ជាតិ
សង្គមជាតិ
សណ្ឋាគារ​«​ទែ​រូ​» មាន​អាយុកាល​២០​ឆ្នាំ​នៅ​រតនគិរី ប្រឈម​បិទទ្វារ ដោយសារ​ការពង្រីក​ផ្លូវ​របស់​អាជ្ញាធរ​
11, Dec 2020 , 5:29 pm        
រូបភាព
​ភ្នំពេញ​៖ គម្រោង​ពង្រីក​ផ្លូវ​របស់​អាជ្ញាធរ នៅ​តំបន់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី ដើម្បី​លើកកម្ពស់​វិស័យ​ទេសចរណ៍ បាន​ប៉ះពាល់​ដល់ផ្ទះ​និង​អាជីវកម្ម​របស់​ពលរ​ដ្ឋ​ចំនួន​៤៥​គ្រួសារ​។ ក្នុងចំណោម​ផ្ទះ​និង​អាជីវកម្ម​របស់​ពលរ​ដ្ឋ​ដែល​បាន​រងគ្រោះ​ពី​ការពង្រីក​ផ្លូវ​នេះ មាន​សណ្ឋាគារ​ទែ​រូ​(Terres Rouges Hotel) ដែល​បាន​បើក​ដំណើរការ​អស់​រយៈពេល​២១​ឆ្នាំ​មកហើយ​នោះ បាន​រង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ឈានដល់​ការបិទទ្វារ ផងដែរ​។

 
​បើតាម​ម្ចាស់​សណ្ឋាគារ​ទែ​រូ លោកស្រី  ខៃ ចិន្តា ការពង្រីក​ផ្លូវ​របស់រ​អាជ្ញាធរខេត្ត​រតនគិរី​បានធ្វើឱ្យ​ប៉ះពាល់​ដល់​រប​ង​នៅ​ជុំវិញ​សណ្ឋាគារ​នេះ​ចំនួន​៤៨០​ម៉ែត្រ និង​ប៉ះពាល់​ដល់​ជម្រៅ​នៃ​សណ្ឋាគារ ជាង១​ម៉ែត្រ​ អាស្រ័យ​ទៅតាម​ទីកន្លែង​ផ្សេងៗ នៅក្នុង​បរិវេណ​សណ្ឋាគារ​។ ទីកន្លែង​នៃ​សណ្ឋាគារ ដែល​រង​ប៉ះពាល់​ពី​គម្រោង​ពង្រីក​ផ្លូវ​របស់​អាជ្ញាធរ​នោះ ក្រៅពី​របង​សណ្ឋាគារ គឺមាន​រានហាល​, ច្រកចូល​-​ចូល​ភោជនីយដ្ឋាន​, បន្ទប់ទទួលភ្ញៀវ​, ការិយាល័យ​, ផ្ទះបាយ និង​បឹង​ហ្គា​ឡូ​, កន្លែង​លក់​វត្ថុ​អនុស្សាវរីយ ...ជាដើម ដោយ​គ្មាន​ទទួលបាន​ប្រាក់​សំណង​ពី​អាជ្ញាធរ​ឡើយ​។ 
 

 
«​គម្រោង​ពង្រីក​ផ្លូវ​មួយ​នេះ បាន​ប៉ះពាល់​ដល់​រចនាសម្ព័ន្ធ​សណ្ឋាគារ​ទែ​រូ​ទាំងស្រុង​»​។ នេះ​ជាការ​លើកឡើង​របស់លោក​ស្រី  ខៃ ចិន្តា ដោយ​បន្ត​រៀបរាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា​៖«​ធម្មតា​សំណង់​ធំ​ដែល​យើង​ធ្វើឡើង គឺ​តែងតែមាន​ប្លង់​មេ ហើយ​ដល់ពេល​សំណង់​យើង​ខូចខាត​ឬ​ដូរ​ទ្រង់ទ្រាយ​ណាមួយ គឺ​ប៉ះពាល់​ដល់​សម្ព័ន្ធ​សណ្ឋាគារ​ទាំងអស់​តែម្តង​»​។ 
 
​ម្ចាស់សណ្ឋាគារ​ទែ​រូ​ លើ​ផ្ទៃដី​១១,៧៥៤​ម៉ែត្រការ៉េ ដែល​ស្ថិតនៅក្នុង​បាន​លុង ខេត្តរតនគិរី​រូបនេះ បាន​បញ្ជាក់ថា ​អ្នកស្រី​បាន​ទិញដីនេះ ​ពី​ឯកជន​និង​មាន​ប្លង់​កម្មសិទ្ធិ​ត្រឹមត្រូវ​ពី​អាជ្ញាធរ​ដែនដី ។ អ្នកស្រី បានសាងសង់​សណ្ឋាគារ​នេះ ​នា​ឆ្នាំ​១៩៩១ ដោយ​មិនមាន​អាជ្ញាធរ​រូប​ណា​ប្រាប់ថា ដីសណ្ឋាគារនេះ ស្ថិតនៅក្នុង​គម្រោង​អភិវឌ្ឍ​ណាមួយ​របស់​ខេត្ត​ឡើយ​។ 
 
​លោកស្រី  ខៃ ចិន្តា ពេញ​ចិត្តនឹង​គម្រោង​ពង្រីក​ផ្លូវ​របស់​អាជ្ញាធរ ក្នុង​គោលដៅ​លើកកម្ពស់​វិស័យ​ទេសចរណ៍​ខេត្តរតនគិរី ប៉ុន្តែ​ការអភិវឌ្ឍ​ផ្លូវ​នេះ វាបានធ្វើឱ្យ​ប៉ះពាល់​ខ្លាំងពេក​ដល់​សណ្ឋាគារ​ទែ​រូ ដែល​ខិតខំ​ចូលរួមចំណែក​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តរតនគិរី​។ 
 
​អ្នកស្រី ក៏បាន​ស្នើ​យ៉ាងទទូច​ដល់​អាជ្ញាធរខេត្ត សូម​ពង្វាង​នៃ​ការពង្រីក​ផ្លូវ​នេះ ចំពោះ​សណ្ឋាគារ​ទែ​រូ​ផ្ទាល់ ដែល​សុទ្ធសឹង​ជា​សំណង់​ប្រណិត និង​មាន​ផែនការមេ​ក្នុងការ​សាងសង់ឡើង​។​
 
​ពាក់ព័ន្ធ​នឹង​គម្រោង​ពង្រីក​ផ្លូវ​ក្នុង​តំបន់​បឹង​កន្សែង​ដើម្បី​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នេះ លោក ថង សាវុន អភិបាលខេត្ត​រតនគិរី បាន​លើកឡើងថា គឺ​អនុវត្ត​ទៅតាម​ផែនការមេ និង​ប្លង់គោល​របស់​ខេត្ត​។ អភិបាលខេត្ត​រូបនេះ បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​យ៉ាងខ្លី​តាម​ទូរ​សព្ទ នា​រសៀល​ថ្ងៃទី​១១​ធ្នូ ឆ្នាំ​២០២០​ដូច្នេះ​៖« មាន​ពលរដ្ឋ​ចំនួន​៩០​ភាគរយ​ហើយ ដែល​ចូលរួម​និង​ស្ម័គ្រចិត្ត​រុះរើ​នូវ​សំណង់​នានា​របស់ខ្លួនៗ ដែល​បាន​ស្ថិតនៅក្នុង​គម្រោង​ពង្រីក​ផ្លូវ​នេះ​»៕

Tag:
 សណ្ឋាគារ​
  រតនៈគិរី​
© រក្សាសិទ្ធិដោយ thmeythmey.com