COVID-19
សង្គមអន្តរជាតិ​
អន្តរជាតិ
មូលនិធិ​មហាសេដ្ឋី Bill Gates សន្យា​ផ្ដល់​លុយ​២៥០​លាន​ដុល្លារ​ជួយ​ដឹកជញ្ជូន​វ៉ាក់សាំង​ឲ្យ​ប្រទេស​ក្រីក្រ​
10, Dec 2020 , 10:29 pm        
រូបភាព
លោក Bill Gates និងភរិយា Melinda ដែលជាសហប្រធានមូលនិធិ Gates ។ រូបពី AFP
លោក Bill Gates និងភរិយា Melinda ដែលជាសហប្រធានមូលនិធិ Gates ។ រូបពី AFP
ដោយ:
មូលនិធិ Bill និង Melina Gates បាន​សន្យា​ផ្ដល់ប្រាក់​២៥០​លាន​បន្ថែម​ដើម្បី​គាំទ្រ​កិច្ចប្រឹងប្រែង​ប្រយុទ្ធប្រឆាំង​ជំងឺ​រាតត្បាត​សកល​កូ​វីដ​-១៩ ដែល​បច្ចុប្បន្ន​សម្លាប់​ម​នុស្ស​ជុំវិញ​ពិភពលោក​អស់​១,៥៧​លាន​នាក់​។ ការរួមវិភាគទាន​ថ្មី​នេះ នឹង​ជួយ​គាំទ្រ​ដល់​ការដឹកជញ្ជូន​សម្ភារ​ស​ម្រា​ប់​ធ្វើតេស្ត និង​ថ្នាំ​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩ ក្នុង​បណ្ដា​ប្រទេស​មាន​ប្រាក់ចំណូល​ទាប និង​មធ្យម​។​

 
​ក្នុង​សេចក្តីថ្លែងការណ៍​នៅ ថ្ងៃទី ១០ ខែធ្នូ អ្នកស្រី Melinda Gates ភរិយា​មហាសេដ្ឋី Bill Gates និង​ជា​សហប្រធាន​មូលនិធិ Bill និង Melinda Gates បាន​បញ្ជាក់ថា ពិភពលោក​អាច​ប្រសើរ​ឡើងវិញ​ទៅបាន គឺ​អាស្រ័យ​លើ​សកម្មភាព​មេដឹកនាំ​ក្នុង​ពិភពលោក និង​ការតាំង​ចិត្ត​ដ៏​មុតមាំ​ពួកគេ​ក្នុង​កិច្ចប្រឹងប្រែង​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-19 តាមរយៈ​ការផ្ដល់​ការធ្វើ​តេស្ត ព្យាបាល និង​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​ដែល​ត្រូវការ​។ 
 
​ការរួមវិភាគទាន​២៥០​លាន​ដុល្លារ​របស់​មូល​និ​ធ​ម នឹង​ជួយ​គាំទ្រ​ការដឹកជញ្ជូន​សម្ភារ​ស​ម្រា​ប់​ធ្វើតេស្ត និង​ថ្នាំ​វ៉ាក់សាំង ក្នុង​បណ្ដា​ប្រទេស​មាន​ប្រាក់ចំណូល​ទាប និង​មធ្យម​។ ការសន្យា​ផ្ដល់ប្រាក់​ចុងក្រោយ​នេះ មាន​ទំហំ​ច្រើន​លើស​ពេលមុនៗ ខណៈ​កាលពី​វិច្ឆិកា​កន្លងទៅ មូលនិធិ Gates នេះ​បាន​ឧបត្ថម្ភ​ប្រាក់ ៧០​លាន​ដុល្លារ​រួចហើយ​។ បូក​ទាំង​លុយ​មុនៗ​ទៀត ប្រាក់ឧបត្ថម្ភ​របស់​មូ​ល​និ​ធិ​មួយ​នេះ​ក្នុង​បុព្វហេតុ​ប្រយុទ្ធប្រឆាំង​ជំងឺ​រាតត្បាត​សកល​កូ​វីដ​-១៩​ឡើងដល់ ១,៧៥​ពាន់​លាន​ដុល្លារ​ហើយ​។ 
 
