ជាតិ
ខ្យល់ និងរលកធំៗ ក្រសួងណែនាំពលរដ្ឋ និងម្ចាស់អាជីវកម្មលើសមុទ្រ បង្កើនការប្រុងប្រយ័ត្ន
×
ដោយ៖ ប៉ូ សុភា
ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រាប់ម្ចាស់អាជីកម្ម និងប្រជានេសាទ ប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះធម្មជាតិ ដែលបង្កឱ្យមានខ្យល់បោកបក់ខ្លាំង និងរលកធំៗ ដែលអាចបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត។
ក្រសួងសាធារណការ ប្រាប់ឱ្យម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនតាមនាវា អ្នកបើកបរនាវា និងប្រជានេសាទទាំងអស់ យកចិត្តទុកដាក់ខ្ពស់ លើស្ថានភាពអាកាសធាតុតំបន់ឆ្នេរកម្ពុជាបច្ចុប្បន្ន ដែលកំពុងមានខ្យល់បកបោកខ្លាំង បង្កើតជារលកសមុទ្រខ្ពស់ៗ។
ដើម្បីទប់ស្កាត់បញ្ហាគ្រោះថ្នាក់នេះ ក្រសួង ក៏បានអំពាវនាវជាថ្មីដល់ប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មដែលប្រកបរបរលើដែនទឹកទាំងអស់ ត្រូវត្រៀមខ្លួនប្រុងប្រយ័ត្នខ្ពស់ ដោយបំពាក់នូវឧបករណ៍ការពារសុវត្ថិភាព ដល់អ្នកធ្វើដំណើរ ដូចជា ដាក់អាវពោង ពោងសង្គ្រោះ ខ្សែពួរជាដើម។
ក្រសួងសាធារណការ បានបញ្ជាក់ក្នុងលិខិតជូនដំណឹង ថ្ងៃទី៩ ធ្នូ ថា៖ «ត្រូវតាមដានលើបញ្ហាប្រែប្រួលអាកាសធាតុនេះ ឱ្យបានគ្រប់គ្រាន់ ដោយមិនត្រូវចេញទៅណាឆ្ងាយពីច្រាំងនៅពេលមានរលកធំៗ ឬអាកាសធាតុមិនល្អឡើយ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងថាហេតុ ព្រមទាំងចូលរួមអនុវត្តទៅតាមការផ្សព្វផ្សាយ ឬការណែនាំរបស់សមត្ថកិច្ចស្តីពីបញ្ហាអាកាសធាតុនេះ»។
កន្លងមកមានម្ចាស់ទូកមួយចំនួនតូច ពុំបានចូលរួមអនុវត្តតាមការណែនាំរបស់សមត្ថកិច្ចស្តីពីបញ្ហាអាកាសធាតុឡើយ ។ នេះជាការមើលឃើញរបស់ក្រសួង ដែលសង្ឃឹមថា ប្រជានេសាទ និងភាគីម្ចាស់អាជីវកម្មបម្រើសេវានៅលើផ្ទៃទឹក នឹងចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាព តាមការណែនាំខាងលើ៕
Tag:
ប្រជានេសាទ
ម្ចាស់អាជីវកម្ម
គ្រោះថ្នាក់
អាកាសធាតុ
ជាយថាហេតុ
© រក្សាសិទ្ធិដោយ thmeythmey.com