ភ្នំពេញ៖ ៥ឆ្នាំចុងក្រោយនេះ របរនេសាទប្រឈមមុខនឹងបញ្ហាចំណូល ដោយសារត្រីកាន់តែខ្សត់ ប៉ុន្តែសំណល់ប្លាស្ទិកក្នុងបាតទន្លេបែរជាកើនឡើងយ៉ាងគំហុកទៅវិញ។ លោក ម៉ាត់ សារី វ័យ៦៧ឆ្នាំ ដែលបានប្រកបរបរនេសាទត្រីនៅក្នុងដងទន្លេសាប អស់រយៈពេលប្រហែល៤០ឆ្នាំមកហើយនោះ កំពុងប្រឈមមុខបោះបង់របរខ្លួនចោល ដោយសារតែនេសាទ បានសំណល់ប្លាស្ទិកក្នុងទន្លេច្រើនជាងត្រី។
រស់ក្នុងភូមិចាក់អង្រែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ លោក ម៉ាត់ សារី បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទថា លោកអាចនឹងបញ្ចប់របរនេសាទត្រីនៅឆ្នាំក្រោយ ព្រោះត្រីកាន់តែខ្សត់ពីមួយឆ្នាំទៅមួយឆ្នាំ។ អស់រយៈកាល៥ឆ្នាំមកហើយ ដែលលោក ម៉ាត់ សារី រួមទាំងអ្នកនេសាទដទៃទៀត នេសាទបានសំណល់ប្លាស្ទិក ច្រើនជាងត្រី។
ឧបករណ៍នេសាទត្រី ដែលលោក ម៉ាត់ សារី ហៅថាដៃ(ដៃជាឧបករណ៍នេសាទត្រីបែបថ្មី ដែលមានទំហំធំហើយវែង) មានមុខទំហំ២៧ម៉ែត្រ និងបណ្ដោយ១២៥ម៉ែត្រ។ ដាក់ឧបករណ៍នេសាទ នៅកណ្ដាលទន្លេក្បែរស្ថានីទូរទស្សន៍ CTN ស្ថិតក្នុងខណ្ឌឫស្សីកែវ លោក សារី អះអាងថា មានជម្រៅប្រហែល២០ម៉ែត្រ។
លោក ម៉ាត់ សារី ១អ្នកនេសាទត្រីនៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ(រាប់ពីឆ្វេងទី១ពាក់អាវស)
លោក ម៉ាត់ សារី បញ្ជាក់ថា កាលពី៥ឆ្នាំមុន លោកអាចរកត្រីបានប្រមាណ១០០ទៅ២០០គីឡូក្រាម ក្នុងមួយយប់ ប៉ុន្តែបច្ចុប្បន្ននេះ លោកអាចរកត្រីបានប្រមាណតែ៥គីឡូក្រាមប៉ុណ្ណោះ ក្នុងមួយយប់ នៅក្នុងរដូវដូចគ្នា។ ចាប់ផ្ដើមចុះនេសាទត្រី ពីខែតុលា រហូតដល់ខែកុម្ភៈ អ្នកនេសាទវ័យ៦៧ឆ្នាំរូបនេះ មិនអាចសន្និដ្ឋានបានឡើយថា មូលហេតុអ្វីបានជាត្រីកាន់តែខ្សត់ពីមួយឆ្នាំទៅមួយឆ្នាំបែបនេះ។ ប៉ុន្តែលោកក៏យល់ឃើញថា ប្រហែលមកពីកម្រិតទឹកទាប ដែលបណ្ដាលមកពីការធ្វើវារីអគ្គិសនីនៅតំបន់ខាងលើ។
«សំណល់ប្លាស្ទិកមានតាំងពីការុងអង្ករ កំប៉ុង ថង់ប្លាស្ទិកគ្រប់ប្រភេទ ខ្ញុំមិនដឹងយកវាទៅណា ខ្ញុំបោះវាចោលក្នុងទន្លេវិញ។ អ្នកនេសាទនៅទីនេះ គេឈប់នេសាទអស់ប្រហែល៣០ទៅ៤០ឡូហើយ បើគិតជាគ្រួសារប្រហែល៣០គ្រួសារ គឺគេឈប់ជិតអស់ហើយ ព្រោះអត់មានត្រី។ ខ្ញុំចង់ឱ្យកូនបន្តមុខរបរនេះដែរ តែកូនមិនចង់ ព្រោះគេមានការងារផ្សេងល្អជាងនេះ ម្យ៉ាងក៏អត់មានត្រីផង»។ នេះជាការពន្យល់បន្ថែមរបស់លោក ម៉ាត់ សារី។
