ជាតិ
សង្គមជាតិ
សុខភាព
រដ្ឋមន្ត្រី​សុខាភិបាល ហាម​ពលរដ្ឋ​ពិសា​ស្រា «​ស​» ឬ​ស្រាថ្នាំ ដែល​គ្មាន​ប្រភព​ច្បាស់លាស់​
10, Dec 2020 , 9:59 pm        
រូបភាព
​ដោយ​៖ ប៉ូ សុភា 

​ក្រសួងសុខាភិបាល ហាម​ពលរដ្ឋ​ពិសា​ស្រា «​ស​» ឬ​ស្រាថ្នាំ ដែល​គ្មាន​ប្រភព​ច្បាស់លាស់ ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ដល់​សុខភាព និង​ជីវិត​។ ចំណែក​ចំណីអាហារ​វិញ ពលរដ្ឋ​ក៏ត្រូវ​បរិភោគ​អាហារ​ឆ្អិន និង​ប្រើប្រាស់​ទឹកស្អាត​ផងដែរ​។​



​ក្រសួងសុខាភិបាល សង្កេតឃើញថា ករណី​ពុល​ស្រាស ឬ​ស្រាថ្នាំ​កន្លងមក ដោយសារ​ស្រា​ទាំងនោះ មាន​សារជាតិ​មេ​តា​ណុល​កម្រិត​ខ្ពស់ លើ​ពី​កម្រិត​ធម្មតា ទើប​បណ្ដា​ឱ្យ​ពលរដ្ឋ​ពិសារ​ទៅ មាន​អាការ​ក្អួតចង្អោរ ស្រវាំង ឬ​ងងឹតភ្នែក សន្លប់ ប្រកាច់ ពិបាក​ដកដង្ហើម និង​អាច​វិ​វត្ត​ទៅជា​ស្លាប់​ជាដើម​។ ដោយសារ​មើលឃើញ​បញ្ហា​នេះ ទើប​ក្រសួងសុខាភិបាល​ហាម​ពលរដ្ឋ​ពិសា​ស្រា «​ស​» ឬ​ស្រាថ្នាំ ដែល​គ្មាន​ប្រភព​ច្បាស់លាស់​។​
 
​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​លោក ម៉ម ប៊ុនហេង បានចេញ​សេចក្តី​ជូន​ព័ត៌មាន កាលពី​ថ្ងៃទី​៩ ធ្នូ ដូច្នេះ​ថា​៖«​សូម​បងប្អូន​ប្រជាពលរដ្ឋ  ប​ញ្ឃ​ប់​ជាបន្ទាន់​នូវ​ការ​ពិសារ​ស្រាស​ឬ​ស្រាថ្នាំ ដែល​ទិញ​ពី​ប្រភព​មិន​ច្បាស់លាស់ ដែល​ផលិត​គ្មាន​ការត្រួត​ពិ​និ​ត្រ​ត្រឹមត្រូវ និង​ផលិត​នៅក្នុង​មូលដ្ឋាន​សហ​គន៍ មិន​ត្រឹមត្រូវ​តាម​ក្បួនខ្នាត​បច្ចេកទេស​។ សូម​បងប្អូន​ដាច់​ខា​ច​កុំ​យក​សារធាតុ​មេ​តា​ណុល ទៅ​លាយ​ធ្វើជា​ស្រាស​ដែល បណ្ដាលឱ្យ មានការ​ពុល និង​ស្លាប់​បាន​»​។​
 
​កន្លងមក​ពលរដ្ឋ នៅក្នុង​មួយចំនួន បាន​ពុល​ស្រាស ដោយ​អ្នកខ្លះ​ចូល​សម្រាក​នៅ​មន្ទីរពេទ្យ និង​បាត់​បង់ជីវិត​ជាដើម​។ ពលរដ្ឋ​ដែល​ពុល​ស្រា​ទាំងនោះ ភាគច្រើន រស់នៅ​ខេត្តក្រចេះ បន្ទាយមានជ័យ មណ្ឌលគិរី និង​កំពង់ឆ្នាំង​ជាដើម​។ 
 
​បើ​និយាយ​ពី​ខេត្តកំពង់ឆ្នាំង​វិញ នៅត្រឹម​រយៈពេល​ជាង​១​ខែ​នេះ មាន​អ្នកពុល​ស្រា «​ស​» ស្លាប់​១៥​នាក់ និង​សម្រាក​នៅក្នុង​មន្ទីរពេទ្យ​ជាង​១៣០​នាក់​ហើយ ។​នេះ​បើតាម​លោក​វេជ្ជបណ្ឌិត ប្រាក់ វ៉ុ​ន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង ប្រាប់​សារព័ត៌មាន​ថ្មីៗ​កន្លងមក​។​
 
