កីឡាជាតិ
ជាតិ
កីឡាការិនី នៅ ស្រី​ពៅ ជឿថា ចាន់ រតនា នឹង​អាច​យកឈ្នះ​លើ​កីឡាករ​ចិន Xie Wei
11, Dec 2020 , 10:58 am        
រូបភាព
ដោយ:
​អ្នកលេង​គុន​ចម្រុះ​ស្ត្រី​ជួរមុខ​របស់​កម្ពុជា​កីឡាការិនី នៅ ស្រី​ពៅ បានដាក់​ក្តី​រំពឹង​ខ្ពស់​លើ​សិស្ស​ច្បង ចាន់ រតនា ក្នុងការ​យកឈ្នះ​កីឡាករ​ចិន Xie Wei នា​ការប្រកួត​គុន​ចម្រុះ​ក្នុង​ព្រឹត្តិការណ៍ ONE: Collision Course នៅ​ប្រទេស​សិង្ហ​បុរី​ខាងមុខនេះ​។ តែ​យ៉ាងណា នាង ទទួលស្គាល់ថា Wei ជា​កីឡាករ​វ័យក្មេង​មាន​សមត្ថ​ភាពខ្លាំង​មួយរូប ដែល​មិនអាច​មើលរំលង​បាន​។

 
​មុន​ជំនួប​រវាង​កីឡាករ ចាន់ រតនា ជាមួយ​អ្នកលេង​គុន​ចម្រុះ​ចិន Xie Wei មកដល់ កីឡាការិនី នៅ ស្រី​ពៅ បាន​មើលឃើញ​ពី​ចំណុចខ្លាំង​របស់​កីឡាករ​ទាំងពីរ​រៀងៗ​ខ្លួន​។ ស្រី​ពៅ ដែល​បាន​មើល​ការប្រកួត​របស់​កីឡាករ​ចិន​រូបនេះ​បាន​អះអាងថា Wei ជា​កីឡាករ​ពូកែ​បទ​បែន ហើយ​មាន​ជំហរ​រឹងមាំ​ល្អ​ទាំង​លើ ទាំង​ក្រោម ជាពិសេស​មាន​កម្លាំង និង​ស៊ុះ​ល្អ​។​
 
​តែ​យ៉ាងណា​ម្ចាស់​មេដាយ​សំរឹទ្ធ​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០១៩ រូបនេះ បានបង្ហាញ​ការជឿជាក់​ខ្ពស់​លើ​សមត្ថភាព​របស់​កីឡាករ ចាន់ រតនា ក្នុងការ​ដណ្តើម​ជ័យជម្នះ​លើក​ទី​៨​របស់ខ្លួន​នៅលើ​ក​នេះ​។ ស្រី​ពៅ វាយតម្លៃថា ការជួប​កីឡាករ Xie Wei ក្នុងការ​ប្រកួត​គុន​ចម្រុះ​នៅ​សិង្ហ​បុរី​លើក​នេះ កីឡាករ ចាន់ រតនា អាចធ្វើ​ការ​ធ្ងន់​ជាង​លើក​មុនៗ​។      
 
«​ខ្ញុំ​សង្ឃឹមលើ​គាត់​(​ចាន់ រតនា​)៧០​ភាគរយ​ក្នុង​ការទទួល​ជ័យជម្នះ​។ ព្រោះ​បង រតនា មាន​ជំហរ​លើ​ច្បាស់​។ ប៉ុន្តែ​លើក​នេះ​គាត់​ត្រូវ​ធ្វើការ​ធ្ងន់​ជាង​លើក​មុន​បន្តិច​។ អ្វីដែល​ខ្ញុំ​បារម្ភ​បំផុត គឺ​ការ​ចាញ់​កម្លាំង​គេ ព្រោះ​កម្លាំង​របស់ Wei ត្រឹម​៣​ទឹក​អី​អត់​ស្រុត​នោះទេ​»​។ នេះ​ជាការ​បង្ហាញ​ក្តី​រំពឹង និង​ក្តីកង្វល់​របស់​កីឡាការិនី នៅ ស្រី​ពៅ​។​
 
