អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
Brexit៖ លោក ច​ន​សុន ប្រាប់​ឲ្យ​អង់គ្លេស​ត្រៀមខ្លួន​ចេញពី​អឺរ៉ុប​ដោយ​គ្មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​
11, Dec 2020 , 5:59 pm        
រូបភាព
នាយករដ្ឋមន្ត្រីអង់គ្លេស បូរីស ចនស៊ុន ផ្ដល់បទសម្ភាសដល់អ្នកសារព័ត៌មាន ក្រោយជំនួបជាមួយគណៈរដ្ឋមន្ត្រីអង់គ្លេស កាលពីថ្ងៃទី ១០ ខែធ្នូ ។ រូបពីAFP
នាយករដ្ឋមន្ត្រីអង់គ្លេស បូរីស ចនស៊ុន ផ្ដល់បទសម្ភាសដល់អ្នកសារព័ត៌មាន ក្រោយជំនួបជាមួយគណៈរដ្ឋមន្ត្រីអង់គ្លេស កាលពីថ្ងៃទី ១០ ខែធ្នូ ។ រូបពីAFP
ដោយ:
​ក្រោយ​ចរចា​អស់​ជាង​១០​ខែ​មក នាយករដ្ឋមន្ត្រី​អង់គ្លេស បូរី​ស ច​ន​សុន បានបញ្ជាក់​ពី​លទ្ធភាព​ខ្ពស់​ដែល​ចក្រភព​អង់គ្លេស នឹង​បរាជ័យ​ក្នុងការ​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ក្រោយ Brexit ជាមួយ​សហភាព​អឺរ៉ុប (EU) ។ ថ្ងៃទី​១៣ ខែធ្នូ នឹង​ក្លាយជា​ថ្ងៃ​ចុងក្រោយ​ដែល​ភាគី​ទាំងពីរ​សម្រេច​ថា​គួរ​បន្ត​ចរចា​តទៅទៀត ឬ​បោះបង់ចោល​ត្រឹមនេះ​។ បើ​គ្មាន​កិច្ចព្រមព្រៀង​ណាមួយ​ទេនោះ ទាំង EU និង​អង់គ្លេស នឹង​ប្រឈមមុខ​វិបត្តិ​ដ៏​ធំ​ក្នុង​ទំនាក់ទំនង​ក្រោយ Brexit ។

 
​លទ្ធភាព​ដែល​អង់គ្លេស​ចាកចេញ​ពី​អឺរ៉ុប​នៅ​ចុងឆ្នាំ​២០២០ ដោយ​គ្មាន​កិច្ចព្រមព្រៀង​កំណត់​ទំនាក់ទំនង​ពាណិជ្ជកម្ម មាន​ភាគរយ​កាន់តែ​ខ្ពស់ ខណៈ​ភាគី​ទាំងពីរ មិនទាន់​អាចឈាន​ដល់​ចំណុចរួម​លើ​កិច្ចព្រមព្រៀង​នៅឡើយ​។ នាយករដ្ឋមន្ត្រី លោក បូរី​ស ច​ន​សុន បាន​ជួប​មេដឹកនាំ​អឺរ៉ុប​ក្នុង​សប្ដាហ៍ សំដៅ​ស្វែងរក​ឲ្យ​បាន​កិច្ចព្រមព្រៀង​មួយ តែ​ជំនួប​នេះ មិន​ចេញ​ផ្លែផ្កា​អ្វី​ច្រើន​ឡើយ ដោយ​អ្នក​ទាំងពីរ បង្ហាញ​ជំហរ​ផ្ទុយគ្នា​ស្រឡះ​។ 
 
​ថ្លែង​ក្រោយ​ជំនួប​ជាមួយ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃទី​១០ ខែធ្នូ លោកនាយក​រដ្ឋមន្ត្រី​អង់គ្លេស បាន​បញ្ជាក់ថា ឥឡូវនេះ​គឺ​ដល់ពេល​ហើយ​ដែល​ក្រុមហ៊ុន​និង​ពលរដ្ឋ​អង់គ្លេស​លក្ខណៈ​សម្រាប់​ជីវិត​ក្រោយ​ការ​លែងលះ​ជាមួយ EU ដោយ​គ្មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​។​
 
