អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ត្រាំ គាំទ្រ​បណ្ដឹង​រដ្ឋ Texas ដែល​ស្នើ​ឲ្យ​ផាត់​ចោល​លទ្ធផល​រដ្ឋ​៤​ដែល​លោក បៃ​ឌិន ឈ្នះ​
10, Dec 2020 , 9:29 pm        
រូបភាព
ដោយ:
​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង​រដ្ឋ​អាមេរិក ១៧ ទៀត នៅ​ថ្ងៃទី ៩ ខែធ្នូ បាន​គាំទ្រ​ការប្ដឹងតវ៉ា​ពី​សំណាក់​រដ្ឋ Texas ដោយ​ព្យាយាម​កែប្រែ​លទ្ធផល​បរាជ័យរ​ប​ស់លោក ត្រាំ ។ ក្នុង​ពាក្យបណ្ដឹង​នេះ រដ្ឋ Texas ដែល​គ្រប់គ្រង​រដ្ឋ​បក្ស​សាធារណរដ្ឋ ស្នើសុំ​តុលាការ​កំពូល​អាមេរិក​ផាត់​ចោល​លទ្ធផល​ឆ្នោត​ក្នុង​រដ្ឋ​៤​ដែល​លោក ចូ បៃ​ឌិន ឈ្នះ​។ លោក ត្រាំ ខ្លួនឯង ក៏​ដាក់​ពាក្យសុំ​ធ្វើ​ដើមបណ្ដឹង​ក្នុង​សំណុំរឿង​នេះដែរ​។

 
​ពាក្យបណ្ដឹង​របស់​រដ្ឋ Texas លើកឡើងថា ការកែប្រែ​នីតិវិធី​បោះឆ្នោត​ពី​សំណាក់​រដ្ឋ​ទាំង​៤ រួមមាន Georgia, Michigan, Pennsylvania និង Wisconsin ក្នុង​កាលៈទេសៈ​ជំងឺ​កូ​វីដ​-១៩ ដោយ​ពង្រីក​ការបោះឆ្នោត​តាមរយៈ​ប្រៃសណីយ៍ ជា​រឿង​ខុសច្បាប់​។ ដោយ​ឈរលើ​មូលដ្ឋាន​នេះ រដ្ឋ Texas បានស្នើ​សុំ​ឲ្យ​តុលាការ​កំពូល​រាំងខ្ទប់​ភ្លាមៗ​រដ្ឋ​ទាំង​៤​នេះ កុំ​ឲ្យ​ប្រើប្រាស់​លទ្ធផល​ការបោះឆ្នោត​ពួកគេ​ទៅ​តែងតាំង​ប្រតិភូ​បោះឆ្នោត ដែល​នឹង​គាំទ្រ​លោក ចូ បៃ​ឌិន នោះ​
 
​ខណៈ​រដ្ឋ​ទាំង​៤​ដែល​រង​ពាក្យបណ្ដឹង​ពី​បក្ស​សាធារណ​ដ្ឋ មាន​ប្រតិភូ​តំណាង​បូក​បញ្ចូល​គ្នា​ដល់ ៦២ រដ្ឋ Texas ក៏បាន​ស្នើសុំ​តុលាការ​កំពូល​អាមេរិក​លើក​ពេល​បោះឆ្នោត​របស់​ប្រតិភូ​បោះឆ្នោត ដែល​គ្រោង​រៀបចំឡើង​នា​ថ្ងៃទី ១៤ ខែធ្នូ​ផងដែរ​។ លោក ចូ បៃ​ឌិន បានឈ្នះ​ប្រតិភូ​បោះឆ្នោត​រហូតដល់ ៣០៦ ទល់នឹង​លោក ដូ​ណា់ ត្រាំ មានតែ​២៣២​។ តាម​រដ្ឋធម្មនុញ្ញ​អាមេរិក បេក្ខជន​ប្រធានាធិបតី ត្រូវការ​យ៉ាងតិច ២៧០ ប្រតិភូ​បោះឆ្នោត​ដើម្បី​គ្រង​សេត​វិមាន​អាមេរិក​។​
 
​លោក ត្រាំ ដែល​បាន​ចាញ់​ប្រធានាធិបតី​ជាប់ឆ្នោត ចូ បៃ​ឌិន ក្នុងការ​បោះឆ្នោត​ថ្ងៃទី​៣ ខែវិច្ឆិកា បានដាក់​ពាក្យបណ្ដឹង​ទៅកាន់​តុលាការ​កំពូល​អាមេរិក ដោយ​ស្នើសុំ​ចៅក្រម​ទាំង​៩​នាក់​របស់​តុលាការ​នេះ​បើកផ្លូវ​ឲ្យ​លោក​ធ្វើ​អន្តរាគមន៍ និង​ក្លាយជា​ដើមបណ្ដឹង​ក្នុង​ពាក្យបណ្ដឹង​ដែល​ដាក់​ដោយ​រដ្ឋ Texas ប្រឆាំងនឹង​រដ្ឋ​ទាំង​៤​ខាងលើ​ដែរ​។​
 
