អន្តរជាតិ
ICC ទម្លាក់ចោល​ការស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដោយ​ទាហាន​អង់គ្លេស​នៅ​អ៊ីរ៉ាក់​
10, Dec 2020 , 6:39 pm        
រូបភាព
ដោយ:
​រដ្ឋអាជ្ញា​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) នៅ​ថ្ងៃទី​៩ ធ្នូ បានសម្រេច​ទម្លាក់ចោល​ការស៊ើបអង្កេត​បឋម​ចំពោះ​ករណី​សង្ស័យ​ការប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដោយ​ទាហាន​អង់គ្លេស នៅ​អ៊ីរ៉ាក់​។ ការទម្លាក់​ចោលការ​ស៊ើបអង្កេត​នេះ បានន័យថា ICC នឹងមិន​បើក​ការស៊ើបអង្កេត​ពេញលេញ​ឡើយ ហើយ​ទុក​ឲ្យ​អង់គ្លេស​ជា​អ្នកកាត់ក្ដី​ក្នុង​សំណុំរឿង​បែបនេះ​ក្នុង​តុលាការ​ខ្លួន​ទៀត​។​

 
​ក្រោយ​ការស៊ើបអង្កេត​បឋម​អស់​រយៈពេល​ជាង​៦​ឆ្នាំ ការិយាល័យ​រដ្ឋអាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ បាន​ទម្លាក់ចោល​ការស៊ើបអង្កេត​ទៅលើ​សកម្មភាព​ទាហាន​អង់គ្លេស​នៅ​អ៊ីរ៉ាក់ ជាពិសេស​ការប្រព្រឹត្តទៅ​លើ​អ្នកទោស​ដែល​ឃុំខ្លួន​ដោយ​ទាហាន​អង់គ្លេស​។ ក្នុង​របាយការណ៍​ស៊ើបអង្កេត​បឋម ការិយាល័យ​រដ្ឋអាជ្ញា​អះអាងថា មាន​មូលដ្ឋាន​សម​ហេតុផល​ក្នុង​ជឿថា ទាហាន​អង់គ្លេស​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​សម្លាប់​ជនជាតិ​អ៊ីរ៉ាក់​ដែល​ត្រូវបាន​ឃុំខ្លួន​៧​នាក់ និង​ករណី​មួយចំនួនទៀត​។​
 
​អង់គ្លេស​វិញ ក៏​បើក​ការស៊ើបអង្កេត​លើ​បណ្ដឹង​ជាច្រើន​ទាក់ទង​ទង្វើ​របស់​កងទ័ព​ខ្លួន​នៅ​អ៊ីរ៉ាក់​ដែរ​។ កាលពី​ខែមិថុនា អាជ្ញាធរ​ស៊ើបអង្កេត​ដែល​ស្ថិតក្រោម​ក្រសួងការពារជាតិ​អង់គ្លេស​អះអាងថា ខ្លួន​បាន​ពិនិត្យមើល​បណ្តឹង​ចោទប្រកាន់​រាប់ពាន់​ជុំវិញ​ការសង្ស័យ​ការប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដោយ​ទាហាន​អង់គ្លេស​នៅ​អ៊ីរ៉ាក់​ពី​ឆ្នាំ​២០០៣ ដល់​ឆ្នាំ​២០០៩​។ អាជ្ញាធរ​ខាងលើនេះ បញ្ជាក់ថា ក្នុង​បណ្តឹង​ចំនួន​រាប់ពាន់ មាន​តែមួយ​ប៉ុណ្ណោះ​ដែល​នឹងត្រូវ​ពិនិត្យ​បន្ត​។​
 