​មិន​ខុសគ្នា​ពី​ការយល់ឃើញ​របស់​កីឡាការិនី នៅ ស្រី​ពៅ នោះទេ កីឡាករ ចាន់ រតនា បានចាត់ទុក​បញ្ហា​កម្លាំង​របស់​គូប្រកួត​ជា​ក្តីកង្វល់​សម្រាប់​ខ្លួន​ផងដែរ​។ រតនា ដែល​បាន​មើល​ការ​វីដេអូ​ប្រកួត​របស់ Xie Wei ទទួលស្គាល់ថា ទោះបី​កីឡាករ​ចិន​រូបនេះ​មាន​វ័យ​ប្អូនគេ​ប្រមាណ​១០​ឆ្នាំ​ក៏ដោយ តែ​រូបគេ​មាន​កម្លាំង​និង​ស៊ុះ​ល្អ​។ ប៉ុន្តែ​បើ​បច្ចេកទេស​និង​ស្នៀត​មិនមែនជា​ក្តីបារម្ភ​សម្រាប់​គេ​នោះទេ​។ 
 
​យ៉ាងណាមិញ ម្ចាស់​ក្លិប​ក្បាច់គុន​«​សិល្បៈ​»​រូបគេ​នេះ អះអាងថា តាំងពី​ទទួលបាន​ដំណឹង​ថា ត្រូវ​ប៉ះ​កីឡាករ​ចិន​ខាងលើ រូបគេ​បាន​ព្យាយាម​ហ្វឹកហាត់​យ៉ាងខ្លាំង និង​បាន​មើល​ការប្រកួត​ជាច្រើន​របស់​ដៃគូ ដើម្បី​មើល​ពី​ចំណុចខ្លាំង និង​ខ្សោយ​របស់គេ​។ តែ​យ៉ាងណា រតនា ប្តេជ្ញា​ថា រូបគេ​នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ស្វែងរក​ជ័យជម្នះ​ជូន​ប្រជាពលរដ្ឋ​កម្ពុជា ដ្បិត​ខ្លួន​ត្រៀម​បាន​យ៉ាង​ល្អ​សម្រាប់​ការប្រកួត​មួយ​នេះ​។ 
 
​ជាមួយគ្នានេះ​កីឡាករ ខុន ស៊ី​ចាន់ មិត្ត​រួម​អាជីព​ក្នុង​វិស័យ​កីឡា​គុន​ចម្រុះ​មើលឃើញថា សមត្ថភាព​របស់​កីឡាករ ចាន់ រតនា និង​កីឡាករ​ចិន Xie Wei ប្រហាក់ប្រហែលគ្នា ទាំង​កម្លាំង ស្នៀត និង​ល្បឿន​នៃ​ការ​វាយ​។ ប៉ុន្តែ​កីឡាករ ចាន់ រតនា អាចមាន​ប្រៀប​ជាង បើ​ចូល​វ៉ៃ​កៀក​។    
 
​បើ​និយាយ​ពីបទ​ពិសោធ​កីឡាករ ចាន់ រតនា ធ្លាប់​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ ONE Championship ចំនួន​១០​លើក ក្នុងនោះ​ទទួលបាន​ជ័យជម្នះ​៧​លើក និង​ចាញ់​៣​។ តែ​ក្នុង​បរាជ័យ​ទាំងបី​លើក រតនា ចាញ់​កីឡាករ​ចិន​ពីរលើក​។ ចំណែក​កីឡាករ Xie Wei ធ្លាប់​ឆ្លងកាត់​ការប្រកួត​ចំនួន​៨​លើក ឈ្នះ​៥ និង​ចាញ់​៣​។ 
 
​កីឡាករ ចាន់ រតនា រួមជាមួយ​គ្រូបង្វឹក និង​ក្រុមការងារ​ចាក​ចេញពី​កម្ពុជា​ទៅ​ប្រទេស​សិង្ហ​បុរី​នៅ​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០២០ នេះ ដើម្បី​មាន​ពេល​ហ្វឹកហាត់​ត្រៀម និង​ធ្វើតេស្ត​សុខភាព និង​រក​ជំងឺ​កូ​វីដ​-១៩​។ កីឡាករ​វ័យ​៣៤​ឆ្នាំ​រូបនេះ ត្រូវ​ប្រជែង​ជាមួយ​អ្នកលេង​គុន​ចម្រុះ​ចិន Xie Wei ក្នុង​ព្រឹត្តិការណ៍ ONE: Collision Course នៅ​កីឡដ្ឋាន Singapore Indoor Stadium នា​រាត្រី​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០២០ នៅ​ប្រទេស​សិង្ហ​បុរី​៕   
 
 
 

Tag:
 នៅ ស្រី​ពៅ​
  ចាន់ រតនា​
  ONE Championship
  Xie Wei
© រក្សាសិទ្ធិដោយ thmeythmey.com