សំណល់ប្លាស្ទិកទើរលើដើមឈើងាប់ នៅខែទឹកស្រក
លោក ស៊ា សុផល ប្រធានអង្គការមូលនិធិទំពាំងស្នងឫស្សី បានធ្វើយុទ្ធនាការប្រមូលសំរាមតាមដងទន្លេសាប ក្នុងមួយឆ្នាំ២ដង ដែលធ្វើក្នុងរដូវទឹកស្រក និងរដូវទឹកចាប់ផ្ដើមឡើង។
លោកបានដឹកនាំធ្វើយុទ្ធនាការនេះ៤ឆ្នាំមកហើយ។ ចំពោះយុទ្ធនាការប្រមូលសំរាមតាមដងទន្លេសាប នៅរដូវទឹកស្រក ក្នុងខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក ស៊ា សុផល បានបញ្ជាក់ថា លោកនិងពលរដ្ឋ ប្រមូលសំរាមបាន៥ពាន់ការុង ។ លោក សុផល នឹងធ្វើយុទ្ធនាការនេះទៀត នៅខែមិថុនា ឆ្នាំ២០២១ ពោលគឺនៅរដូវទឹកចាប់ផ្ដើមឡើង។ កាលពីឆ្នាំ២០១៩ លោក សុផល បានដឹកនាំយុទ្ធនាការប្រមូលសំរាមបាន៤០០០ការ៉ុង ដែលប្រមាណ១០០តោន ចេញពីបឹងទន្លេសាបនេះ។
លោក ស៊ា សុផល ប្រធានអង្គការមូលនិធិទំពាំងស្នងឬស្សី ក្នុងពេលចុះរើសសំរាមប្លាស្ទិក(រូបផ្ដល់ឪ្យ)
ជុំវិញបញ្ហាសំរាមនេះ លោក នេត្រ ភត្រា បានប្រាប់សារព័ត៌មានថ្មីៗថា កម្ពុជាមានសំរាមជាង១ម៉ឺនតោនក្នុងមួយថ្ងៃ ហើយស្មើប្រមាណ៤លានតោនក្នុងមួយឆ្នាំ។ ក្នុងនោះ ៦៥ទៅ៧០ភាគរយ ជាសំណល់សរីរាង្គ និង២០ភាគរយជាសំណល់ប្លាស្ទិក ក្រៅពីនោះជាសំណល់រឹង។ ដោយឡែក ចំពោះសំរាមដែលមាននៅតាមដងទន្លេសាប លោកមិនមានទិន្នន័យឡើយ។លោក នេត្រ ភត្រា បញ្ជាក់យ៉ាងខ្លីដូច្នេះ៖«ខ្ញុំមិនមានទិន្នន័យ សំរាមនៅក្នុងបឹងទន្លេសាប ថាមានប៉ុន្មានទេ»។
កុមារពីររូប កំពុងរើសសំណល់ប្លាស្ទិកជាមួយម្ដាយ ពីលើទូក(រូបផ្ដល់ឪ្យ)
ប៉ុន្តែដើម្បីចូលរួមជួយជីវចម្រុះដែលរស់នៅក្នុងទឹក និងកាត់បន្ថយការបំពុលបរិស្ថាន ដោយសំណល់ប្លាស្ទិកនានា អង្គការមូលនិធិទំពាំងស្នងឫស្សី បានបង្កើតកម្មវិធីផ្ដល់អង្ករ «Rice for Plastic» ដើម្បីលើកទឹកចិត្ត ដល់ប្រជាជនដែលបានទុកដាក់សំរាមបានត្រឹមត្រូវផងដែរ។ លោក ស៊ា សុផល ប្រធានអង្គការមូលនិធិទំពាំងស្នងឫស្សី បានបញ្ជាក់ថា ប្រសិនបើប្រជាជនទុកសំរាមប្លាស្ទិក ដែលប្រើប្រាស់ក្នុងផ្ទះ ទៅក្នុងការ៉ុងមួយឱ្យបានត្រឹមត្រូវ នោះគាត់នឹងទទួលបានអង្ករ៥គីឡូក្រាម។ ហើយប្រសិនបើពួកគេ បានរើសសំរាមប្លាស្ទិកពីទីសាធារណៈ ឬអណ្ដែតនៅតាមទឹកជាដើម យកទៅដាក់ក្នុងការុងមួយទៀត នោះពួកគេនឹងទទួលបានអង្ករ៥គីឡូទៀត សរុបទាំងអស់គឺ១០គីឡូក្រាម សម្រាប់អ្នកអនុវត្តបានបែបនេះ។
