ជាតិ
ក្រសួង​វប្បធម៌ បន្ត​បិទ​សារមន្ទីរ រោងភាពយន្ត និង​រោង​សម្ដែង​គ្រប់​ប្រភេទ ខណៈ​ស្ថានភាព​កូ​វីដ​-១៩ មិន​ថមថយ​
11, Dec 2020 , 4:24 pm        
រូបភាព
​ភ្នំពេញ​៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បន្ត​បិទ​សារមន្ទីរ រោងភាពយន្ត និង​រោង​សម្ដែង​សិល្បៈ​គ្រប់​ប្រភេទ​នៅ​ទូទាំងប្រទេស ជា​បណ្ដោះអាសន្ន ។ ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​។ នេះ​បើតាម​ក្រសួង​វប្បធម៌ នៅ​ថ្ងៃទី​១១ ធ្នូ​។


​មូល​ហេតុដែល​ក្រសួង​មិនទាន់​អាច​អនុញ្ញាត​ឲ្យ​កន្លែង​សម្ដែង​ទាំងនោះ បើក​ដំណើរ​ឡើងវិញ​នេះ ដោយសារ​មើលឃើញ​ពី​ផលប៉ះពាល់​នៃ​ជំងឺ​កូ​វីដ​-១៩ នៃ​«​ព្រឹត្តិការណ៍​សហគមន៍​២៨ វិច្ឆិកា​» នៅតែ​បន្ត​រីក​រាលដាល​ទៅក្នុង​សហគមន៍ និង​ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នេះ​។ ក្រសួង​វប្បធម៌ នឹង​ជូនដំណឹង​ជាថ្មី នៅពេលដែល​ស្ថានភាព​ធូរស្រាល​។​
 
​អ្នក​កើត​កូ​វីដ​-១៩ ពី​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា ឡើងដល់​៤០​នាក់ ក្នុងនោះ​មាន​ប្រុស​២១​នាក់ ស្រី​១៩​នាក់​។ ការ​តេស្ត​លើក​ទី​៣​សម្រាប់​អ្នកពាក់ព័ន្ធ ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១២ ខែធ្នូ នៅ​ក្រសួងមហាផ្ទៃ កីឡដ្ឋាន​ជាតិ​អូឡាំពិក និង​ទីតាំង​ផ្សេងៗ​ទៀត​ដែល​បានកំណត់​។​
 
​សរុប​នៅ​កម្ពុជា​ទាំងមូល អ្នក​កើត​កូ​វីដ​-១៩ មាន​ចំនួន​៣៥៧​នាក់ ក្នុងនោះ​៣០៧​នាក់ បានជា​សះស្បើយ​។ អ្នកជំងឺ​ដែល​កំពុង​សម្រាក​ព្យាបាល មាន​៣៧​នាក់​នៅ​ពេទ្យ​មិត្តភាព​ខ្មែរ សូ​វៀត និង​១៣​នាក់​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​៕

Tag:
 ក្រសួង​វប្បធម៌​
  សិល្បៈ​
  ភាពយន្ត​
  សារមន្ទីរ​
© រក្សាសិទ្ធិដោយ thmeythmey.com