ក្រុមអង់គ្លេស Arsenal, Tottenham Hotspur និង Leicester City សុទ្ធតែបានឡើងទៅកាន់វគ្គ៣២ក្រុមចុងក្រោយពានរង្វាន់ UEFA Europa League។ ដោយឈរនៅកំពូលតារាងវគ្គសន្សំពិន្ទុរៀងខ្លួនក្រុមទាំង៣នឹងមិនប៉ះក្រុមដែលធ្លាក់ពី Champions League នៅវគ្គបន្ទាប់ឡើយ។
កាំភ្លើងធំ Arsenal បានបង្កើតកំណត់ត្រាឈ្នះ១០០ភាគរយក្នុងការប្រកួតពូល B ដោយរកបាន១៨ពិន្ទុពេញពីជំនួប៦លើក។ ប្រកួតលើកចុងក្រោយនៅរាត្រីថ្ងៃទី១០ ខែធ្នូ ឈ្នះ Dundalk ដោយលទ្ធផល ៤-២។
Spurs ដែលត្រូវការជ័យជម្នះជាចាំបាច់នៅជំនួបចុងក្រោយពូល J ធ្វើបានដូចបំណងដោយយកឈ្នះ Royal Antwerp ២-០។ តាមរយៈការទទួលបាន៣ពិន្ទុបន្ថែមនេះ បានធ្វើឲ្យក្រុមមាន់ខ្នាយមាសឈរកំពូលតារាងពូល J ដែលអាចធ្វើឲ្យពួកគេគេចផុតពីក្រុមដែលធ្លាក់ពី Champions League ទៅលេងនៅ Europa League នៅវគ្គ៣២ក្រុម។
Leicester ក៏ដូចគ្នាដែរ ក្រុមអង់គ្លេសមួយនេះក៏ទទួលបានចំណាត់ថ្នាក់កំពូលតារាងពូល G ដែរ បន្ទាប់ពីយកឈ្នះ AEK Athens ក្នុងជំនួបចុងក្រោយដោយលទ្ធផល ២-០។ ក្រុមរហស្សនាមកញ្ជ្រោងមាន១៣ពិន្ទុ ស្មើក្រុមលេខ២ SC Braga តែមានគ្រាប់បាល់ក្នុងដីល្អជាង។
សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) កំណត់ថា ៨ក្រុមដែលធ្លាក់ពី Champions League នឹងត្រូវសល់កៅអីលេងនៅក្របខណ្ឌទី២អឺរ៉ុប វគ្គ៣២ក្រុម ដោយត្រូវប៉ះក្រុមដែលស្ថិតនៅចំណាត់ថ្នាក់ទី២នៃវគ្គសន្សំពិន្ទុតាមពូល Europa League។
Europa League បានរកឃើញ៣២ក្រុមហើយរួមាន៖
- ក្រុមលេខ១តាមពូលមាន AS Roma, Arsenal, Bayern Leverkusen, Rangers, PSV, Napoli, Leicester City, AC Milan, Villareal, Spurs, Dinamo Zagreb និង Hoffenheim,
- ក្រុមលេខ២តាមពូលមាន Crvena Zvezda, Wolfsberger, Royal anterp, Maccabi Tel-Aviv, Lille, SC Braga, Real Sociedad, Granada, Benfica, Slavia Praha, Molde FK និង Young Boys។
- ក្រុមធ្លាក់ពី Champions League មាន Manchester United Ajax, Salzburg, Shakhtar Donetsk, Shakhtar Donetsk, FC Krasnodar, Club Brugge និង Dynamo Kyiv។