​ក្រៅពី​ករណី​ពុល​ស្រា​«​ស​» ការទទួល​ទាន​ចំណីអាហារ​របស់​ប្រជាពលរដ្ឋ នៅតាម​ទីជនបទ ក៏​ជា​រឿង​មួយ គួរឱ្យ​ព្រួយបារម្ភ​ដែរ​។ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ក៏​ប្រាប់​ឱ្យ​ពលរដ្ឋ​បរិភោគ​ស្អាត និង​ផឹកទឹក​ស្អាត​ផងដែរ​។ 
 
«​សូម​ប្រើប្រាស់​ទឹកស្អាត និង​ម្ហូបអាហារ​ដែល​ស្អាត និង​ឆ្អិន​ជានិច្ច​។ ត្រូវ​លាងដៃ​ជាមួយ​សាប៊ូ មុនពេល​និង​អំឡុងពេល​រៀបចំ​ម្អូ​ប​អាហារ មុន​បរិភោគ និង​ក្រោយ​បន្ទោ​របង់​។ លាង​សំអាត​បន្លែ​ផ្លែឈើ​ឱ្យបាន​ស្អាត​មុន​បរិភោគ​។ សំអាត​សម្ភារ​ប្រើ​សម្រាប់​ចម្អិន​ម្ហូបអាហារ ឱ្យបាន​ត្រឹមត្រូវ​។ ចម្អិន​អាហារ​ឱ្យបាន​ឆ្អិន​ល្អ ជាពិសេស សាច់ សត្វ​ស្លាប ស៊ុត និង​អាហារ​សមុទ្រ​»​។ នេះ​ជាការ​អំពាវនាវ​របស់​លោក ម៉ម ប៊ុនហេង​។​
 
​បន្ថែម​ពីនេះ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ក៏​ប្រាប់​ពលរដ្ឋ​ពី​របៀប​ទុកដាក់​ម្ហូបអាហារ​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​បញ្ចៀស​ផលប៉ះពាល់​ដល់​សុខភាព​ទៀតផង​។ បើតាម​លោក ម៉ម ប៊ុនហេង ពលរដ្ឋ​ត្រូវ​ទុកដាក់​ចំណីអាហារ​ឆៅ និង​ឆ្អិន​ដាច់ដោយឡែក​ពីគ្នា ហើយ​រក្សាទុក​អាហារ ក្នុង​កំដៅ​ធម្មតា​លើសពី​២​ម៉ោង ដោយ​មិនត្រូវ​រក្សាទុក​អាហារ​ច្រើន​ថ្ងៃ​ទេ ទោះជា​ស្ថិតក្នុង​កម្រិត​សីតុណ្ហភាព​សុវត្ថិភាព​ក៏ដោយ​។  
 
​រដ្ឋមន្ត្រី​សុខាភិបាល ក៏​ហាម​ពលរដ្ឋ​កុំឱ្យ​ប្រើប្រាស់​ចំណីអាហារ​ហួស​កាលកំណត់​ប្រើប្រាស់​។ ជាពិសេស​ត្រូវ​ប្រើប្រាស់​ទឹក និង​វ​ត្តុ​ធាតុ​ដើម​ដែលមាន​សុវត្ថិភាព​។ មិនតែប៉ុណ្ណោះ​ពលរដ្ឋ​ត្រូវ​ទុកដាក់​ថ្នាំ​សម្លាប់​សត្វល្អិត​ឱ្យ​ឆ្ងាយ​ពី​កន្លែង​ដែលជា​ប្រភពទឹក ប្រើប្រាស់ និង​ពី​ដៃ​ក្មេង ហើយ​សូមកុំ​យក​ធុង  ឬ​កំប៉ុង ដែល​ដាក់​ថ្នាំ​សម្លាប់​សត្វល្អិត ឬ​ដាក់​សារធាតុ​គីមី​ផ្សេងៗ​ទៅ​លាង​ក្នុង​ប្រភពទឹក​ប្រើប្រាស់ ឬ​លាង​បង្ហូរ​ចូលទៅក្នុង​ស្រះ ឬ​កន្លែង​ដែលជា​ប្រភព​យក​ទឹក​មក​ប្រើ​ឱ្យសោះ​។ នេះ​បើតាម​រដ្ឋមន្ត្រី​សុខាភិបាល​៕
 
 
 

Tag:
 ពុល​
  ពុល​
  ស្រា​
  ចំណីអាហារ
  បង្ការ​
  សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com