បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
អ្នកស្រុកភ្នំក្រវាញ ចែករំលែកវិធីដាំក្រូចពោធិ៍សាត់ឲ្យមានរសជាតិឆ្ងាញ់ និងបានទិន្នផលខ្ពស់
12, Dec 2020 , 8:59 am        
រូបភាព
ដោយ:
ពោធិ៍សាត់៖ លោក ឃុន សុភាព ជាអ្នកដាំក្រូច ស្ថិតនៅឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានដាំដំណាំក្រូច ២០ឆ្នាំមកហើយ លើផ្ទៃដី ២០ហិកតា។ ឆ្លងកាត់បទពិសោធ ២ទសវត្សរ៍ ក្នុងការដាំក្រូចពោធិ៍សាត់ លោក ឃុន សុភាព បានប្រាប់សារព័ត៌មាន ThmeyThmey25 ថា ដើម្បីដាំក្រូចពោធិ៍សាត់ទទួលបានរសជាតិឆ្ងាញ់ និងទិន្នផលខ្ពស់ គួរដឹងនូវកត្តាមួយចំនួន ដូចជា សណ្ឋានដី ពូជ និងការប្រើប្រាស់ជី។



ដើម្បីជ្រាបច្បាស់សូមអញ្ជើញទស្សនាបទសម្ភាសន៍រវាងកញ្ញា ផាត ដាណេ អ្នកសារព័ត៌មានThmeyThmey25 ជាមួយលោក ឃុន សុភាព ដូចតទៅ៖

លោក ឃុន សុភាព បានពន្យល់ដូច្នេះថា ការជ្រើសរើសសណ្ឋានដី ក្នុងការដាំដំណាំក្រូចពោធិ៍សាត់ ពិតជាសំខាន់ ដើម្បីឲ្យទទួលបានទិន្នផលខ្ពស់ និងមានរសជាតិផ្អែមឆ្ងាញ់ គឺត្រូវជ្រើសប្រភេទដីដែលនៅមាត់បឹង ឬស្ទឹង និងប្រភេទដីល្បាយខ្សាច់ សាកសមជាមួយដំណាំ។ ជានិច្ចកាលដើមក្រូចដែលដាំនៅខេត្តពោធិ៍សាត់ គឺមានការបង្កាត់ពូជរវាងក្រូចឆ្មារជប៉ុន និងក្រូចពោធិ៍សាត់ ដែលធ្វើឲ្យក្រូចឆាប់ផ្លែ និងពុំចាំបាច់ប្រើកម្លាំងច្រើនក្នុងការថែទាំដូចដាំកូននោះទេ។ រីឯ ការប្រើប្រាស់មិនមានភាពចាំបាច់សម្រាប់ដំណាំក្រូច យើងអាចប្រើជីធម្មជាតិតិចបំផុត តែថាប្រើប្រាស់ជីខុស អាចប៉ះពាល់ដល់គុណភាពក្រូចផងដែរ។

ម្ចាស់ចម្ការក្រូចពោធិ៍សាត់រូបនេះ បានបញ្ជាក់ថា ការដាំក្រូចត្រូវត្រួតពិនិត្យដើមក្រូច ឲ្យបានញឹកញាប់ ដើម្បីតាមដានពីស្ថានភាពជំងឺរបស់ក្រូច បើសិនក្រូចមានស្លឹកលឿង មានន័យថា ដើមក្រូចកំពុងមានបញ្ហា។

លោក ឃុន សុភាព បញ្ជាក់បន្ថែមថា សម្រាប់ដំណាំក្រូចពោធិ៍សាត់ ដែលបង្កាត់ពូជ រយៈពេល ៤ឆ្នាំ ប៉ុណ្ណោះនឹងទទួលបានផល។ ជាមធ្យមទិន្នផលក្រូចពោធិ៍សាត់ មួយដើមទទួលបានទិន្នផលក្រូចពី ៨ផ្លូន ទៅ មួយស្លឹក។ បច្ចុប្បន្ន ទីផ្សារក្រូចពោធិ៍សាត់ ហាក់មានការចាប់អារម្មណ៍ខ្លាំង ពីពលរដ្ឋខ្មែរ ក្នុងមួយថ្ងៃមានការនាំចេញក្រូចពោធិ៍សាត់ប្រមាណ១០ឡានទៅ ២០ឡានក្នុងមួយថ្ងៃ។ សម្រាប់ក្រូចពោធិ៍សាត់ដែលមានរសជាតិផ្អែមឆ្ងាញ់គឺនៅចន្លោះពីខែឧសភា ដល់ ខែវិច្ឆិកា តែបើអាកាសធាតុមានការប្រែប្រួល រសជាតិក្រូចក៏ប្រែប្រួល៕



 



© រក្សាសិទ្ធិដោយ thmeythmey.com