សុខភាព
អន្តរជាតិ
វ៉ាក់សាំង Pfizer ទទួលភ្លើងបៃតងពីអ្នកជំនាញឯករាជ្យរបស់ទីភ្នាក់ងារឱសថអាមេរិក ដបវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer ។ រូបភាព AFP
× គណៈកម្មាធិការឯករាជ្យមួយរបស់ទីភ្នាក់ងារស្បៀងអាហារនិងឱសថ (FDA) បានបោះឆ្នោតគាំទ្រការដាក់ឲ្យប្រើប្រាស់ជាបន្ទាន់វ៉ាក់សាំងបង្ការកូវីដ-១៩របស់ក្រុមហ៊ុន Pfizer ។ ការបើកភ្លើងបៃតងនេះ នឹងត្រួសត្រាយផ្លូវសម្រាប់ FDA អនុញ្ញាតឲ្យបើកដំណើរការចាក់វ៉ាក់សាំងនៅទូទាំងសហរដ្ឋអាមេរិក ដែលបច្ចុប្បន្នមានអ្នកស្លាប់២៨,៥ម៉ឺននាក់ហើយដោយសារកូវីដ-១៩ ។
គណៈកម្មាធិការប្រឹក្សាផ្នែកវ៉ាក់សាំងរបស់ទីភ្នាក់ងារ FDA អាមេរិក នៅថ្ងៃទី ១០ ខែធ្នូ បានបោះឆ្នោតគាំទ្រ១៧ ទល់ ៤ សំឡេង ខណៈសមាជិកម្នាក់បោះឆ្នោតអនុប្បវាទលើការប្រើប្រាស់បន្ទាន់។ ការបោះឆ្នោតនេះ ពុំមានអំណាចបង្ខំអ្វីឡើយ តែជាការឯកភាពសម្រាប់ FDA ក្នុងការអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុនPfizer និង BioNTech ។
ក្នុងការបោះឆ្នោតនេះ គណៈកម្មការឯករាជ្យនេះ ទទួលស្គាល់ថា ផលប្រយោជន៍របស់វ៉ាក់សាំង Pfizer មានលើសពីហានិភ័យនៃការចាក់វ៉ាក់សាំងសម្រាប់មនុស្សអាយុចាប់ពី១៦ ឡើងទៅ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។ ទន្ទឹមនេះ គណៈកម្មាធិការនេះ ក៏បានពិភាក្សាជុំវិញកង្វល់ពាក់ព័ន្ធការប្រតិកម្មថ្នាំធ្ងន់ធ្ងរ២ករណី ក្នុងចំណោមអ្នកចាក់វ៉ាក់សាំងក្នុងប្រទេសអង់គ្លេសផងដែរ។
នៅមុនជំនួបនៅថ្ងៃទី១០ ខែធ្នូ ប្រធានទីភ្នាក់ងារ FDA អាមេរិក លោក Steven Hahn បានប្រាប់អ្នកសារព័ត៌មានថា ទីភ្នាក់ងារលោកត្រួតពិនិត្យយ៉ាងប្រុងប្រយ័ត្នទិន្នន័យទាំងអស់របស់វ៉ាក់សាំងរបស់ Pfizer រួមទាំងប្រតិកម្មថ្នាំដែលអាចកើតមាន ក្រោយមានការព្រមានពីអង់គ្លេសផងដែរ។ ត្រង់ចំណុចនេះ លោកនិយាយថា ព័ត៌មានលម្អិតជុំវិញវ៉ាក់សាំងនេះ រួមមាន នរណាដែលគួរចាក់វ៉ាក់សាំង ឬនរណាដែលមិនគួរចាក់វ៉ាក់សាំង នឹងត្រូវបញ្ជាក់ឲ្យដឹង ក្រោយត្រូវបានអនុម័តរួចរាល់។
ក្រោយទទួលបានភ្លើងបៃតងនេះ ទីភ្នាក់ងារសហព័ន្ធ FDA អាមេរិក ត្រូវគេរំពឹងខ្ពស់ក្នុងការអនុញ្ញាតឲ្យប្រើប្រាស់បន្ទាន់នូវវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលអភិវឌ្ឍដោយក្រុមហ៊ុនអាមេរិក Pfizer សហការជាមួយក្រុមហ៊ុនអាល្លឺម៉ង់ BioNTech ឆាប់ៗខាងមុខ។
ក្រុមមន្ត្រីចាត់ចែងកម្មវិធីវ៉ាក់សាំងអាមេរិក (Operation Warp Speed) អះអាងថា ពួកគេ នឹងចាប់ផ្ដើមចែកចាយវ៉ាក់សាំងកូវីដ-១៩តាមបណ្ដាមណ្ឌលសុខភាពនៅទូទាំងអាមេរិក ក្នុងពេល២៤ម៉ោងក្រោយទទួលបានការអនុញ្ញាតឲ្យប្រើប្រាស់ពីសំណាក់ទីភ្នាក់ងារ FDA អាមេរិក។
សូមបញ្ជាក់ថា ក្រុមហ៊ុន Pfizer និង BioNTech កាលពីខែមុន បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងខ្លួន២ដូស មានប្រសិទ្ធភាព ៩៥ភាគរយ បង្ការការឆ្លងជំងឺកូវីដ-១៩ ។ ប្រទេស ៣ ហើយដែលបានអនុម័តវ៉ាក់សាំងនេះឲ្យប្រើប្រាស់បន្ទាន់ គឺមានដូចជា ចក្រភពអង់គ្លេស បារ៉ែន និងកាណាដា។ សម្រាប់អង់គ្លេស បានចាប់ផ្ដើមចាក់ឲ្យពលរដ្ឋខ្លួនហើយក្នុងសប្ដាហ៍នេះ៕
Tag:
Pfizer
FDA
សហរដ្ឋអាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com