​ប្រទេស​អ្នកមានៗ​មួយចំនួន ដូចជា ចក្រភព​អង់គ្លេស និង​កាណាដា បានអនុញ្ញាត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩​របស់​ក្រុមហ៊ុន​អាមេរិក​-​អាល្លឺម៉ង់ Pfizer-BioNTech ដែលមាន​តម្លៃ​រាង​ថ្លៃ​បន្ដិច ២០​ដុល្លារ​ក្នុង​មួយ​ដូ​ស និង​ពិបាក​ទុកដាក់​។ ទោះ​មាន​ប្រសិទ្ធ​រហូតដល់​៩៥​ភាគរយ​ពិតមែន បញ្ហា​ចម្បង​នៃ​វ៉ាក់សាំង​នេះ គឺ​ការដឹកជញ្ជូន​តែម្ដង ជាពិសេស​ក្នុងប្រទេស​ក្រីក្រ ព្រោះ​ត្រូវ​រក្សាទុក​នៅ​សីតុណ្ហភាព ៧០​អង្សា​សេ​ក្រោម​សូ​ន្រ ពោលគឺ​ក្រោម​ស្ដង់ដារ​សម្រាប់​វ៉ាក់សាំង ចន្លោះ​ពី​២ ទៅ ៨ អង្សា​សេ​។ 
 
​ដោយ​មើលឃើញ​ពី​បញ្ហា​នេះ មហាសេដ្ឋី​បច្ចេកវិទ្យា​អាមេរិក Bill Gates សហប្រធាន​មូលនិធិ Gates បាន​អះអាងថា ពិភពលោក​ទទួលបាន​ថ្នាំ​វ៉ាក់សាំង​ថ្មី និង​បេក្ខភាព​វ៉ាក់សាំង​ឈានមុខ​ជាច្រើន លឿន​ជាង​ការរំពឹងទុក​។ ក៏ប៉ុន្តែ​សម្រាប់​លោក វ៉ាក់សាំង​ទាំងនេះ អាចជួយ​សង្គ្រោះ​ជីវិត​មនុស្ស​បាន លុះត្រាតែ​ពួកវា​ត្រូវ​ដឹកជញ្ជូន​ដល់ដៃ​ប្រទេស​ទាំងអស់​នៅ​ជុំវិញ​ពិភពលោក​។ 
 
​គួរបញ្ជាក់​ផងដែរ​ថា ក្រៅ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Pfizer-BioNTech ក៏មាន​បេក្ខភាព​វ៉ាក់សាំង​ផ្សេងទៀត ដែល​បង្ហាញ​ប្រសិទ្ធភាព សុវត្ថិភាព​ខ្ពស់ ហើយ​មានតម្លៃ​ធូរ​ថ្លៃ​និង​ស្រួល​ទុកដាក់​ផងដែរ​។ តួយ៉ាង វ៉ាក់សាំង​របស់​សកល​វិទ្យាល័យ Oxford សហការ​ជាមួយ​ក្រុមហ៊ុន​ឱសថ​អង់គ្លេស AstraZeneca ដែលមាន​ប្រសិទ្ធ​ភាពជា​មធ្យម​៧០​ភាគរយ ហើយ​តម្លៃ​វិញ​គឺ​ត្រឹម​៤​ដុល្លារ​ក្នុង​មួយ​ដូ​ស ហើយ​ងាយស្រួល​ក្នុងការ​រក្សាទុក ដោយ​ទាមទារ​សីតុណ្ហភាព​ត្រជាក់​ធម្មតា ៤ អង្សា​។ 
 
 
​ចំណែក វ៉ាក់សាំង​ក្រុមហ៊ុន​អាមេរិក Moderna មាន​ប្រសិទ្ធភាព​បង្ការ​កូ​វីដ​-១៩ រហូតដល់ ៩៤,៥​ភាគរយ តែ​ត្រូវ​រក្សាទុក​នៅ​សីតុណ្ហភាព​២០​អង្សា​ក្រោម​សូន្យ ។ ឯ​តម្លៃ​វិញ​គឺ​៣៣​ដុល្លារ​៕ 
 
 

Tag:
 Bill Gates
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com