​ទោះជា​អាចមាន​ឧក្រិដ្ឋកម្ម​សង្គ្រាម​យ៉ាងណា​ក្តី លោកស្រី Fatou Bensouda អគ្គ​រដ្ឋអាជ្ញា​នៃ​តុលាការ​អះអាងថា ការិយាល័យ​របស់លោក​ស្រី​រក​មិនឃើញ​ភស្តុតាង​អ្វីដែល​បង្ហាញថា អង់គ្លេស​ការពារ​អ្នក​ដែល​ប្រព្រឹត្ត​បទល្មើស​នោះ​ពី​ការកាត់ក្តី​នៅ​ចំពោះមុខ​តុលាការ​ក្នុងស្រុក​ឡើយ​។ លោកស្រី Bensouda ទទួលស្គាល់ថា អង់គ្លេស​ប្រឹងប្រែង​ក្នុងការ​ស៊ើបអង្កេត​ករ​ណី​ល្មើស​ទាំងអស់នេះ​។​
 
​ទោះជា​យ៉ាងណា អគ្គ​រដ្ឋអាជ្ញា​រូបនេះ ក៏​រិះគន់​អង់គ្លេស​ផង ព្រោះ​គ្មាន​ករណី​ល្មើសច្បាប់​ណាមួយ​ត្រូវបាន​បញ្ជូនទៅ​កាត់ទោស​ក្រោយ​ការស៊ើបអង្កេត​នៅឡើយ​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​បន្ថែម​ពីលើ​នេះ ការិយាល័យ​រដ្ឋអាជ្ញា ICC ក៏​បារម្ភ​ពី​ការសម្រេចចិត្ត​នានា​អំឡុងពេល​អង់គ្លេស​ធ្វើការ​ស៊ើបអង្កេត​។  
 
​ទាក់ទង​រឿងនេះ លោកស្រី​អគ្គ​រដ្ឋអាជ្ញា​លើកឡើងថា ICC មិនមែនជា​ស្ថាប័ន​ដែល​សម្រេច​លើ​នីតិវិធី​ស៊ើប​របស់​ប្រទេស​នីមួយៗ​ល្មើស​ទៅនឹង​ច្បាប់​សិទ្ធិមនុស្ស ឬ​ច្បាប់​ក្នុងស្រុក​ឡើយ តែ ICC អនុវត្ត​សមត្ថកិច្ច​របស់ខ្លួន​តែ​នៅ​ក្នុងករណី​ព្រហ្មទណ្ឌ​អន្តជាតិ​តែប៉ុណ្ណោះ​។​
 
​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ បើក​ការស៊ើបអង្កេត និង​ឈានទៅ​កាត់ទោស ទៅលើ​តែ​ករណី​ណា​ដែល​រដ្ឋ​ជា​សមាជិក​របស់ខ្លួន​ប្រព្រឹត្ត​បទឧក្រិដ្ឋ ហើយ​រដ្ឋ​នោះ​គ្មាន​សមត្ថភាព ឬ​គ្មាន​ឆន្ទៈ​ក្នុងការ​ស៊ើបអង្កេត ឬ​កាត់ក្តី​តែប៉ុណ្ណោះ​។ តុលាការ​នេះ ត្រូវបាន​សហគមន៍​អន្តរជាតិ​ចាត់ទុកជា​ជម្រើស​ចុងក្រោយ​។​
 
​ការសម្រេច​ទម្លាក់ចោល​ការស៊ើបអង្កេត​របស់​ICC​នេះ រង​ការរិះគន់​ពី​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​(HRW)​។ HRW អះអាងថា រដ្ឋាភិបាល​អង់គ្លេស​ពុំ​សូវ​ជា​យកចិត្តទុកដាក់​ក្នុងការ​ស៊ើបអង្កេត​លើ និង​កាត់ទោស​អំពើ​ដែល​ប្រព្រឹត្ត​ដោយ​ទាហាន​អង់គ្លេស​ប៉ុន្មាន​ឡើយ​។ លោក​Clive Baldwin មន្ត្រី​ច្បាប់ HRW អះអាងថា​ការធ្វើ​បែបនេះ នឹង​នាំ​ឲ្យ​គេ​មើលឃើញថា​តុលាការ​មាន​ភាពលម្អៀង បើ​ប្រៀបធៀប​ទៅនឹង​ការស៊ើបអង្កេត​ទៅលើ​ទាហាន​អាមេរិក​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​៕
 

Tag:
 ICC
  អង់គ្លេស​
  អ៊ីរ៉ាក់​
© រក្សាសិទ្ធិដោយ thmeythmey.com