ជាតិ
អ្នកស្រី ឆាយ ស៊ីវ​លីន​៖ វិស័យ​ទេសចរណ៍​កាន់តែ​ពិបាក​ងើបឡើង ដោយសារ​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​
11, Dec 2020 , 9:29 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ វិស័យ​ទេសចរណ៍​កម្ពុជា ទើប​ងើប​ឡើងវិញ​បាន​បន្តិច​ប៉ុណ្ណោះ ក្រោយ​មានការ​ឈប់សម្រាក​រយៈ​ពេល​វែង ប៉ុន្តែ​ក្រោយ​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា វិស័យនេះ នឹង​អាច​ទទួលរង​ផលប៉ះពាល់​កាន់តែ​ធ្ងន់ធ្ងរ​ជាង​មុន ហើយក៏​ពិបាក​ងើបឡើង​វិញ​ដែរ​។ នេះ​ជាការ​អះអាង​របស់​អ្នកស្រី ឆាយ ស៊ីវ​លីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​។​



​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ចូល​សហគមន៍ បាន​ក្លាយជា​បញ្ហា​ប្រឈម​មួយ​សម្រាប់​វិស័យ​ទេសចរណ៍​ក្នុងប្រទេស​កម្ពុជា​។ ចាប់តាំងពី​ថ្ងៃ​មានការ​ឆ្លង​ចូល​សហគមន៍​មក តំបន់​ទេសចរណ៍​មួយចំនួន បាន​បាត់​ភ្ញៀវទេសចរ​ជាច្រើន ឬ​ស្ទើរ​ទាំងស្រុង​តែម្តង​។ សម្រាប់​បញ្ហា​នេះ អ្នកស្រី ឆាយ ស៊ីវ​លីន យល់ឃើញថា វិស័យ​ទេសចរណ៍​កម្ពុជា នឹង​ជួប​បញ្ហា​ធ្ងន់ធ្ងរ ដែល​អាច​ពិបាក​ងើបឡើង​វិញ​។​


 
​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​រូបនេះ បានលើកឡើង​ដូច្នេះ​ថា​៖ « ពេល​បាត់​ទេសចរ​បរទេស ធ្វើ​ឲ្យ​ប៉ះពាល់ មួយខែ​បន្តិចៗ កាន់តែខ្លាំង​ទៅៗ ប៉ុន្តែ​បន្ទាប់ពី​មានការ​ជំរុញ​ទេសចរណ៍ ក្នុងស្រុក អាចជួយ​ដល់​វិស័យ​ទេសចរណ៍​បាន​ខ្លះ​។ ដោយឡែក​កាល​ថ្ងៃ​២៨ វិច្ឆិកា កន្លងមក​មានការ​រីក​រាលដាល​ចូល​សហគមន៍ ក៏បាន​ធ្វើ​ឲ្យ​វិស័យ​ទេសចរណ៍​យើង​មានការ​ធ្លាក់ចុះ​ទៅវិញ​។ យើង​មើលឃើញថា ការ​ដួល​លើក​នេះ ពិបាក​នឹង​ងើប​។ លើក​មុន​យើង​សំអាង​លើ​ភ្ញៀវទេសចរ​ក្នុងស្រុក ឥឡូវ​ទេសចរ​ក្នុងស្រុក​អត់​ទៀត ដោយសារ​វា​ជា​ការរីក​រាលដាល​ដល់​សហគមន៍ ចឹ​ង​យើង​ប៉ះពាល់​យ៉ាងខ្លាំង » ។​
 
​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ចូល​សហគមន៍​នេះ អាចធ្វើ​ឲ្យ​វិស័យ​ទេសចរណ៍​កម្ពុជា មាន​ផលប៉ះពាល់​ច្រើន​ដូចជា ការបិទទ្វា​អាជីវកម្ម​ទេសចរណ៍ ការបាត់​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍ ជួប​ហានិភ័យ​កង្វះ​ការងារ​ធ្វើ របស់​បុគ្គលិក​ដែល​បម្រើការ​ក្នុង​អាជីវកម្ម​ទេសចរណ៍​ដែល​បាន​បិទទ្វា និង​អាច​ជួប​បញ្ហា​បំណុល​។ នេះ​ជាការ​បន្ថែម​របស់លោក​ស្រី ឆាយ ស៊ីវ​លីន ។​


 
​លោកស្រី​បាន​បន្តទៀតថា ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍​នេះ ក៏បាន​រាំងស្ទះ​ក្នុង ការអនុវត្ត​វិធានការណ៍ Travel Bubble របស់​ក្រសួងទេសចរណ៍ ដែល​អនុញ្ញាតិ​ឲ្យ​ភ្ញៀវទេសចរ​មកពី​កន្លែង​មាន​សុវត្ថិភាព អាច​ដើរ​កម្សាន្ត​ក្នុងប្រទេស​កម្ពុជា​បាន​។ លោកស្រី​បញ្ជាក់​ដូច្នេះ​ថា​៖ « ការអនុវត្ត Travel Bubble នេះ​លុះត្រា​មានការ​ព្រមព្រៀង​រវាង ប្រទេស​ដែល​យើង​ចង់​អនុវត្ត​វិធានការ​នេះ​។ បើសិន​យើង​មាន​ការរីក​រាលដាល​កើនឡើង​រហូត​អ៊ីចឹង គេ​ក៏​អត់​ហ៊ាន​ធ្វើ​កុងត្រា​ក្នុងការ​បញ្ជូន​ភ្ញៀវ​មក​យើង​ដែរ ហើយ​យើង​ទៅ​គេ​វិញ​ក៏​គេ​មិន​ហ៊ាន​ទទួល​ដែល »​។​


អ្នកស្រី_ឆាយ_ស៊ីវលីន_ប្រធានសមាគមទីភ្នាក់ងាទេសចរណ៍កម្ពុជា 

​អ្នកស្រី ឆាយ ស៊ីវ​លីន បានលើកឡើង​ផងដែរ​ថា ក្នុងការ​ដោះស្រាយ​បញ្ហា​នេះ មិនអាច​រង់ចាំ​រហូត​ដល់​មាន​វ៉ាក់សាំង​នោះទេ តែ​អ្វីដែល​យើង​ធ្វើបាន គឺ​រួមគ្នា​ទប់ស្កាត់​ការ ឆ្លង​ជំងឺ​កូ​វីដ​-១៩ បន្តទៀត ដើម្បី​ឲ្យ​ភ្ញៀវទេសចរ​ក្នុងស្រុក អាច​ដើរ​កម្សាន្ត​ឡើងវិញ​។​
 
​សូមជម្រាបថា គិត​មកដល់​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២០​នេះ ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា​កើន​ដល់ ៣៥៦​ករណី ដោយ​ក្នុងនោះ​មាន​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា ចំនួន​៣៩​នាក់​។ ចំនួន​អ្នកជា​សះស្បើយ​មាន​ចំនួន​៣០៧ ករណី និង​អ្នក​ដែល​កំពុង​សម្រាក​ព្យាបាល​មាន ៣៦​នាក់​នាក់ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ សូ​វៀត និង​១៣​នាក់​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​៕
 

Tag:
 ឆាយ សៀវ​លីន​
  ទេសចរណ៍​
  កូ​វីដ​-១៩
  ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com