ជាតិ
បោះឆ្នោត
ខុមហ្វ្រែល នឹងធ្វើសវនកម្មលើបញ្ជីបោះឆ្នោតរបស់គ.ជ.ប នៅឆ្នាំ២០២០
× ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចឲ្យអង្គការខុមហ្វ្រែល (COMFREL) ធ្វើសវនកម្មលើបញ្ជីបោះឆ្នោត ឆ្នាំ២០២០។ អង្គការខុមហ្វ្រែល បានស្នើដល់ គ.ជ.ប សុំបញ្ជីឈ្មោះបោះឆ្នោតដំបូង និងសុំកិច្ចសម្របសម្រួលជាមួយថ្នាក់ក្រោមជាតិ ដើម្បីធ្វើសវនកម្មបញ្ជីបោះឆ្នោត ឆ្នាំ២០២០ កាលពីថ្ងៃទី៦ វិច្ឆិកា។
បើតាមគ.ជ.ប អង្គការខុមហ្វ្រែល នឹងចាប់ផ្ដើមដំណើរការសវនកម្មលើបញ្ជីបោះឆ្នោត នៅចន្លោះ ខែធ្នូ ឆ្នាំ២០២០ ដល់ខែមករា ឆ្នាំ២០២១។ សេចក្តីប្រកាសព័ត៌មានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចុះថ្ងៃទី១១ ធ្នូ បានអះអាងដូច្នេះថា៖«គ.ជ.ប តែងតែសហការជាមួយគ្រប់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ហើយនេះ គឺជាការបើកទូលាយប្រកបដោយតម្លាភាព ក្នុងការវាយតម្លៃទៅលើគុណភាព និងប្រសិទ្ធភាព នៃបញ្ជីបោះឆ្នោត ដើម្បីឱ្យបញ្ជីបោះឆ្នោតឆ្នាំ២០២០ កាន់តែមានភាពពេញលេញ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាព»។
ក្នុងដំណើរការសវនកម្មបញ្ជីបោះឆ្នោតនេះ គ.ជ.ប ក៏បានស្នើសុំឱ្យតំណាងអង្គការខុមហ្វ្រែល និងមន្ត្រីនៃលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោតទាំងអស់ ចូលរួមសហការ និងអនុវត្តវិធានការនានាស្របតាមគោលការណ៍របស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ដែលកំពុងតែរីករាលដាលក្នុងប្រទេសកម្ពុជា ក៏ដូចជាទូទាំងពិភពលោក។
សម្រាប់បញ្ជីបោះឆ្នោតផ្លូវការសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ នឹងត្រូវធ្វើការបិទផ្សាយនៅ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ។
កាលពីឆ្នាំ២០១៩ អង្គការខុមហ្វ្រែល ក៏បានធ្វើសវនកម្មលើបញ្ជីបោះឆ្នោតដែរ ដោយបានវាយតម្លៃថា បញ្ជីបោះឆ្នោត គ.ជ.ប ឆ្នាំ២០១៩ មានភាពល្អប្រសើររហូតដល់ ៩៩.៧ភាគរយ ហើយបានរកឃើញឈ្មោះស្ទួន តែ ៤៤ ឈ្មោះប៉ុណ្ណោះ ។ ក្រោយរកឃើញបញ្ហានេះ គ.ជ.ប ក៏បានដោះស្រាយឈ្មោះស្ទួនទាំងនោះរួចរាល់ ទៅតាមករណីនីមួយៗ។ នេះជាការអះអាងរបស់គ.ជ.ប៕
© រក្សាសិទ្ធិដោយ thmeythmey.com