កីឡាជាតិ
ជាតិ
​ជឺ​ជី​តស៊ូ តេ​ក្វាន់​ដូ ប៉េតង់ ស្ថិតក្នុង​ប្រភេទ​កីឡា​ជិត​៣០ ដែល​កម្ពុជា​ត្រៀម​សម្រាប់​ស៊ី​ហ្គេម​នៅ​វៀតណាម​
11, Dec 2020 , 11:29 pm        
រូបភាព
រូបភាពពី Cambodia SEA Games 2023
រូបភាពពី Cambodia SEA Games 2023
ដោយ:
​កម្ពុជា​គ្រោង​បញ្ជូន​កីឡា​ជិត​៣០​ប្រភេទ ដើម្បី​ចូលរួម​ប្រជែង​ដណ្តើម​មេដាយ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នៅ​ប្រទេស​វៀតណាម​ក្នុង​ឆ្នាំ​២០២១​។ ក្នុងចំណោម​ប្រភេទ​កីឡា​ទាំងនេះ កីឡា​សក្តានុពល​មួយចំនួន ដែល​ធ្លាប់​ដណ្តើម​មេដាយមាស​កម្រិត​អាស៊ាន អាស៊ី និង​ពិភពលោក ក៏មាន​វត្តមាន​ផងដែរ​។ សម្រាប់​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​វៀតណាម កម្ពុជា​រំពឹង​ដណ្តើមបាន​មេដាយ​ច្រើនជាង​នៅ​ប្រទេស​ហ្វីលីពីន​។

 
​កីឡា​សក្តានុពល​មួយចំនួន​រួមមាន​ជឺ​ជិត​ស៊ូ តេ​ក្វាន់​ដូ WT ប៉េតង់ និង​វ៉ូ​វី​ណា​ម​ជាដើម ស្ថិតក្នុង​ចំណោម​កីឡា​ជិត​៣០​ប្រភេទ ដែល​កម្ពុជា​ត្រៀម​បញ្ជូនទៅ​ចូលរួម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣១​នៅ​វៀតណាម នា​ឆ្នាំ​២០២១​។ វត្តមាន​កីឡា​ទាំងនេះ រួមជាមួយ​កីឡា​សក្តានុពល​ជាច្រើន​ទៀត បាន​បង្កើន​ទំនុកចិត្ត​កាន់​ខ្ពស់​សម្រាប់​អត្ត​ព​លិ​ក​កម្ពុជា ក្នុងការ​ប្រជែង​ដណ្តើម​មេដាយ​។ 
 
​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បានដាក់​ក្តី​រំពឹង​ខ្ពស់​លើ​សមត្ថភាព​អត្ត​ព​លិ​កក​ម្ពុ​ក្នុងការ​ប្រជែង​ដណ្តើម​មេដាយ​ពី​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នៅ​ឆ្នាំក្រោយ​។ លោក​ជឿជាក់ថា​ស៊ី​ហ្គេម​នៅ​វៀតណាម​អត្ត​ព​លិ​ក​កម្ពុជា​នឹង​អាច​ដណ្តើមបាន​មេដាយ​ច្រើនជាង​ស៊ី​ហ្គេម​លើក​ទី​៣០​នៅ​ប្រទេស​ហ្វីលីពីន​។ 
 
​កត្តា​ដែល​ធ្វើ​ឲ្យ លោក ហ៊ាន​ដាក់​ក្តី​រំពឹង​បែបនេះ ដោយសារ​កីឡា​ជិត​៣០​ប្រភេទ ដែល​កម្ពុជា​គ្រោង​បញ្ជូនទៅ​ប្រកួត​ភាគច្រើន ជា​កីឡា​មាន​សក្តានុពល​ខ្ពស់​ក្នុងការ​ប្រជែង​ដណ្តើម​មេដាយ​។ ជាក់ស្តែង កីឡា​ជឺ​ជិត​ស៊ូ ដែលមាន​កីឡាការិនី​ខ្មែរ​-​អាមេរិក ខាន់ ចេ​សា ធ្លាប់​ដណ្តើមបាន​មេដាយមាស​ក្នុងការ​ប្រកួត​កីឡា​អាស៊ី​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​កាលពី​ឆ្នាំ​២០១៨​។ រីឯ​កីឡា​ប៉េតង់ និង​តេ​ក្វាន់​ដូ WT រួមជាមួយ​គុន​ខ្មែរ និង​កីឡា​មួយចំនួនទៀត សុទ្ធសឹង​ធ្លាប់​ដណ្តើមបាន​មេដាយ​ក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេម​។ 
 
