អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
តុលាការកំពូលអាមេរិក បដិសេធបណ្ដឹងរដ្ឋ Texas ដែលចង់កែជ័យជម្នះលោក បៃឌិន
12, Dec 2020 , 11:15 am        
រូបភាព
ដោយ:
តុលាការកំពូលអាមេរិក នៅថ្ងៃទី ១១ ខែធ្នូ បានបដិសេធបណ្ដឹងរដ្ឋ Texas ដែលគាំទ្រដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ ដោយបណ្ដឹងនេះព្យាយាមផាត់ចោលលទ្ធផលឆ្នោតក្នុងរដ្ឋ៤ ដែលលោក ចូ បៃឌិន ឈ្នះ។



អត្ថបទទាក់ទង


តុលាការកំពូលអាមេរិក បានសម្រេចទាត់ចោលបណ្ដឹងរដ្ឋ Texas ដែលព្យាយាមលើកសំណុំរឿងកេងបន្លំការបោះឆ្នោតក្នុងរដ្ឋ Georgia, Michigan, Pennsylvania និង Wiscosin ទៅជំនុំជម្រះដោយផ្ទាល់នៅតុលាការកំពូល។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters តុលាការដែលមានចៅក្រុម៩នាក់នេះ បានអះអាងថា រដ្ឋ Texas ពុំមានមូលដ្ឋានច្បាប់គ្រប់គ្រាន់ដើម្បីគាំទ្រការលើកឡើងរបស់ខ្លួនឡើយ។

ចៅក្រុមមាននិន្នាការអភិរក្សនិយម២នាក់ រួមមាន Samuel Alito និង Clarence Thomas បាននិយាយថា ពួកគេនឹងអនុញ្ញាតរដ្ឋ Texas ប្ដឹង តែនឹងមិនរាំងខ្ទប់ការរដ្ឋទាំង៤ ពីការសម្រេចជាផ្លូវការលទ្ធផលអ្នកឈ្នះរបស់ពួកគេឡើយ។

ចំពោះពាក្យបណ្ដឹងដែលដាក់ដោយរដ្ឋ Texas កាលពីថ្ងៃទី ៨ ខែធ្នូ ប្រឆាំងរដ្ឋទាំង៤នេះ លោក ត្រាំ បានស្នើសុំតុលាការកំពូលធ្វើអន្តរាគមន៍ និងក្លាយជាដើមបណ្ដឹងផងដែរ។ នៅថ្ងៃទី ១០ ខែធ្នូ រដ្ឋទាំងបួននេះ បានប្ដឹងទៅតុលាការកំពូល ស្នើឲ្យចៅក្រមបដិសេធបណ្ដឹងនេះ ដែលពួកគេអះអាងថាគ្មានមូលដ្ឋានច្បាប់។

សូមបញ្ជាក់ថា ពាក្យបណ្ដឹងរបស់រដ្ឋ Texas លើកឡើងថា ការកែប្រែនីតិវិធីបោះឆ្នោតពីសំណាក់រដ្ឋទាំង៤ រួមមាន Georgia, Michigan, Pennsylvania និង Wisconsin ក្នុងកាលៈទេសៈជំងឺកូវីដ-១៩ ដោយពង្រីកការបោះឆ្នោតតាមរយៈប្រៃសណីយ៍ ជារឿងខុសច្បាប់។

ដោយឈរលើមូលដ្ឋាននេះ រដ្ឋ Texas បានស្នើសុំឲ្យតុលាការកំពូលរាំងខ្ទប់ភ្លាមៗរដ្ឋទាំង៤នេះ កុំឲ្យប្រើប្រាស់លទ្ធផលការបោះឆ្នោតពួកគេទៅតែងតាំងប្រតិភូបោះឆ្នោត ដែលនឹងគាំទ្រលោក ចូ បៃឌិន នោះ។ ម្យ៉ាងខណៈរដ្ឋទាំង៤ដែលរងពាក្យបណ្ដឹងពីបក្សសាធារណដ្ឋ មានប្រតិភូតំណាងបូកបញ្ចូលគ្នាដល់ ៦២ រដ្ឋ Texas ក៏បានស្នើសុំតុលាការកំពូលអាមេរិកលើកពេលបោះឆ្នោតរបស់ប្រតិភូបោះឆ្នោត ដែលគ្រោងរៀបចំឡើងនាថ្ងៃទី ១៤ ខែធ្នូផងដែរ។

រដ្ឋ Texas ជារដ្ឋកាន់កាប់ដោយបក្សសាធារណរដ្ឋ ចំណែករដ្ឋទាំង៤នេះ ជារដ្ឋដែលបក្សប្រជាធិបតេយ្យលោក បៃឌិន ឈ្នះ។ ខណៈចាញ់ឆ្នាំ២០២០ ទល់លោក បៃឌិន លោក ត្រាំ ដែលជាបេក្ខជនបក្សសាធារណរដ្ឋ បានឈ្នះឆ្នោតក្នុងរដ្ឋទាំង៤នេះ កាលពី៤ឆ្នាំមុន។

លោក ចូ បៃឌិន បានឈ្នះប្រតិភូបោះឆ្នោតរហូតដល់ ៣០៦ ទល់នឹងលោក ដូណាល់ ត្រាំ មានតែ២៣២។ តាមរដ្ឋធម្មនុញ្ញអាមេរិក បេក្ខជនប្រធានាធិបតី ត្រូវការយ៉ាងតិច ២៧០ ប្រតិភូបោះឆ្នោតដើម្បីគ្រងសេតវិមានអាមេរិក៕



© រក្សាសិទ្ធិដោយ thmeythmey.com