កីឡាជាតិ
ជាតិ
លោក វ៉ា​ត់ ចំរើន ចាត់ទុក​មរណភាពរ​ប​ស់លោក កែវ ថុ​ន ជាការ​បាត់បង់​ឥស្សរជន​ដ៏​ឆ្នើម​ក្នុង​វិស័យ​កីឡា​
11, Dec 2020 , 11:59 am        
រូបភាព
លោក កែវ ថុន អតីត​កីឡាករ​អត្តពលកម្ម ដែល​ដណ្តើមបាន​មេដាយ​សំរឹទ្ធ​ពី​ព្រឹត្តិការណ៍​កីឡា​មិន​ចូលបក្ស​សម្ព័ន្ធ Asian GANEFO ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​១៩៦៦ ទទួលមរណភាពនៅអាយុ៩១ឆ្នាំ ដោយជរាពាធ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០
លោក កែវ ថុន អតីត​កីឡាករ​អត្តពលកម្ម ដែល​ដណ្តើមបាន​មេដាយ​សំរឹទ្ធ​ពី​ព្រឹត្តិការណ៍​កីឡា​មិន​ចូលបក្ស​សម្ព័ន្ធ Asian GANEFO ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​១៩៦៦ ទទួលមរណភាពនៅអាយុ៩១ឆ្នាំ ដោយជរាពាធ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០
ដោយ:
​ថ្នាក់ដឹកនាំ​កីឡា​កម្ពុជា​បង្ហាញ​មរណទុក្ខ និង​សោកស្តាយ​យ៉ាងខ្លាំង​ចំពោះ​មរណភាព​របស់លោក កែវ ថុ​ន អតីត​ម្ចាស់​មេដាយ​សំរឹទ្ធ​ក្នុង​ព្រឹត្តិការណ៍​កីឡា​មិន​ចូលបក្ស​សម្ព័ន្ធ​អាស៊ី Asian GANEFO នា​ទស្សវត្សរ៍​ឆ្នាំ​១៩៦០​។ មរណភាព​របស់​ព្រឹទ្ធាចារ្យ​រូបនេះ ជាការ​បាត់បង់​ឥស្សរជន​ដ៏​ឆ្នើម​មួយរូប​ក្នុង​វិស័យ​កីឡា និង​ចលនា​អូឡាំពិក​។

 
​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) ចាត់​មរណភាព​របស់​ព្រឹទ្ធាចារ្យ កែវ ថុ​ន ជាការ​បាត់បង់​ធនធាន​ឆ្នើម​មួយរូប​ក្នុង​វិស័យ​កីឡា​កម្ពុជា និង​ចលនា​អូឡាំពិក​។ ការចាត់ទុក​បែបនេះ ដោយសារ​ព្រឹទ្ធាចារ្យ​រូបនេះ ជា​អតីត​កីឡាករ​អត្តពលកម្ម ដែល​ដណ្តើមបាន​មេដាយ​សំរឹទ្ធ​ពី​ព្រឹត្តិការណ៍​កីឡា​មិន​ចូលបក្ស​សម្ព័ន្ធ Asian GANEFO ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​១៩៦៦​។ 
 
​អគ្គលេខាធិការ NOCC រូបនេះ​បាន​រៀបរាប់​បន្ថែមថា លោក កែវ ថុ​ន មិន​ត្រឹមតែ​ជា​កីឡាករ​កម្ពុជា​ឆ្នើម​លើ​ឆាក​អន្តរជាតិ​នោះទេ លោក ក៏​ជា​គ្រូបង្វឹក​កីឡាអត្តពលកម្ម​ដ៏​មាន​ប្រជាប្រិយ ដែល​ធ្លាប់​បង្ហាត់​កូនសិស្ស​ជាច្រើនរូប​ផងដែរ​។ លោក​ជា​បុគ្គល​សកម្ម​មួយរូប​ក្នុង​ចលនា​អូឡាំពិក ដោយបាន​រួមចំណែក​ផ្តួចផ្តើម​បង្កើត NOCC ក្នុងអំឡុង​ឆ្នាំ​១៩៨៤​។ លើសពីនេះ លោក បាន​ជួយ​ឲ្យ NOCC ដែល​រង​ការព្យួរ​បេក្ខភាព ឲ្យ​ទទួលបាន​ការទទួលស្គាល់​ជា​លើក​ទី​ពីរ​ពី​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​។ 
 
​លោក វ៉ា​ត់ ចំរើន បន្ថែមទៀតថា NOCC នឹង​ចងចាំ​ជានិច្ច​នូវ​វីរភាព ស្នាដៃ និង​គុណូបការៈ​របស់លោក កែវ ថុ​ន ដែល​បាន​ជួយ​លើកស្ទួយ​វិស័យ​កីឡា​កម្ពុជា និង​ចលនា​អូឡាំពិក​។ 
 
​លោក កែវ ថុ​ន បានទទួល​មរណភាព​ក្នុង​វ័យ​៩១​ឆ្នាំ ដោយ​ជរាពាធ​កាលពី​ព្រឹក​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០២០​។ មរណភាព​របស់លោក​បានធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ​យុវជន​និង​កីឡា NOCC និង​អតីត​កីឡាករ​ជំនាន់​លោក ក៏ដូចជា​កីឡាករ​ជំនាន់​ក្រោយ សោកស្តាយ​យ៉ាងខ្លាំង​ចំពោះ​ការបាត់បង់​ឥស្សរជន​ឆ្នើម​រូបនេះ​៕  
 
 
 

Tag:
 វ៉ា​ត់ ចំរើន​
  កែវ ថុ​ន
© រក្សាសិទ្ធិដោយ thmeythmey.com