កីឡាអន្តរជាតិ
អន្តរជាតិ
Mourinho ថា Man Utd ធ្លាក់ទៅលេង Europa នឹងពិបាកដល់ Spurs
× លោក Jose Mourinho អ្នកចាត់ការទូទៅ Tottenham Hotspur បាននិយាយថា Manchester United ជាក្រុមដែលត្រូវការឈ្នះពាន Europa League បន្ទាប់ពីធ្លាក់ចេញពី Champions League ត្រឹមវគ្គចែកពូល។ សម្រាប់លោក Mourinho ក្រុម Spurs នឹងពិបាកប្រជែងយកពានលំដាប់ទី២អឺរ៉ុបនេះមិនខាន។
ក្រុមបិសាចក្រហមដែលត្រូវការត្រឹមស្មើនៅប្រកួតចុងក្រោយដើម្បីឈានទៅវគ្គ១៦ក្រុម បែជាចាញ់ RB Leipzig ក្នុងលទ្ធផល ៣-២ ដែលធ្វើឲ្យក្រុមនៅអង់គ្លេសមួយនេះធ្លាក់ទៅលេខ ៣ ក្នុងពូល H និងសល់ឱកាសលេងនៅ Europa League វិញ ក្នុងវគ្គ៣២ក្រុម។
លោក Mourinho ដែលធ្លាប់ដឹកនាំ Man Utd ឈ្នះពានរង្វាន់ Europa League ឆ្នាំ ២០១៧ បានប្រាប់អ្នកយកព័ត៌មានក្នុងសន្នីសីតមុនជំនួបរបស់ Spurs ថា៖«ក្រុមដែលធ្លាក់ចេញពីក្របខណ្ឌ Champions League គឺខ្លាំង និងមានកម្រិតខ្ពស់ជាងក្រុមនៅ Europa League។ បិសាចក្រហម ជាក្រុមមួយក្នុងចំណោមក្រុមកំពូលៗ ប៉ុន្តែពួកគេពិតជាលំបាកខ្លាំងណាស់ជាមួយ Paris St Germain និង Leipzig»។
ការធ្លាក់ទៅកាន់ក្របខណ្ឌលំដាប់ទី២អឺរ៉ុបរបស់ក្រុមលោក Ole Gunnar Solskjaer បានធ្វើឲ្យអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់មានការបារម្ភក្នុងប្រជែងពានរបស់ Spurs នៅរដូវកាលនេះ។
ក្រុមមាន់ខ្នាយមាសនឹងត្រូវទទួលភ្ញៀវ Royal Antwerp សម្រាប់ជំនួបចុងក្រោយក្នុងពូល J នៅរាត្រីថ្ងៃទី១០ ខែធ្នូ។ ក្រុមលោក Mourinho ត្រូវធ្វើយ៉ាងណាយកឈ្នះ Antwerp ឲ្យខាងតែបានដើម្បីឈរកំពូលតារាង ដែលនេះអាចធ្វើឲ្យពួកគេគេចផុតពីក្រុមដែលធ្លាក់ Champions League នៅជុំបន្ទាប់។ Antwerp ឈរកំពូលតារាងបណ្តោះអាសន្នមាន១២ពិន្ទុ ខណៈ Spurs នៅលេខ២មាន១០ពិន្ទុ ហើយក្រុមតែពីរសុទ្ធតែទទួលបានកៅអីទៅវគ្គ៣២ក្រុមរៀងខ្លួន៕
Tag:
Jose Mourinho
Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com