការ​រង​និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ បកស្រាយ​ថា អ្នក​ទាំងពីរ ដើរ​បំផុសបំផុល​ប្រជាពលរដ្ឋ ឲ្យ​ទៅកាន់​កាប់​និង​រស់នៅ​លើដី​មួយកន្លែង ដែល​រដ្ឋ​ប្រគល់​ឲ្យ​ក្រុមហ៊ុន​ឯកជន ដើម្បី​អភិវឌ្ឍ​។​
 
​ក្រោយ​កើតហេតុ​ការណ៍​ទាំងនេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ដាក់ចេញ​បម្រាម​មួយចំនួន ដល់​លេខាធិការដ្ឋាន​និង​សមាជិក​-​សមាជិកា​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់ កាលពី​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២០ ដោយ​ហាម​មិន​ឲ្យ​ចុះ​ដោះស្រាយ​រាល់​ទំនាស់ ដែល​សម្តេច​បាន​ដោះស្រាយ និង មាន​សេចក្តីជូនដំណឹង​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី (​ស​.​ជ​.​ណ​) រួចហើយ​។​
 
​មិនតែប៉ុណ្ណោះ ការចុះ​ដោះស្រាយ​រាល់​ទំនាស់​ដីធ្លី ដែល​កំពុងដំណើរការ​តាម​នីតិវិធី​របស់​តុលាការ និង ទំនាស់​ដីធ្លី ដែល​បាន​ដោះស្រាយ​ដោយ​តុលាការ និង​មាន​សាលក្រម​ឬ​សាលដីកា​រួចហើយ ក៏​សម្ដេច មិន​អនុញ្ញាត​ឲ្យ​សមាជិក​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ មាន​សកម្មភាព ឬ​លូកដៃ​ចូល​កិច្ចការ​ទាំងនេះ​ដែរ​។​
 
​ជាមួយគ្នានេះ រដ្ឋាភិបាល ណែនាំ​លេខាធិការដ្ឋាន​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់ ឲ្យ​ពិនិត្យ​គោលដៅ​និង​កម្មវត្ថុ ដែល​សមាជិក​-​សមាជិកា​អង្គភាព​នេះ បម្រុង​ចុះទៅ​ដោះស្រាយ ដោយ​មិនត្រូវ​ចេញ​លិខិត​បេសកកម្ម​ជូន​ឡើយ បើ​ស្ថិតក្នុង​បម្រាម​ទាំងបី​ខាងលើ​។ រដ្ឋាភិបាល សង្កត់ធ្ងន់ថា សមាជិក​-​សមាជិកា​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តក់​យោបល់ ក៏​មិនត្រូវ​បញ្ជូន​សំណុំរឿង​វិវាទ​ដីធ្លី​រវាង​បុគ្គល​និង​បុគ្គល ជូនទៅ​សម្តេចនាយក​រដ្ឋមន្ត្រី ដោះស្រាយ​ដែរ​៕

Tag:
 ចាន់ យ៉េត
  នយោបាយ​
© រក្សាសិទ្ធិដោយ thmeythmey.com