ជាតិ
សង្គមជាតិ
អាជ្ញាធរជាតិអប្សរាសម្រេចផ្អាកកិច្ចប្រជុំអាយស៊ីស៊ី-អង្គរ នៅពាក់កណ្ដាលខែនេះ
12, Dec 2020 , 10:40 am        
រូបភាព
ទិដ្ឋភាពកិច្ចប្រជុំរបស់គណៈកម្មាធិការអន្ដរជាតិអាយស៊ីស៊ី-អង្គរ នាអំឡុងខែធ្នូ ឆ្នាំ២០១៩។ រូបភាព៖ អាជ្ញាធរជាតិអប្សរា
ទិដ្ឋភាពកិច្ចប្រជុំរបស់គណៈកម្មាធិការអន្ដរជាតិអាយស៊ីស៊ី-អង្គរ នាអំឡុងខែធ្នូ ឆ្នាំ២០១៩។ រូបភាព៖ អាជ្ញាធរជាតិអប្សរា
ដោយ: ថ្មីៗ
សៀមរាប៖ អាជ្ញាធរជាតិអប្សរា បានសម្រេចផ្អាកកិច្ចប្រជុំរបស់គណៈកម្មាធិការអន្ដរជាតិអាយស៊ីស៊ី-អង្គរ (ICC-Angkor) ដែលគ្រោងរៀបចំឡើងនៅពាក់កណ្ដាលខែធ្នូ ស្របពេលដែលកម្ពុជាកំពុងប្រឈមនឹងការឆ្លងរីករាលដាលព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា។



កិច្ចប្រជុំបច្ចេកទេសលើកទី៣៤ និងសម័យប្រជុំពេញអង្គលើកទី២៧  នៃគណៈកម្មាធិការអន្ដរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្ដអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ ដែលគ្រោងរៀបចំនៅពាក់កណ្ដាលខែធ្នូនេះ ត្រូវបានលើកពេលទៅថ្ងៃក្រោយ។ នេះជាខ្លឹមសារក្នុងសេចក្ដីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា ដែលចេញផ្សាយនៅថ្ងៃទី១១ ខែធ្នូ។

ក្នុងសេចក្ដីជូនដំណឹងនោះប្រាប់ថា មូលហេតុនៃការសម្រេចលើកពេលកិច្ចប្រជុំដែលគ្រោងរៀបចំតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១៥ និងទី១៦ ខែធ្នូ នៅសណ្ឋាគារ ស៊ូហ្វីតែល អង្គរភូគីត្រា ខេត្តសៀមរាប គឺស្របតាមការណែនាំពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមទប់ស្កាត់ការរីករាយដាលជំងឺកូវីដ១៩។ ជាមួយគ្នានោះ ការសម្រេចនេះ ក៏មានការឯកភាពពី សហប្រធានទាំងពីរនៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ (បារាំង និងជប៉ុន) ការិយាល័យអង្គការយូណេស្កូប្រចាំរាជធានីភ្នំពេញ ផងដែរ។ អាជ្ញាធរជាតិអប្សរា នឹងជូនដំណឹងជាថ្មី ចំពោះកាលបរិច្ឆេទខាងលើនេះ។

គួរបញ្ជាក់ថា ដោយសារវិបត្តិជំងឺកូវីដ១៩ ធ្វើឱ្យគណៈកម្មាធិការអន្ដរជាតិអាយស៊ីស៊ី-អង្គរ ខកខានកិច្ចប្រជុំដែលតែងធ្វើជាទៀងទាត់មួយឆ្នាំពីរដងរបស់ខ្លួន ដែលលើកទីមួយក្នុងអំឡុងខែ មិថុនា និងលើកទីពីរអំឡុងខែ ធ្នូ។ មុនរាល់កិច្ចប្រជុំ គឺតែងមានក្រុមអ្នកជំនាញការអាដហុក ឬអ្នកជំនាញការចំពោះកិច្ចរបស់គណៈកម្មាធិការនេះ តែងចុះត្រួតពិនិត្យតាមការដ្ឋាននានាជុំវិញរមណីយដ្ឋានអង្គរ។ ការចុះពិនិត្យនេះ គឺដើម្បីតាមដាន និងផ្តល់យោបល់បន្ថែម លើសំណើរនានាដែលអ្នកជំនាញស្នើដើម្បីសុំការជួសជុល ឬកែលម្អតាមការដ្ឋាន។ល៕




Tag:
 កិច្ចប្រជុំអាយស៊ីស៊ី-អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com