សង្គមអន្តរជាតិ​
អន្តរជាតិ
Facebook រង​បណ្តឹង​ដែល​អាច​ឈានដល់​ការលក់ WhatsApp និង Instagram
10, Dec 2020 , 7:29 pm        
រូបភាព
Facebook រងបណ្តឹងដែលអាចឈានដល់ការលក់ WhatsApp និង Instagram ។ រូបភាព AFP
Facebook រងបណ្តឹងដែលអាចឈានដល់ការលក់ WhatsApp និង Instagram ។ រូបភាព AFP
ដោយ:
​ក្រុមហ៊ុន Facebook អាច​នឹងត្រូវ​បង្ខំ​ឲ្យ​លក់​កម្មវិធី​ធំ​ពីរ​មាន WhatsApp និង Instagram បន្ទាប់ពី​ស្នងការ​ពាណិជ្ជកម្ម​សហ​ព័ន្ធ (FTC) និង​រដ្ឋ​អាមេរិក​ចំនួន​៤៦ ដាក់ពាក្យ​បណ្តឹង​ប្រឆាំង​ទៅនឹង​វិធីសាស្ត្រ​ជំនួញ​របស់​ក្រុមហ៊ុន​នេះ​ដែល​ទិញយក​ក្រុមហ៊ុន​ប្រកួតប្រជែង ដើម្បី​កុំ​ឲ្យ​ក្រុមហ៊ុន​ទាំងនោះ​អាច​រីកលូតលាស់​ទៅមុខ​បាន​។ ការប្តឹង​នេះ​មាន​គោលបំណង​បង្ការ​មិន​ឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា អាច​កាន់កាប់​ទីផ្សា​ផ្តាច់មុខ និង​ប្រើ​យុទ្ធសាស្ត្រ​ដែល​ប៉ះពាល់​ដល់​ការប្រកួតប្រជែង​។​

 
​បណ្តឹង​រួមគ្នា​របស់​ស្នងការ​ពាណិជ្ជកម្ម​សហ​ព័ន្ធ និង​រដ្ឋ​ចំនួន​៤៦ ដាក់​ទៅកាន់​តុលាការ​សហព័ន្ធ​សង្កាត់ Columbia នៅ​ថ្ងៃទី​៩ ធ្នូ ធ្វើ​ឲ្យ​ក្រុមហ៊ុន​Facebook ក្លាយជា​ក្រុមហ៊ុន​ទី​ពីរ​ដែល​ជាប់​បណ្តឹង​បែបនេះ ក្រោយ​ក្រសួង​យុ​ត្តិ​ធ​ម៍​អាមេរិក​ប្តឹង​ក្រុមហ៊ុន Alphabet របស់ Google កាលពី​ខែតុលា​កន្លងទៅ​។​
 
​បណ្តឹង​នេះ​បាន​ចោទ Facebook​ពី ការ​ទិញយក​ក្រុមហ៊ុន​ដែល​ប្រកួតប្រជែង​នឹង​ខ្លួន​។ នោះ គឺ​ការទិញ​ក្រុមហ៊ុន Instagram នៅ​ឆ្នាំ​២០១២ ក្នុងតម្លៃ​១​ពាន់​លាន​ដុល្លារ និង​ការទិញ​ក្រុមហ៊ុន WhatsApp នៅ​ឆ្នាំ​២០១៤ ក្នុងតម្លៃ​១៩​ពាន់​លាន​ដុល្លារ​។ ក្នុងការ​ទាមទារ​ជាច្រើន បណ្តឹង​នេះ​ទាមទារ​ឲ្យ​តុលាការ​បំបែក WhatsApp និង Instagram ចេញពី​ការគ្រប់គ្រង​របស់​ក្រុមហ៊ុន​Facebook ផងដែរ​។​
 
«​ជាច្រើន​ឆ្នាំ​មកហើយ​ដែល​ក្រុមហ៊ុន Facebook ប្រើប្រាស់​អំណាច​ផ្តាច់មុខ​ក្នុង​ការកម្ទេច​ក្រុមហ៊ុន​តូចៗ​ដែល​ប្រជែង​នឹង​ខ្លួន បញ្ចប់​ការប្រកួតប្រជែង ដែល​ការធ្វើ​នេះ​ប៉ះពាល់​ដល់​អ្នកប្រើប្រាស់​»​។ នេះ​ជាការ​លើកឡើង​របស់លោក​ស្រី Letitia James អគ្គ​រដ្ឋអាជ្ញា​រដ្ឋ​ញ៉ូ​វ​យ៉​ក ដែល​តំណាង​ឲ្យ​រដ្ឋ​ចំនួន​៤៦​ដែល​ដាក់​ពាក្យបណ្តឹង​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​
 
