ជាតិ
សង្គមជាតិ
ក្រោយចាប់នារីថៃម្នាក់នាំចូលគ្រឿងញៀនជិត៣០គីឡូក្រាម អាជ្ញាធរខ្មែរ ចាប់បុរសថៃម្នាក់ទៀតជាមួយគ្រឿងញៀន៥០គីឡូក្រាម ជនល្មើសជនជាតិថៃជួយដូរគ្រឿងញៀនចូលកម្ពុជា (រូបពីមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន)
× កម្លាំងសមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ បានចាប់បុរសជនជាតិថៃម្នាក់ឈ្មោះ សុរ:ឆៃ ខាំកែវ (SURACHAI KHAMKAEW) អាយុ៣៧ឆ្នាំ ជាមួយគ្រឿងញៀន៥០គីឡូក្រាម ដែលនាំចូលមកពីថៃ។ បុរសជនជាតិថៃរូបនេះ ត្រូវចាប់ខ្លួននៅក្បែរវិមានឈ្នះឈ្នះ ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខ័ណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
គេហទំព័រនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ផ្សាយនៅថ្ងៃទី១០ ខែធ្នូម្សិលមិញថា ប្រតិបត្តិការបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀនឆ្លងដែននេះ គឺដឹកនាំដោយឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជារបស់នាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង លោកនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន។
នគរបាលជាតិ អះអាងថា វត្ថុតាង ដែលសមត្ថកិច្ចចាប់បាន រួមមាន សារធាតុញៀនប្រភេទមេតំហ្វេតាមីន ICE ៥០កញ្ចប់ធំ ដែលទម្ងន់៥០គីឡូក្រាម និង រថយន្ត LEXUS ៤៧០ ពណ៌ទឹកមាស១គ្រឿង។ ប្រភពដដែល បញ្ជាក់ថា បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់។
កាលពីថ្ងៃទី៥ ខែធ្នូ សមត្ថកិច្ច ក៏បានចាប់បានស្ត្រីជនជាតិថៃម្នាក់ដែរ ឈ្មោះ ផាត់ ភុំរតនា
ដែលនាំគ្រឿងញៀនជិត៣០គីឡូក្រាម ចូលមកម្ពុជា។ សមត្ថកិច្ច បានចាប់ស្ត្រីជនជាតិរូបនេះ នៅស្រុកកំរៀង ខេត្តបាត់ដំបង។
របាយការណ៍ពីមន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ហាញថា រយៈពេល៩ខែ គឺចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២០ សមត្ថកិច្ច បង្ក្រាបបានបទល្មើសគ្រឿងញៀនជាង១,៣ពាន់ករណី និងចាប់មនុស្សបាន២,២ពាន់នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com