COVID-19
អន្តរជាតិ
កូរ៉េខាងត្បូង ពង្រាយ​យោធា​នៅ​សេ​អ៊ូ​ល​ដើម្បី​ជួយ​ទប់ទល់​ការកើនឡើង​ករណី​ឆ្លង​កូ​វីដ​-១៩
11, Dec 2020 , 3:44 pm        
រូបភាព
​កូរ៉េខាងត្បូង នឹង​ព​ង្រោ​យ​បុគ្គលិក​យោធា នៅក្នុង​ទីក្រុង​សេ​អ៊ូ​ល និង​តំបន់​ជុំវិញ​ដើម្បី​ជួយ​សម្រួល​បុគ្គលិក​សុខាភិបាល ក្នុង​ទប់ស្កាត់​ការ​កើន​ឡើ​ន​ករណី​ឆ្លង​នៃ​កូ​វីដ​-១៩ ។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap នៅ​ថ្ងៃទី​១១ ខែធ្នូ​។ ការឈាន​ដល់​កា​រព​ង្រោ​យ​យោធា​នៅក្នុង​ទីក្រុង​បែបនេះ ធ្វើឡើង​ស្របពេល​ករណី​ឆ្លង​កូ​វីដ​-១៩ កំពុង​ហក់​ឡើង និង​ខ្វះ​កន្លែង​ព្យាបាល​អ្នកជំងឺ​នៅក្នុង​ទីក្រុង​។

 
​មួយរយៈ​ចុងក្រោយ​នេះ កូរ៉េ​ខាង​ខាងត្បូង បាន​កើនឡើង​ករណី​ឆ្លង​កូ​វីដ​-១៩ ជាថ្មី ជាពិសេស​នៅក្នុង​ទីក្រុង​សេ​អ៊ូ​ល និង​តំបន់​ជុំវិញ​ដូចជា​ខេត្ត​Gyeonggi និង​ទីក្រុង​កំពង់ផែ Incheon ។ ករណី​ឆ្លង​នៅ​ថ្ងៃទី​១១ ខែធ្នូ មាន​ចំនួន ៦៧៣​ករណី ខណៈ​អ្នក​ស្លាប់មាន​ចំនួន ៨​នាក់​។ ការកើនឡើង​ករណី​ឆ្លង​បែបនេះ បានធ្វើ​ឲ្យ​អាជ្ញាធរ​កូរ៉េខាងត្បូង ត្រូវ​បង្កើន​កន្លែង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ បន្ថែមទៀត ដោយ​ច្នៃ​កុង​ទី​ណឺ សម្រាប់​ដាក់​ព្យាបាល​អ្នកជំងឺ​នៅក្នុង​ទីក្រុង​សេ​អ៊ូ​ល​។ ចំណែក​អ្នកជំងឺ ដែលមាន​ស្ថានភាព​ធ្ងន់ធ្ងរ បាន​កើន​ដល់​ជិត​១៧០​នាក់​ផងដែរ​។ 
 
​ដើម្បី​ជួយ​សម្រួលការ​ទប់ស្កាត់​កូ​វីដ​-១៩ ជាមួយ​បុគ្គលិក​សុខាភិបាល លោក Chung Sye-kyun នាយករដ្ឋមន្ត្រី​កូរ៉េខាងត្បូង បាន​អះអាងថា លោក​បាន​បញ្ជា​ឲ្យ​ពង្រាយ​កងកម្លាំង​យោធា ប៉ូលិស មន្ត្រី​រដ្ឋាភិបាល​ចំនួន ៨០០​នាក់ នៅក្នុង​ទីក្រុង​សេ​អ៊ូ​ល ដើម្បី​តាមដាន ក៏ដូចជា​ទប់ស្កាត់​ការឆ្លង​កូ​រ៉ូ​ណាវី​រុស​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​Yonhap លោកនាយក​រដ្ឋមន្ត្រី​បាន​បន្តថា បុគ្គលិក​សុខាភិបាល បាន​ខិតខំ​យ៉ាងខ្លាំង ដើម្បី​ស្វែងរក​អ្នក​ឆ្លង​កូ​វីដ​-១៩​។ ដើម្បី​យកឈ្នះ​លើ​ជំងឺ​រាតត្បាត​នេះ ការបញ្ជូន​កម្លាំងយោធា គឺ​សំខាន់បំផុត​ក្នុងការ​ការពារ​ករណី​ឆ្លង​។ 
 
​ដោយសារតែ​ករណី​ឆ្លង​បែបនេះ រដ្ឋាភិបាល​កូរ៉េខាងត្បូង បាន​អនុវត្ត​ការរក្សា​គម្លាត​សុវត្ថិភាព​ទៅ​កម្រិត​២,៥ នៅក្នុង​តំបន់​មួយចំនួន និង​ប្រាប់​ឲ្យ​ប្រជាជន​របស់ខ្លួន​ប្រុងប្រយ័ត្ន​ពី​ករណី​ឆ្លង​។ បន្ថែម​ពីលើ​នេះ រដ្ឋាភិបាល ក៏​ត្រៀម​បង្កើត​កន្លែង​ធ្វើតេស្តរ​កកូ​វីដ​-១៩ ចំនួន ១៥០​កន្លែង​នៅក្នុង​ទីក្រុង​ផងដែរ​។ 
 
​សូមបញ្ជាក់ថា ករណី​ឆ្លង​កូ​វីដ​-១៩ សរុប​របស់​កូរ៉េខាងត្បូង មាន​ចំនួន ៤០៧៨៦​ករណី និង​អ្នក​ស្លាប់មាន​ចំនួន ៥៧២​នាក់​។ ចំណែក​អ្នកជា​សះស្បើយ​មាន​ចំនួន ៣១១៥៧​នាក់​៕

Tag:
 កូរ៉េខាងត្បូង​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com