​ទន្ទឹមនឹងនេះ លោក វ៉ា​ត់ ចំរើន បានបង្ហាញ​ក្តីកង្វល់​ចំពោះ​ការខកខាន​ហ្វឹកហាត់​របស់​ក្រុម​កីឡាករ​កីឡាការិនី​ជម្រើសជាតិ​ជា​បន្តបន្ទាប់ ដោយសារ​ការឆ្លង​រីក​រាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ ព្រោះ​លោក​យល់ថា ការអាក់ខាន​នេះ​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការអភិវឌ្ឍន៍​បច្ចេកទេស និង​សមត្ថភាព​របស់​កីឡាករ ទោះបី​ពួកគេ​ហ្វឹកហាត់​នៅតាម​ផ្ទះ​ដោយ​ខ្លួនឯង​ក៏ដោយ​។     
 
​លោក​បាន​សង្កត់ធ្ងន់ថា​៖«​សម្រាប់​ការហ្វឹកហាត់​ត្រៀម​ស៊ី​ហ្គេម​២០២១ នៅ​វៀតណាម ក្រុម​ជម្រើសជាតិ​នៃ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​តែងតែ​ហ្វឹកហាត់​ជាប់លាប់​ជាប្រចាំ ដែល​ធ្វើ​ឲ្យ​កម្រិត​នៃ​ការហ្វឹកហាត់​របស់គេ​មានការ​រីកចម្រើន​ល្អ ប៉ុន្តែ​បើ​ប្រៀបធៀប​នឹង​ក្រុម​ជម្រើសជាតិ​កម្ពុជា​ដែល​មិន​ហ្វឹកហាត់​ប្រមូលផ្តុំ​នេះ គឺមាន​គម្លាត​ឆ្ងាយ​ពីគ្នា​»​។  
 
​លោក​បាន​បន្ថែមថា​៖«​នេះ​គឺជា​បញ្ហា​ធំ ដែល​យើង​ខ្វល់ខ្វាយ​មែនទែន ដែល​កម្រិត​នៃ​ក្រុម​ជម្រើសជាតិ​គេ​រុលទៅមុខ រីឯ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ថយក្រោយ នេះ​ជា​កង្វល់​ដ៏​ធំ​នៅក្នុង​កម្រិត​ជំនាញ​បច្ចេកទេស​របស់​យើង​»​។​
 
​អគ្គលេខាធិការ NOCC រូបនេះ​អះអាងថា កម្ពុជា​ត្រូវបាន​ម្ចាស់ផ្ទះ​វៀតណាម​ផ្តល់​សិទ្ធិ​ក្នុងការ​ដឹកនាំ និង​គ្រប់គ្រង​លើ​ការរៀបចំ​ការប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ ដែល​គេ​ដាក់ឈ្មោះ​«Muay»​។ លោក​ចាត់ទុកថា នេះ​ជា​ចំណុច​វិជ្ជមាន​មួយ​សម្រាប់​កម្ពុជា​ក្នុងការ​មានប្រៀប​ក្នុងការ​ប្រជែង​ដណ្តើម​មេដាយ​។ ក្នុងន័យនេះ លោក អះអាងថា មិនមែន​កម្ពុជា​ដឹកនាំ​ការរៀបចំ ហើយ​ធ្វើ​ឲ្យ​មាន​ភាព​ក្នុងការ​កាត់ក្តី​នោះទេ​។  
 
​សម្រាប់​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០​នៅ​ប្រទេស​ហ្វីលីពីន​កាលពី​ឆ្នាំ​២០១៩ កម្ពុជា​ដណ្តើមបាន​មេដាយមាស​៤ ប្រាក់​៦ និង​សំរឹទ្ធ​៣៦ ដោយ​ឈរ​ចំណាត់ថ្នាក់​លេខ​៨​លើ​ឡាវ ព្រុយ​ណេ និង​ទី​ម័​រ​ខាងកើត​។ ចំណែក​ម្ចាស់ផ្ទះ​ហ្វីលីពីន​ឈរ​កំពូល​តារាង​ក្រោយ​ដណ្តើមបាន​មេដាយមាស​១៤៩ ប្រាក់​១១៧ និង​សំរឹទ្ធ​១២១ ខណៈ​វៀតណាម​ឈរ​លេខ​២(​មាស​៩៨, ប្រាក់​៨៥, សំរឹទ្ធ​១០៥) រីឯ​ថៃ​ឈរ​លេខ​៣(​មាស​៩២, ប្រាក់​១០៣, សំរឹទ្ធ​១២៣)៕ 
 
 

Tag:
 SEA Games 2021
  វ៉ា​ត់ ចំរើន​
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com