អន្តរជាតិ
នយោបាយអន្តរជាតិ
អាមេរិក អនុម័តវ៉ាក់សាំងបង្ការកូវីដ-១៩ Pfizer ឲ្យប្រើប្រាស់បន្ទាន់
× សហរដ្ឋអាមេរិក បានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩របស់ក្រុមហ៊ុន Pfizer នៅថ្ងៃទី ១១ ខែធ្នូ ខណៈការចាក់វ៉ាក់សាំង រំពឹងរៀបចំឡើងក្នុងពេលឆាប់ៗខាងមុខនេះ។ ការបើកភ្លើងបៃតងនេះ គឺជាចំណុចរបត់មួយក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលបច្ចុប្បន្នសម្លាប់មនុស្ស២៩២ ០០០នាក់ ក្នុងសហរដ្ឋអាមេរិក។
ទីភ្នាក់ងារស្បៀងអាហារនិងឱសថអាមេរិក (FDA) គូសបញ្ជាក់ថា ខ្លួនបានអនុញ្ញាតឲ្យប្រើប្រាស់បន្ទាន់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer សហការជាមួយក្រុមហ៊ុនអាល្លឺម៉ង់ BioNTech ដែលបង្ហាញថា មានប្រសិទ្ធភាព ៩៥ភាគរយបង្ការជំងឺកូវីដ-១៩។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ទីភ្នាក់ងារ FDA និយាយថា វ៉ាក់សាំង អាចផ្ដល់ឲ្យមនុស្សអាយុចាប់ពី១៦ ឡើងទៅ ខណៈបុគ្គលិកសុខាភិបាល និងមនុស្សវ័យចំណាស់ រំពឹងថាជាក្រុមហ៊ុនអាទិភាពក្នុងចំណោមវ៉ាក់សាំង២,៩លានដូសដំបូង។
«ការចាក់វ៉ាក់សាំងដំបូង នឹងត្រូវរៀបចំក្នុងពេលតិចជាង២៤ម៉ោង»។ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បញ្ជាក់បែបនេះ ក្នុងវីដេអូ ដែលបង្ហោះលើ Twitter មុននឹងបន្ថែមថា លោកនឹងធានាថាវ៉ាក់សាំងនេះ នឹងចាក់ដោយឥតគិតថ្លៃសម្រាប់ពលរដ្ឋអាមេរិកទាំងអស់ ។
មែនទែនទៅ រដ្ឋាភិបាលអាមេរិក ធ្លាប់បានអះអាងថា ខ្លួននឹងចាប់ផ្ដើមចែកចាយវ៉ាក់សាំងនៅជុំវិញប្រទេសភ្លាមៗ ក្រោយទទួលបានការអនុញ្ញាតឲ្យប្រើប្រាស់ពីសំណាក់ទីភ្នាក់ងារ FDA ហើយរំពឹងថា ការចាក់វ៉ាក់សំាំងដំបូង នឹងកើតឡើងនាសប្ដាហ៍ក្រោយនេះ។ ទន្ទឹមនេះ ពលរដ្ឋអាមេរិក រាប់លាននាក់ អាចផ្ដើមទទួលបានវ៉ាកសាំងក្នុងខែនេះ ជាពិសេស ប្រសិនបើវ៉ាក់សាំងទី២ ពីក្រុមហ៊ុនអាមេរិក Moderna ត្រូវអនុម័តឲ្យប្រើឆាប់រហ័សនោះ។
វ៉ាក់សាំង Pfizer/BioNTech ត្រូវបានអនុម័តឲ្យប្រើប្រាស់មុនេគេដោយចក្រភពអង់គ្លេសកាលពីខែនេះ ហើយពលរដ្ឋអង់គ្លេសបានចាប់ផ្ដើមទទួលបានការចាក់វ៉ាក់សាំងនេះហើយកាលពីថ្ងៃអង្គារសប្ដាហ៍នេះ។ កាណាដា ក៏បានអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងនេះផងដែរ ហើយរំពឹងនឹងផ្ដើមចាក់នាសប្ដាហ៍ក្រោយ។ ម៉ិកស៊ិក និងបារ៉ែន ក៏បានអនុម័តវ៉ាក់សាំងនេះផងដែរ។
សូមបញ្ជាក់ថា រដ្ឋាភិបាលអាមេរិក បានបញ្ជាទិញវ៉ាក់សាំង Pfizer ១០០លានដូស គ្រប់គ្រាន់សម្រាប់ចាក់មនុស្ស៥០លាននាក់ ហើយពិចារណាទិញបន្ថែមទៀត។ លើសពីនេះ សហរដ្ឋអាមេរិក ក៏យល់ព្រមទិញវ៉ាក់សាំង Moderna ២០០លានដូលផងដែរ ខណៈក៏មានកិច្ចព្រមព្រៀងផ្គត់ផ្គង់ជាមួយក្រុមហ៊ុនវ៉ាក់សាំងដទៃទៀតដែលបង្ហាញប្រសិទ្ធភាពខ្ពស់ផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com