​មែនទែនទៅ ពេលវេលា ក៏​ខិត​កៀក​ហើយ​ដើម្បី​បង្កើត​កិច្ចព្រមព្រៀង​មួយ មុន​ពេលដែល​ចក្រភព​អង់គ្លេស​ឈប់​គោរព​តាមច្បាប់​ពាណិជ្ជកម្ម​រប​ស់ EU នា​ថ្ងៃទី ៣១ ខែធ្នូ ខាងមុខ ពោលគឺ​សល់​តែ​ជា​៣​សប្ដាហ៍​ប៉ុណ្ណោះ​។ ក្នុង​ការចរចា​តឹងសរសៃក​ជាច្រើន​សប្ដាហ៍ ភាគី​ទាំងពីរ បរាជ័យ​ក្នុងការ​ជម្នះ​ឧបសគ្គ​មួយចំនួន ដូចជា ក្បួនច្បាប់​នៃ​ការប្រកួតប្រជែង និង​សិទ្ធិ​ក្នុងការ​នេសាទ​ត្រី​ជាដើម ។ 
 
​ទោះជា​បែបនេះ លោក ច​ន​សុន បាន​ប្តេជ្ញា​ឲ្យ​មន្ត្រី​ចរចា​របស់លោក​ប្រឹងប្រែង​ឲ្យ​អស់​សមត្ថភាព​ដើម្បី​ឈានដល់​កិច្ចព្រមព្រៀង​មួយ ហើយ​លោក​ផ្ទាល់ ត្រៀមខ្លួន​ធ្វើដំណើរ​ទៅ​ជួប​មេដឹកនាំ​ប្រទេស​ផងដែរ​ដើម្បី​ស្រោចស្រង់​ការចរចា​។ 
 
​ប្រសិនបើ​ថ្ងៃអាទិត្យ​សប្ដាហ៍​នេះ EU និង​អង់គ្លេស សម្រេច​បោះបង់ចោល​កិច្ចចរចា​មែន​នោះ ចាប់ពី​ថ្ងៃទី ១ ខែមករា ឆ្នាំ​២០២១ តទៅ អង់គ្លេស នឹងធ្វើ​ពាណិជ្ជកម្ម​ជាមួយ EU ដោយ​គោរព​តាមច្បាប់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ហើយ​នេះ​មានន័យថា ការត្រួតពិនិត្យ​នៅ​ច្រកព្រំដែន និង​ពន្ធគយ នឹងត្រូវ​ដាក់​អនុវត្ត​ចំពោះ​ទំនិញ​ដែល​ដឹកជញ្ជូន​រវាង​អង់គ្លេស​និង EU​។ នេះ​មិនមែនជា​អ្វីដែល​ភាគី​ទាំង​ចង់​បានឡើយ​។ 
 
​តាមពិតទៅ ចក្រភព​អង់គ្លេស​បាន​ចាក​ចេញពី​ផ្លូវការ​ពី​សហភាព​អឺរ៉ុប តាំងពី​ថ្ងៃទី ៣១ ខែមករា ឆ្នាំ​២០២០ មកម្ល៉េះ​។ ភាគី​ទាំងពីរ ត្រូវការ​ពេលវេលា​ដើម្បី​ចរចា​កិច្ចព្រមព្រៀង​មួយ​សម្រាប់​ជីវិត​ក្រោយ​ការ​លែងលះ​នេះ ឬ​ហៅថា​ដំណើរការ​អន្តរកាល ពោលគឺ​ជជែក​លើ​វិស័យ​ស្នូល​រាប់​ចាប់តាំងពី​បញ្ហា​សន្តិសុខ និង​ពាណិជ្ជកម្ម​។ 
 

Tag:
 ចក្រភព​អង់គ្លេស​
  EU
  បូរី​ស ច​ន​ស៊ុន​
  Brexit
© រក្សាសិទ្ធិដោយ thmeythmey.com