អន្តរជាតិ
នយោបាយអន្តរជាតិ
Brexit៖ លោក ចនសុន ប្រាប់ឲ្យអង់គ្លេសត្រៀមខ្លួនចេញពីអឺរ៉ុបដោយគ្មានកិច្ចព្រមព្រៀងពាណិជ្ជកម្ម នាយករដ្ឋមន្ត្រីអង់គ្លេស បូរីស ចនស៊ុន ផ្ដល់បទសម្ភាសដល់អ្នកសារព័ត៌មាន ក្រោយជំនួបជាមួយគណៈរដ្ឋមន្ត្រីអង់គ្លេស កាលពីថ្ងៃទី ១០ ខែធ្នូ ។ រូបពីAFP
× ក្រោយចរចាអស់ជាង១០ខែមក នាយករដ្ឋមន្ត្រីអង់គ្លេស បូរីស ចនសុន បានបញ្ជាក់ពីលទ្ធភាពខ្ពស់ដែលចក្រភពអង់គ្លេស នឹងបរាជ័យក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មក្រោយ Brexit ជាមួយសហភាពអឺរ៉ុប (EU) ។ ថ្ងៃទី១៣ ខែធ្នូ នឹងក្លាយជាថ្ងៃចុងក្រោយដែលភាគីទាំងពីរសម្រេចថាគួរបន្តចរចាតទៅទៀត ឬបោះបង់ចោលត្រឹមនេះ។ បើគ្មានកិច្ចព្រមព្រៀងណាមួយទេនោះ ទាំង EU និងអង់គ្លេស នឹងប្រឈមមុខវិបត្តិដ៏ធំក្នុងទំនាក់ទំនងក្រោយ Brexit ។
លទ្ធភាពដែលអង់គ្លេសចាកចេញពីអឺរ៉ុបនៅចុងឆ្នាំ២០២០ ដោយគ្មានកិច្ចព្រមព្រៀងកំណត់ទំនាក់ទំនងពាណិជ្ជកម្ម មានភាគរយកាន់តែខ្ពស់ ខណៈភាគីទាំងពីរ មិនទាន់អាចឈានដល់ចំណុចរួមលើកិច្ចព្រមព្រៀងនៅឡើយ។ នាយករដ្ឋមន្ត្រី លោក បូរីស ចនសុន បានជួបមេដឹកនាំអឺរ៉ុបក្នុងសប្ដាហ៍ សំដៅស្វែងរកឲ្យបានកិច្ចព្រមព្រៀងមួយ តែជំនួបនេះ មិនចេញផ្លែផ្កាអ្វីច្រើនឡើយ ដោយអ្នកទាំងពីរ បង្ហាញជំហរផ្ទុយគ្នាស្រឡះ។
ថ្លែងក្រោយជំនួបជាមួយគណៈរដ្ឋមន្ត្រីនៅថ្ងៃទី១០ ខែធ្នូ លោកនាយករដ្ឋមន្ត្រីអង់គ្លេស បានបញ្ជាក់ថា ឥឡូវនេះគឺដល់ពេលហើយដែលក្រុមហ៊ុននិងពលរដ្ឋអង់គ្លេសលក្ខណៈសម្រាប់ជីវិតក្រោយការលែងលះជាមួយ EU ដោយគ្មានកិច្ចព្រមព្រៀងពាណិជ្ជកម្ម។
មែនទែនទៅ ពេលវេលា ក៏ខិតកៀកហើយដើម្បីបង្កើតកិច្ចព្រមព្រៀងមួយ មុនពេលដែលចក្រភពអង់គ្លេសឈប់គោរពតាមច្បាប់ពាណិជ្ជកម្មរបស់ EU នាថ្ងៃទី ៣១ ខែធ្នូ ខាងមុខ ពោលគឺសល់តែជា៣សប្ដាហ៍ប៉ុណ្ណោះ។ ក្នុងការចរចាតឹងសរសៃកជាច្រើនសប្ដាហ៍ ភាគីទាំងពីរ បរាជ័យក្នុងការជម្នះឧបសគ្គមួយចំនួន ដូចជា ក្បួនច្បាប់នៃការប្រកួតប្រជែង និងសិទ្ធិក្នុងការនេសាទត្រីជាដើម ។
ទោះជាបែបនេះ លោក ចនសុន បានប្តេជ្ញាឲ្យមន្ត្រីចរចារបស់លោកប្រឹងប្រែងឲ្យអស់សមត្ថភាពដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ ហើយលោកផ្ទាល់ ត្រៀមខ្លួនធ្វើដំណើរទៅជួបមេដឹកនាំប្រទេសផងដែរដើម្បីស្រោចស្រង់ការចរចា។
ប្រសិនបើថ្ងៃអាទិត្យសប្ដាហ៍នេះ EU និងអង់គ្លេស សម្រេចបោះបង់ចោលកិច្ចចរចាមែននោះ ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ២០២១ តទៅ អង់គ្លេស នឹងធ្វើពាណិជ្ជកម្មជាមួយ EU ដោយគោរពតាមច្បាប់អង្គការពាណិជ្ជកម្មពិភពលោក ហើយនេះមានន័យថា ការត្រួតពិនិត្យនៅច្រកព្រំដែន និងពន្ធគយ នឹងត្រូវដាក់អនុវត្តចំពោះទំនិញដែលដឹកជញ្ជូនរវាងអង់គ្លេសនិង EU។ នេះមិនមែនជាអ្វីដែលភាគីទាំងចង់បានឡើយ។
តាមពិតទៅ ចក្រភពអង់គ្លេសបានចាកចេញពីផ្លូវការពីសហភាពអឺរ៉ុប តាំងពីថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២០ មកម្ល៉េះ។ ភាគីទាំងពីរ ត្រូវការពេលវេលាដើម្បីចរចាកិច្ចព្រមព្រៀងមួយសម្រាប់ជីវិតក្រោយការលែងលះនេះ ឬហៅថាដំណើរការអន្តរកាល ពោលគឺជជែកលើវិស័យស្នូលរាប់ចាប់តាំងពីបញ្ហាសន្តិសុខ និងពាណិជ្ជកម្ម។
Tag:
ចក្រភពអង់គ្លេស
EU
បូរីស ចនស៊ុន
Brexit
© រក្សាសិទ្ធិដោយ thmeythmey.com