​រដ្ឋ Texas ជា​រដ្ឋ​កាន់កាប់​ដោយ​បក្ស​សាធារណរដ្ឋ ចំណែក​រដ្ឋ​ទាំង​៤​នេះ ជា​រដ្ឋ​ដែល​បក្ស​ប្រជាធិបតេយ្យ​លោក បៃ​ឌិន ឈ្នះ​។ ខណៈ​ចាញ់​ឆ្នាំ​២០២០ ទល់​លោក បៃ​ឌិន លោក ត្រាំ ដែលជា​បេក្ខជន​បក្ស​សាធារណរដ្ឋ បានឈ្នះ​ឆ្នោត​ក្នុង​រដ្ឋ​ទាំង​៤​នេះ កាលពី​៤​ឆ្នាំមុន​។​
 
​ប្រសិនបើ​ចៅក្រម​ទាំង​៩​នាក់​នេះ អនុញ្ញាត​ឲ្យ​លោក ត្រាំ ធ្វើជា​ដើមបណ្ដឹង​ដែរ ករណីនេះ​នឹង​បង្កើត​ទៅជា​សេណា​រី​យ៉ូ​ដ៏​កម្រ​មួយ ដែល​ប្រធានាធិបតី​ជិត​ផិត​អាណត្តិ​ស្នើសុំ​តុលាការ​កំពូល​ធ្វើ​មោឃភាព​សន្លឹកឆ្នោត​ពលរ​ដ្ឋ​អាមេរិក​រាប់លាន់​នាក់​ដែល​បោះ​ក្នុង​រដ្ឋ​ទាំង​៤ ។ តាមរយៈ​បណ្ដាញ Twitter លោក ត្រាំ សរសេរ​ដូច្នេះ​ថា​៖« នេះ​ជា​រឿង​ដ៏​ធំ​មួយ ។ ប្រទេស​យើង​ត្រូវការ​ជ័យជម្នះ​»​។​
 
​ក្នុង​សេចក្តីថ្លែងការណ៍​ដាច់ដោយឡែក​មួយ ក្រុម​មេធាវី​តំណាង​រដ្ឋ​ទាំង​១៧ ដែល​ដឹកនាំ​ដោយ​អគ្គ​រដ្ឋអាជ្ញា​មកពី​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ Missouri លោក Eric Schmitt ក៏បាន​ទទូច​ឲ្យ​ចៅ​ក្រុម​ទាំង​៩​របស់​តុលាការ​កំពូល​បើកសវនាកា​រ​រឿងក្តី​ដែល​ប្ដឹង​ដោយ​រដ្ឋ Texas ផងដែរ​។ 
 
​បន្ថែម​ពីរ​ដ្ឋ Missouri រដ្ឋ​ទាំង​១៦​ទៀត​ដែល​គាំទ្រ Texas គឹ​មានដូចជា រដ្ឋ Alabama, Arkansas, Florida, Indiana, Kansas, Louisiana, Mississippi, Montana, Nebraska, North Dakota, Oklahoma, South Carolina, South Dakota, Tennessee, Utah និង West Virginia​។ ភាគច្រើន​នៃ​អ្នកដាក់ពាក្យ​បណ្ដឹង​តំណាង​រដ្ឋ​ទាំងនេះ ជា​មន្ត្រី​បក្ស​សាធារណរដ្ឋ លើក​លែ​ក​តែ​៣​រដ្ឋ​ប៉ុណ្ណោះ ដែលមាន​អភិបាលរដ្ឋ​បក្ស​សាធារណរដ្ឋ​ជា​អ្នកតំណាង​។ 
 
​យ៉ាងណាមិញ មន្ត្រី​មកពី​រដ្ឋ Georgia , Michigan, Pennsylvania និង Wisconsin បាន​ហៅ​ពាក្យបណ្ដឹង​នេះ​ថា​ជាការ​វាយប្រហារ​ឥត​កោតក្រែង​ប្រឆាំង​លទ្ធិប្រជាធិបតេយ្យ ខណៈ​ពួកគេ​ដាក់ពាក្យ​បណ្ដឹងផ្ទាល់​ទៅកាន់​តុលាការ​កំពូល ដោយ​រំលង​នីតិវិធី​នៅ​តុលាការ​ជាន់​ទាប​។ 
 
​ពាក្យបណ្ដឹង​នេះ អាចជា​ហានិភ័យ​សម្រាប់​បក្ស​ប្រជាធិបតេយ្យ​របស់លោក បៃ​ឌិន ដ្បិត​ចៅក្រម​ទាំង​៩​របស់​តុលាការ​កំពូល គឺមាន​និន្នាការ​អភិរក្សនិយម​រហូត​ដល់​៦​សំឡេង​ឯណោះ  ហើយ​ក្នុង​ចៅ​ក្រុម​ទាំង​៩​នាក់ គឺមាន​៣​នាក់​ត្រូវបានតែងតាំង​ផ្ទាល់ដៃ​ដោយ​លោក​ត្រាំ​ផងដែរ​។ ម្យ៉ាងវិញទៀត នៅ​មុនពេល​បោះឆ្នោត លោក ត្រាំ ក៏​ធ្លាប់​រំពឹង​ដែរ​ថា លទ្ធផល​ឆ្នោត អាច​ត្រូវ​សម្រេច​ដោយ​តុលាការ​កំពូល​នៅ​ទីបំផុត​៕ 
 
 

Tag:
 ដូ​ណា​ល់ ត្រាំ​
  ចូ បៃ​ឌិន​
  បោះឆ្នោត​អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com