សង្គមអន្តរជាតិ​
អន្តរជាតិ
និស្សិត​កូរ៉េខាងត្បូង​ម្នាក់ យក​ម៉ាស់​គេ​ប្រើ​រួច ទៅ​កែច្នៃ​ធ្វើ​កៅអីអង្គុយ​
10, Dec 2020 , 5:01 pm        
រូបភាព
និស្សិត Kim Ha-neul អាយុ២៣ឆ្នាំ អង្គុយលើកៅអីដែលខ្លួនកែច្នៃចេញពីម៉ាស់គេប្រើរួច កាលពីថ្ងៃទី ៧ ខែធ្នូ ។ រូបពី Reuters
និស្សិត Kim Ha-neul អាយុ២៣ឆ្នាំ អង្គុយលើកៅអីដែលខ្លួនកែច្នៃចេញពីម៉ាស់គេប្រើរួច កាលពីថ្ងៃទី ៧ ខែធ្នូ ។ រូបពី Reuters
ដោយ:
​គង់តែ​គេ​បោះចោល​ដដែល ហេតុអ្វី​មិន​យកទៅ​កែច្នៃ​ធ្វើ​របស់​ប្រើ​? នេះ​ជា​សំនួរ​ដែល​និស្សិត​កូរ៉េខាងត្បូង​ម្នាក់​លើកឡើង មុនពេល​នឹកឃើញ​គំនិត​យក​ម៉ាស់​គេ​បោះចោល​ច្រើនសន្ធឹក​ក្នុងសម័យ​កូ​វីដ​-១៩ ទៅធ្វើជា​កៅអីអង្គុយ​។

 
​ធុញទ្រាន់​នឹង​សំរាម​រប៉ាត់រប៉ាយ ហើយ​គ្រោះថ្នាក់​បង្កឡើង​ដោយ​ម៉ាស់​គេ​ប្រើ​រួច និស្សិត​ផ្នែក​រចនា​គ្រឿងសង្ហារិម​កូរ៉េខាងត្បូង​ម្នាក់ បាន​បង្កើត​ដំណោះស្រាយ​ល្អ​សម្រាប់​បរិស្ថាន​មួយ តាមរយៈ​ការយក​ពួកវា​ទៅ​ច្នៃ​ធ្វើ​កៅអីអង្គុយ​។ 
 
«​ប្លា​ស្ទិ​ក គឺអាច​កែច្នៃ​ឡើងវិញ​បាន ដូច្នេះ​ហេតុអ្វី​យើង​មិន​កែច្នៃ​ម៉ាស់​ឡើងវិញ ដែល​ពួកវា​ក៏​ផលិតឡើង​ដោយ​ប្លា​ស្ទិ​ក​ដែរនោះ​»​។ និស្សិត Kim Ha-neul អាយុ​២៣​ឆ្នាំ ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters បែបនេះ មុននឹង​អះអាងថា ម៉ាស់​ភាគច្រើន​ផលិតឡើង​ដោយសារ​ធាតុ​បា្ល​ស្ទិ​ក​ម្យ៉ាង​ឈ្មោះថា Polyprophylene ។ 
 
​សម្រាប់​ផលិត​ចេញ​កៅអីអង្គុយ​មួយ និស្សិត Kim ត្រូវការ​ម៉ាស់​១៥០០​សន្លឹក​។ ដើម្បី​ផ្គត់ផ្គង់​ផលិត​កម្មនេះ និស្សិត Kim ក្នុង​ខែមិថុនា បានដាក់​ប្រអប់​ប្រមែប្រមូល​ម៉ាស់​មួយ​នៅ​សាលារៀន​ខ្លួន សកល​វិទ្យាល័យ​សិល្បៈ និង​រចនា Kaywon ក្នុង​ទីក្រុង Uiwang ភាគខាងត្បូង​នៃ​រដ្ឋធានី​សេ​អ៊ូ​ល ។ ហើយ​មកដល់ពេលនេះ និស្សិត​រូបនេះ ប្រមូលបាន​ម៉ាស់​គេ​ប្រើ​រួច ១​ម៉ឺន​សន្លឹក ហើយក៏​ទទួលបាន​ម៉ាស់​ខ្វះ​គុណភាព​ជាង​១​តោន​ទៀត​ពី​រោងចក្រ​ផងដែរ​។ 
 
​ម៉ាស់​គេ​ប្រើ​រួច អាចជា​សម្បុក​នៃ​វីរុស ដូច្នេះ​និស្សិត Kim បាន​រក្សា​ពួកវា​យ៉ាងហោច​៤​ថ្ងៃ​ក្នុង​ស្ដុក​ខ្លួន ដើម្បី​កាត់បន្ថយ​ហានិភ័យ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩​។ ក្រោយ​ដល់​ថ្ងៃ​កំណត់ និស្សិត Kim ដោះ​ខ្សែ​និង​ជ័រ​ខ្លះ​ចេញ ហើយ​ដុត​រំលាយ​វា​នៅ​សីតុណ្ហភាព​៣០០​អង្សា​សេ​។  
 
​លទ្ធផល​ចេញមក គឺ​រូបគេ​ទទួលបាន​កៅអីអង្គុយ​ជើង​៣ កម្ពស់ ៤៥​សង់ទីម៉ែត្រ ដែល​កែច្នៃ​ឡើងវិញ​ពី​ម៉ាស់​គេ​ប្រើ​រួច​ពណ៌ ស ផ្កាឈូក ខៀវ និង​ខ្មៅ ហើយ​និស្សិត Kim ក៏បាន​ដាក់​បង្ហាញ​ពួកវា​សកល​វិទ្យាល័យ​ខ្លួន​ផងដែរ​។​
 
​ត​ទៅមុខទៀត និស្សិត Kim សង្ឃឹម​ផលិត​គ្រឿងសង្ហារិម​ផ្សេងទៀត​ពី​ម៉ាស់​គេ​ប្រើ​រួច​នេះ ដូចជា តុ ឬ​អំពូល​ភ្លើង​ជាដើម ហើយ​រូបគេ ក៏​ទទូច​ឲ្យ​រដ្ឋាភិបាល​និង​ក្រុមហ៊ុន​ឯកជន​កែច្នៃ​ម៉ាស់​គេ​ប្រៃ​រួច​ឡើងវិញ​ផងដែរ ។ យោងតាម​ទិន្នន័យ​រដ្ឋាភិបាល ក្នុង​ខែកញ្ញា​តែមួយ កូរ៉េខាងត្បូង ផលិត​ម៉ាស់​ជាង​១​ពាន់​លាន​សន្លឹក​សម្រាប់​ការប្រើប្រាស់​ក្នុងស្រុក​៕ 

Tag:
 កូរ៉េខាងត្បូង​
  ម៉ាស់​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com