សកម្មភាពប្រជាសហគមន៍ដើររើសសំរាមប្លាស្ទិក(រូបផ្ដល់ឪ្យ)
កម្មវិធីនេះបានអនុវត្តិសាកល្បងនៅក្នុងខែកក្កដា ឆ្នាំ២០២០ លើ៥០គ្រួសារ ក្នុងភូមិចុងប្រឡាយ ដែលជាភូមិបណ្ដែតទឹក ក្នុងសហគមន៍កំពង់ឃ្លាំង។ ហើយចាប់ពីខែវិច្ចិកា ឆ្នាំ២០២០ កម្មវិធីនេះបានចាប់ផ្ដើមពង្រីកខ្លួន ដោយបញ្ចូលសហគមន៍កំពង់ភ្លុក ដែលមានប្រជាពលរដ្ឋជាង៩រយគ្រួសារ សហគមន៍មេជ្រៃ មានប្រជាពលរដ្ឋប្រមាណ៣រយគ្រួសារ ដើម្បីអនុវត្តិគម្រោងបន្ត។ ហើយប្រហែលឆ្នាំ២០២១ខាងមុខ កម្មវិធីនេះនឹងធ្វើទៅដល់ខេត្តបាត់ដំបង។ នេះបើតាមលោក ស៊ា សុផល។
នៅទូទាំងសកលលោក ប្លាស្ទិក ១៣ លានតោន ត្រូវបានប៉ាន់ប្រមាណថាបានហូរចូលទៅក្នុងសមុទ្រជារៀងរាល់ឆ្នាំ។ ថនិកសត្វ ត្រី និងបក្សីជាង១លានក្បាល បានរងផលប៉ះពាល់ ឬបាត់បង់ជីវិតជារៀងរាល់ឆ្នាំ ព្រោះតែសត្វទាំងនេះបានលេបប្លាស្ទិកចូលទៅក្នុងពោះ ឬត្រូវរុំជាប់ប្លាស្ទិក។ បើតាម របាយការណ៍នានា បច្ចុប្បន្ននេះ មានកម្ទេចកម្ទីប្លាស្ទិកតូចៗនៅក្នុងពោះត្រីប្រមាណ ៩០ភាគរយ ក្នុងចំណោមត្រីទាំងអស់។ សារធាតុគីមីពុលទាំងនេះ កើនឡើងរឹតតែច្រើនក្នុងខ្សែចង្វាក់ចំណីអាហារ ហើយចុងក្រោយចូលមកក្នុងរាងកាយរបស់មនុស្ស។ នេះបើតាមរបាយការណ៍ចេញដោយលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។
សំរាមប្លាស្ទិកដែលត្រូវបានប្រមូលទុកក្នុងការុង(រូបផ្ដល់ឪ្យ)
បើតាមរបាយការណ៍ដដែល សំណល់ប្លាស្ទិកប្រមាណ ៩០ភាគរយ ដែលហូរចូលទៅក្នុងសមុទ្រ មានប្រភពពីទន្លេធំៗចំនួន ១០ រួមមាន ទន្លេយង់សេ ទន្លេលឿង ទន្លេហៃ ទន្លេភើល ទន្លេអាមួរ ទន្លេមេគង្គ ទន្លេឥណ្ឌុស ទន្លេហ្គាំងហ្គីសដេតានៅអាស៊ី ពីទន្លេនីហ្សេ និងទន្លេនីលនៅអាហ្វ្រ៊ិក។ ទន្លេទាំងនេះ ហូរកាត់តំបន់ដែលមានមនុស្សរស់នៅច្រើន ក្នុងប្រទេសដែលមានការអភិវឌ្ឍតិចតួចមួយចំនួន ដោយមិនត្រឹមតែខ្វះហេដ្ឋារចនាសម្ព័ន្ធសម្រាប់ប្រមូល និងកែច្នៃសំរាមប៉ុណ្ណោះទេ ថែមទាំងជាប្រទេសដែលមានការយល់ដឹងពីបរិស្ថាននៅមានកម្រិតទៀតផង៕