​លោកស្រី​បន្តថា​ក្រុមហ៊ុន Facebook ទិញ​ក្រុមហ៊ុន​ទាំងអស់នោះ មុនពេល​ក្រុមហ៊ុន​នោះ​អាច​គំរាម​ការគ្រប់គ្រង​ទីផ្សា​របស់ខ្លួន​។ ចំណែក​លោកស្រី Jennifer Newstead ប្រធាន​ផ្នែក​កិច្ចការ​ច្បាប់​របស់​Facebook អះអាងថា បណ្តឹង​នេះ​ចង់​កែប្រែ​ប្រវត្តិសាស្ត្រ និង​ថា ច្បាប់​ប្រឆាំង​ពាណិជ្ជកម្ម​ផ្តាច់មុខ​ពុំបាន​បង្កើត​មក​ដើម្បី​ធ្វើបាប​ក្រុមហ៊ុន​ដែល​ទទួលជោគជ័យ​ឡើយ​។​
 
​លោកស្រី Newstead អះអាងថា កម្មវិធី WhatsApp និង Instagram ជោគជ័យ​នៅពេលនេះ​ក៏​ដោយសារតែ Facebook វិនិយោគ​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​ដែរ​។ ដោយ​សំដៅ​ដល់​ការដែល​រដ្ឋាភិបាល​អាមេរិក​អនុញ្ញាត​ឲ្យ Facebook ទិញយក WhatsApp និង Instagram ពី​ពេលមុន នឹង​ប្តឹង​ឲ្យ​លក់​វិញ​នៅពេលនេះ លោកស្រី​និយាយ​ឌឺដង​ថា​៖« នៅពេលនេះ​រដ្ឋាភិបាល​ច​ង់​ផ្តល់​ការព្រមាន​ដល់​ក្រុមហ៊ុន​អាមេរិក​ថា គ្មាន​ការលក់ដូរ​ណា​ដែល​ចប់សព្វគ្រប់​ឡើយ​»​។​
 
​ការប្តឹង​បំបែក​ក្រុមហ៊ុន​គឺជា​រឿង​កម្រ ប៉ុន្តែ​អ្នកជំនាញ​មួយចំនួន​លើកឡើងថា FTC មាន​មូលដ្ឋាន​ច្បាប់ និង​ភស្តុតាង​ល្អ​ក្នុង​ក្តីក្តាំ​នេះ​។ ជាក់ស្តែង​ក្នុង​សារ​អេឡិចត្រូនិក​មួយ​របស់លោក Mark Zukerberg នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Facebook លើកឡើង​ក្នុង​ឆ្នាំ​២០០៨ ថា វា​ជា​រឿង​ប្រសើរ​ក្នុង​ការទិញ​អ្នក​ប្រជែង​ជាជាង​ប្រកួត​ជាមួយ​ពួកគេ​។​
 
​ក្នុង​ការទិញ​ក្រុមហ៊ុន​តូចៗ​នេះ Facebook កាលពី​ខែតុលា​កន្លង​ទៅបាន​ទិញ​ក្រុមហ៊ុន Kustomer ដែល​រកស៊ី​ផ្តល់​សេវាកម្ម​ដែលមាន​តម្លៃ​១​ពាន់​លាន​ដុល្លារ ។ Facebook ក៏បាន​ទិញ​ក្រុមហ៊ុន Giphy ដែល​ផលិត​រូបភាព​ជី​វច​ល​កំប្លែង (GIF)​ក្នុ ង​ខែឧសភា​។ ការទិញ​នេះ ត្រូវបាន​និយ័ត​ករ​អង់គ្លេស​សួរដេញដោល​ផងដែរ​៕
 
 
 
 
 
 

Tag:
 អាមេរិក​
  Facebook
© រក្សាសិទ្ធិដោយ thmeythmey.com